ក្រោយពីមានការពន្យល់អំពីចំនេះដឹងសុខភាពរបស់វេជ្ជបណ្ឌិត គួច ម៉េងលី ទាក់ទងនឹងការទទួលទានត្រីសាល់ម៉ុនដែលមិនមានប្រភពច្បាស់លាស់ ឬត្រីចិញ្ចឹមអាចប៉ះពាល់សុខភាព និងបង្កជាជំងឺមហារីក ស្រាប់តែមានបុរសជាអ្នកនាំចូលនូវប្រភេទត្រីសាល់ម៉ុនមកលក់ស្រុកខ្មែរបានប្រតិកម្មខ្លាំងៗទៅនឹងការលើកឡើងមួយនេះ និងបានពន្យល់បន្ថែមកុំឱ្យយល់ច្រឡំរហូតមិនហ៊ានទទួលទាន។

កាលពីកន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា គួច ម៉េងលី បានធ្វើការបកស្រាយអំពីផលប៉ះពាល់នៃការទទួលទានត្រីសាល់ម៉ុនដែលមិន​មានប្រភពច្បាស់លាស់ រហូតមានអ្នកយកវីដេអូលោកទៅចែករំលែកបន្តគ្នា។

ជាមួយគ្នានោះស្រាប់តែមានម្ចាស់អាជីវករម្នាក់ ដែលជាអ្នកនាំត្រីសាល់ម៉ុនចូលពីបរទេសមកកាន់ស្រុកខ្មែរ បានធ្វើការប្រតិកម្មនិងបានលើកឡើងពីផលប្រយោជន៍ និងគុណសម្បត្តិ ផលវិជ្ជមាននៃសាច់ត្រីសាល់ម៉ុន ព្រោះសម្រាប់ប្រទេសដទៃគេបរិភោគរាប់រយតោន ហើយក៏បានពន្យល់ឱ្យបងប្អូនឈប់យល់ច្រឡំបន្តទៀតពីត្រីដែលបាននាំចូលមកត្រឹមត្រូវ។

ក្នុងនោះលោកបានរៀបរាប់ថា ការលើកឡើងរបស់លោកវេជ្ជបណ្ឌិតគឺពិតជាត្រឹមត្រូវ ដោយបងប្អូនគួរតែដឹងពីប្រភពឱ្យបានច្បាស់ ប៉ុន្តែសូមបងប្អូបកុំយល់ច្រឡំថាការទទួលទានត្រីសាល់ម៉ុនវាធ្វើឱ្យប៉ះពាល់សុខភាព ព្រោះមានប្រទេសជាច្រើនបានទទួលទានត្រីប្រភេទនេះអស់រាប់តោនក្នុងមួយថ្ងៃៗ ជាមួយនឹងការចិញ្ចឹមដោយមានស្ដង់ដាត្រឹមត្រូវនៅបរទេស ដូច្នេះបងប្អូនកុំមានការខ្លាចរអាក្នុងការទទួលទាន ហើយបើអ្នកចង់ចែករំលែកគួរតែគិតពីអាជីវកម្មរបស់អ្នករកស៊ីគេ ថាតើវាប៉ះពាល់ឬអត់។

ទោះជាយ៉ាងណាលោកវេជ្ជបណ្ឌិត គួច ម៉់េងលី នៅមិនទាន់មានប្រតិកម្ម ឬការលើកឡើងបន្ថែមយ៉ាងណានោះទេ៕