ថៃ៖ មានករណីប្លន់មិនបានសម្រេចមួយ បានកើតឡើងនៅឯប្រទេសថៃ ដោយជនល្មើសមានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយអាវុធ និងឧបករណ៍កាត់ដែក បានចូលទៅប្លន់ហាងមាសមួយកន្លែង នៅមុខសាលា Takpittayakhom ក្នុងខេត្តតាក។​ នៅពេលមកដល់ចំណុចមុខហាងមាស ក្រុមជនល្មើសដែលមានអាយុប្រហែល ២៥-៣០ ឆ្នាំទាំងនោះ ក៏បាន​ទម្លាយ​ចូលទៅក្នុងហាង ដោយ​ប្រើ​កាំភ្លើងបាញ់​ទ្វារកញ្ចក់របស់ហាង។ យ៉ាងណាក៏ដោយ វាមិនងាយស្រួលដូចការរំពឹងរបស់ពួកលោកចោរនោះទេ ខណៈដែលពួកជនល្មើសបានព្យាយាមកាត់ដែកនៅបញ្ជរលក់មាស ស្រាប់តែម្ចាស់ហាងមាសទាញកាំភ្លើងវែងបាញ់តបតវិញ។

នៅក្នុងវីដេអូបានបង្ហាញថា ម្ចាស់ហាងបានប្រើប្រាស់កាំភ្លើងវែងបាញ់ទៅជនល្មើស ដែលបណ្តាលឱ្យជនល្មើស ១នាក់ រងរបួសធ្ងន់ធ្ងរដេកដួលលើដី ខណៈក្រុមជនល្មើសផ្សេងទៀតបានរត់គេចខ្លួន និងបន្សល់ទុកម៉ូតូ ១គ្រឿង ហើយខ្លះទៀតបានរត់ពួននៅម្តុំមុខហាង។ ក្រោយទទួលបានការរាយការណ៍ ប៉ូលិស​ក៏ចាប់បានចោរ​ចំនួន ​២​នាក់​ (ម្នាក់ដែលរបួស និងម្នាក់ដែលរត់ពួន) ហើយ ២ នាក់ផ្សេងទៀត បាន​រត់គេច​ខ្លួន​បាត់។ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក គេក៏ឃើញមានការបង្ហោះរូបភាពកាំភ្លើងវែងរបស់ម្ចាស់ហាង និងពានរង្វាន់មួយផងដែរ ដែលអាចឱ្យដឹងបានថា ម្ចាស់ហាងគឺជាអ្នកជំនាញ ឬជាជើងឯកខាងបាញ់កាំភ្លើង ៕