អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក​ ចូ បៃដិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា តារា WNBA នាង ប្រ៊ីតនី គ្រីនឺ (Brittney Griner) ត្រូវបានដោះលែងពីការឃុំឃាំងរុស្ស៊ីហើយ ក្នុង​ការ​ដោះ​ដូរ​អ្នក​ទោស​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ឈ្មួញ​អាវុធ​រុស្ស៊ី លោក វីកទ័រ ប៊ូត (Viktor Bout)។ នេះបើយោងតាមការចេញផ្សាយដោយ​ សារព័ត៌មាន CNN នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

ការ​ដោះដូរ​នេះ​ធ្វើ​ឡើង ​នៅ​អាកាសយានដ្ឋានអាប៊ូដាប៊ី​ (Abu Dhabi) ក្នុង​ប្រទេស​អារ៉ាប់រួម បន្ទាប់​ពី​ការ​ចរចា​ជា​យូរ​មក​ហើយ​ រវាង​ប្រទេស​ទាំង​ពីរ​។

តើលោក Viktor Bout ជានរណា?

លោក Bout គឺជនជាតិរុស្ស៊ីដើមកំណើតតាហ្ស៊ីគីស្ថាន។ គាត់បានចាប់ផ្តើមអាជីព​ ជាអ្នកដឹកជញ្ជូនតាមផ្លូវអាកាសនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។

លោក Bout ត្រូវ​បាន​គេ​និយាយ​ថា ​បាន​ចាប់​ផ្តើម​បញ្ជូន​អាវុធ​តាម​រយៈ​ក្រុម​ហ៊ុន​ជួរ​មុខ​មួយ​ចំនួន​ ទៅ​កាន់តំបន់​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នៅ​ទ្វីប​អាហ្វ្រិក។

អង្គការសហប្រជាជាតិ (UN) បានដាក់ឈ្មោះគាត់ថាជា សហការីរបស់អតីតប្រធានាធិបតីលីបេរីយ៉ា លោក ឆាលែស ថាយល័រ (Charles Taylor) ដែលត្រូវបានកាត់ទោសក្នុងឆ្នាំ២០១២ ក្រោមការចោទប្រកាន់ពីបទជួយ និងលុបបំបាត់ឧក្រិដ្ឋកម្មសង្រ្គាម ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលនៅប្រទេស សៀរ៉ាឡេអូន។

យោងតាមឯកសាររបស់ UN, “លោក Bout គឺជាអ្នកជំនួញ និងអ្នកដឹកជញ្ជូនអាវុធ និងរ៉ែដែលបានគាំទ្ររបបរបស់អតីតប្រធានាធិបតី Taylor ក្នុងកិច្ចខិតខំប្រឹងប្រែង បង្កអស្ថិរភាពនៅ សៀរ៉ាឡេអូន និងទទួលបានត្បូងពេជ្រដោយខុសច្បាប់”។

ចំណែករបាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មជ្ឈិមបូព៌ា​បាន​អះអាង​ថា ​គាត់គឺ​ជា​អ្នក​រត់ការ​កាំភ្លើង​សម្រាប់​ក្រុម​អាល់កៃដា និង​តាលីបង់។

គាត់ក៏ត្រូវបានគេចោទប្រកាន់ថា បានបញ្ជូនអាវុធដល់ភាគីទាំងសងខាងនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសអង់ហ្គោឡា ហើយបានផ្គត់ផ្គង់អាវុធដល់ក្រុមមេដឹកនាំសង្រ្គាម និងរដ្ឋាភិបាលពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទៅកាន់ប្រទេសស៊ូដង់ និងលីប៊ីផងដែរ។

គាត់​បាន​ទទួល​ស្គាល់​ថា ​បានបញ្ជូន​អាវុធ​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន ​នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ១៩៩០ ដោយ​និយាយ​ថា អាវុធត្រូវ​បាន​ប្រើ​ដោយពួក​មេបញ្ជាការ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​តាលីបង់។

គាត់ក៏បានអះអាងដែរថា បានជួយរដ្ឋាភិបាលបារាំង ដឹកជញ្ជូនទំនិញទៅកាន់ប្រទេស រវ៉ាន់ដា បន្ទាប់ពីអំពើប្រល័យពូជសាសន៍ និងបានដឹកជញ្ជូនកងរក្សាសន្តិភាពរបស់ UN។

ប៉ុន្តែភ្នាក់ងារអនុវត្តច្បាប់ បានដេញតាមគាត់ពេញមួយទសវត្សរ៍ឆ្នាំ២០០០។ គាត់បានចាកចេញពីផ្ទះរបស់គាត់នៅប្រទេសបែលហ្ស៊ិកក្នុងឆ្នាំ២០០២ ពេលដែលអាជ្ញាធរនៅទីនោះ ចេញដីកាចាប់ខ្លួន។

គេគិតថា លោក Bout បានធ្វើដំណើរក្រោមឈ្មោះក្លែងក្លាយជាច្រើន ដោយឆ្លងកាត់ប្រទេសនានាដូចជា អារ៉ាប់រួម និងអាហ្រ្វិកខាងត្បូងជាដើម មុនពេលវិលទៅរុស្ស៊ីវិញក្នុងឆ្នាំ ២០០៣។

ក្នុងឆ្នាំដដែលនោះ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក ភីតធ័រ ហេន​ (Peter Hain) បានដាក់ងារឲ្យគាត់ថា “ឈ្មួញមរណៈ”។

ទីបំផុត លោក Bout ត្រូវបានបញ្ជូនទៅឃុំឃាំងក្នុងទីក្រុងវ៉ាស៊ីនតោននៅឆ្នាំ២០០៨ ក្រោយត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ បន្ទាប់ពីប្រតិបត្តិការដ៏សាហាវដែលគ្រប់គ្រងដោយរដ្ឋបាលប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក។

គាត់ត្រូវបានគេធ្វើបត្យាប័នជាបន្តបន្ទាប់ទៅកាន់សហរដ្ឋអាមេរិក ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំក្នុងឆ្នាំ២០១២​ ៕