បរទេស៖ រដ្ឋាភិបាលចក្រភពអង់គ្លេសគ្រោងនឹងផ្ដល់ប្រាក់ឱ្យប្រជាជននៅក្នុងតំបន់ដែលមានសីតុណ្ហភាពត្រជាក់ខ្លាំង ដើម្បីទុកជាការព្យាបាលជំងឺផ្ដាសាយ ​និងចំណាយការប្រើប្រាស់ថាមពលបន្ថែមទៀតដើម្បីកំដៅក្នុងផ្ទះរបស់ពួកគេ។

កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២២ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា រដ្ឋាភិបាលអង់គ្លេស គ្រោងនឹងផ្តល់ជំនួយដល់ប្រជាជនដែលកំពុងជួបនឹងភាពត្រជាក់ខ្លាំងក្នុងសប្តាហ៍នេះ បន្ទាប់ពីសីតុណ្ហភាពធ្លាក់ចុះនៅតំបន់ជាច្រើនក្នុងប្រទេសដល់ក្រោមចំណុចត្រជាក់បំផុត។

ជាមួយគ្នានោះការឧបត្ថម្ភធននេះមានតម្លៃ ២៥ ផោន ឬប្រហែល ១០ម៉ឺនរៀលខ្មែរ ដែលជាថវិកាដើម្បីសម្រួលការចំណាយលើថាមពលគ្រួសារ។ ក្នុងនោះមានតំបន់គ្របដណ្តប់ប្រហែល ៣០០ កន្លែងនៅទូទាំងប្រទេស ដែលមានសីតុណ្ហភាពជាមធ្យមទាបជាងសូន្យអង្សាសេ ឬក្រោមត្រជាក់រយៈពេល ៧ ថ្ងៃជាប់ៗគ្នា។

ដោយការផ្ដល់ប្រាក់នេះចន្លោះពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ដល់ ៣១ ខែមីនា ឆ្នាំ ២០២៣ ប៉ុន្តែមិនបង្អត់អ្នកទទួលប្រាក់ជួយផ្នែកផ្សេងទៀត ដូចជាអ្នកទទួលប្រាក់សោធននិវត្តន៍ជាដើម ជំនួយក្នុងអំឡុងពេលអត់ការងារធ្វើ ជំនួយក្នុងការបង់ការប្រាក់លើប្រាក់កម្ចីផងដែរ។

យ៉ាងណាមិញឥឡូវនេះរដ្ឋាភិបាលអង់គ្លេសបានចេញសេចក្តីជូនដំណឹងអំពីអាកាសធាតុត្រជាក់សម្រាប់ប្រទេសនេះក្នុងកម្រិត ៣ ដែលត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់សម្រាប់អ្នកដែលងាយរងគ្រោះដូចជាអ្នកជំងឺ ឬអ្នកដែលមានបញ្ហាសុខភាព មនុស្សចាស់ និងជាឧបសគ្គក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនក្នុងប្រទេស៕ ប្រភព៖ ​Dailynews