ឧត្តរមានជ័យ៖ ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ នៅទូទាំងប្រទេសបានចាប់ផ្តើមជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ។ ក្នុងនោះផងដែលយោងតាមការបង្ហោះរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តឧត្តរមានជ័យ ត្រូវបានដាក់អោយនៅបន្ទប់ប្រឡងដាច់ដោយឡែក ក៏ព្រោះតែបេក្ខជនរូបនេះមានវិជ្ជមានកូវីដ ១៩។
អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ៖ «ថ្ងៃទី០៥/១២/២០២២ បេក្ខជនឈ្មោះ វ៉ាន់ សុខឿន (ស) បន្ទប់:១១ លេខតុ:២៦១ វិជ្ជមានកូវីដ១៩។ គាត់ត្រូវបានដាក់អោយនៅបន្ទប់ប្រឡងដាច់ដោយឡែក។ លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានយកទូសម្លាប់មេរោគ ពីមន្ទីរ អ.យ.ក. មកដាក់នៅបន្ទប់ពិសេស ដេីម្បីសម្លាប់មេរោគលេីសន្លឹកកិច្ចការរបស់បេក្ខជនដែលវិជ្ជមានកូវីដ១៩ ដោយមានខាងសុខាភិបាលបានពិនិត្យនិងឯកភាព។»៕














