សុខភាព៖ អាថ៌កំបាំងសម្រស់មួយទៀតដែលនារីៗគួរតែយកចិត្តទុកដាក់ គឺជាអាហារដែលមានពណ៌ខ្មៅ ដោយអាហារទាំងនេះគឺជាអាហារដែលគេជឿថាវាល្អសម្រាប់សុខភាព និងសម្រស់ ពន្យារភាពចាស់ ស្បែកស្រស់ស្អាត សក់ភ្លឺចែងចាំង និងមិនងាយធាត់ ប្រសិនបើអ្នកទទួលទានទៀងទាត់។

តោះមកស្គាល់អាហារខ្មៅ និងគុណតម្លៃអាហារូបត្ថម្ភរបស់វា ដែលនារីៗគួរទទួលទានក្នុងជីវិតប្រចាំថ្ងៃ៖

១. ផ្សិតត្រចៀកកណ្ដុរ

ផ្សិតត្រចៀកកណ្ដុរសម្បូរទៅដោយវីតាមីន D ដែលជួយពង្រឹងឆ្អឹង និងធ្មេញ វាក៏មានជាតិដែក ដែលជួយការពារភាពស្លេកស្លាំងចំពោះស្ត្រីផងដែរ និងជាតិសរសៃអាហារ ដែលជួយការពារបំបាត់ការទល់លាមក និងជួយកម្ចាត់កាកសំណល់ចេញពីរាងកាយបានយ៉ាងល្អ។

២. ល្ងខ្មៅ

គ្រាប់ល្ងខ្មៅសម្បូរទៅដោយសារធាតុ Sesamin ដែលជាសារធាតុជំរុញការរំលាយអាហារថាមពលក្នុងរាងកាយ  ហើយវាក៏ជួយពន្យាភាពចាស់ និងជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាមបានយ៉ាងល្អ។ លើសពីនេះទៀតប្រសិនបើទទួលទានជាប្រចាំវានឹងធ្វើឱ្យសក់ និងស្បែកមានសុខភាពល្អ ប្រសើរឡើង។

វិធីទទួលទានល្ងខ្មៅ ដើម្បីឱ្យរាងកាយទទួលបានប្រេងល្ងល្អ គឺ យកល្ងខ្មៅកិនហើយទទួលទាន ប្រហែល ១-២ ស្លាបព្រា ក្នុងមួយថ្ងៃ ។

៣. សណ្តែកខ្មៅ

សណ្តែកខ្មៅសម្បូរទៅដោយប្រូតេអ៊ីនមានគុណភាពល្អ ដែលជួយពង្រឹងសាច់ដុំ។ សារធាតុIsoflavones ដែលមានរចនាសម្ព័ន្ធស្រដៀងនឹងអរម៉ូនភេទស្រី ដើរតួរការពារភាពមិនប្រក្រតីក្នុងរាងកាយដែលបណ្តាលមកពីកង្វះអ័រម៉ូនអេស្ត្រូសែន រួមទាំងជួយការពារជំងឺពុកឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវ  មិនតែប៉ុណ្ណោះវាជួយជំរុញចលនាឈាមរត់បានល្អ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម និងជួយពង្រឹងរាងកាយ។ លើសពីនេះ សណ្តែកខ្មៅសម្បូរទៅដោយជាតិសរសៃអាហារ ដែលជួយការពារ និងបំបាត់ការទល់លាមកផងដែរ។

៤. សារ៉ាយ Kombu

Kombu សម្បូរទៅដោយជាតិសរសៃអាហាររលាយ អាស៊ីត Alginic និង Fucoidan ដែលជួយការពារការស្រូបយកជាតិស្ករ និងជាតិខ្លាញ់ទៅក្នុងរាងកាយ។ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម អាស៊ីត Glutamic ដែលជារសជាតិ Umami ដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតយ៉ាងឆាប់រហ័ស ដូច្នេះកាត់បន្ថយបរិមាណអាហារបរិភោគ ជាលទ្ធផលក្នុងការសម្រកទម្ងន់ និងគ្រប់គ្រងអាហារបានល្អ វាក៏មានផ្ទុកនូវអ៊ីយ៉ូត និងវីតាមីន B2 ដែលជួយឱ្យស្បែកស្រស់ស្អាត បន្ថែមពីនោះKombu ក៏សម្បូរទៅដោយសារធាតុរ៉ែដែលជួយការពារសក់ស្កូវផងដែរ។

៥. ភេសជ្ជៈកាកាវ

កាកាវសម្បូរទៅដោយសារធាតុ Polyphenols ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម ជួយពន្យាភាពចាស់ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រើស្ករស ឬទឹកឃ្មុំ ដើម្បីរសជាតិផ្អែមក្នុងភេសជ្ជៈជំនួសស្ករ នោះវានឹងជួយបង្កើនសម្រស់ផងដែរ។

៦. កាហ្វេ

ប្រសិនបើអ្នកផឹកកាហ្វេក្នុងបរិមាណត្រឹមត្រូវ ១ ឬ ២ ពែងក្នុងមួយថ្ងៃ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេនឹងជួយជំរុញការរំលាយអាហារជាតិខ្លាញ់ក្នុងរាងកាយ ប៉ុន្តែត្រូវប្រយ័ត្នកុំផឹកកាហ្វេច្រើនពេកព្រោះវាអាចធ្វើ ឱ្យឈឺក្រពះ និង ញ័របេះដូង។

៧. ទឹកខ្មេះខ្មៅ

ទឹកខ្មេះខ្មៅ សម្បូរទៅដោយអាស៊ីតអាមីណូធម្មជាតិដែលទទួលបានពីដំណើរការ Fermentation  ដែលមានប្រសិទ្ធភាពកាត់បន្ថយភាពតានតឹង និងជួយបន្ធូរអារម្មណ៍ ជួយការពារ និងបំបាត់ការទល់លាមក ហើយវាក៏ជួយគ្រប់គ្រងសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលបានផងដែរ។

៨. ប៊្លូបឺរី

ផ្លែប៊្លូបឺរី ជាផ្លែឈើដែលសម្បូរទៅដោយសារធាតុ Anthocyanin  ដែលល្អសម្រាប់សុខភាពភ្នែក។ មិនតែប៉ុណ្ណោះវាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយពន្យាភាពចាស់ និងការពារជំងឺដែលបណ្តាលមកពីការរស់នៅប្រចាំថ្ងៃ៕ ប្រភព៖ Sanook