រដ្ឋធានីមូស្គូ៖ សង្គ្រាមលុកលុយទៅលើប្រទេសអ៊ុយក្រែន ក្រោមបញ្ជារបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) អស់រយៈពេលជាង២៨០ថ្ងៃកន្លងមកនេះ បានធ្វើឲ្យរុស្ស៊ី បាត់បង់ទាហានរាប់ម៉ឺននាក់ ហើយឥឡូវនេះ រដ្ឋាភិបាលក្រុងមូស្គូ បានចេញបម្រាម ហាមឃាត់ដល់ការជជែកពិភាក្សា ជាសាធារណៈ ជុំវិញសកម្មភាពយោធា។
សារព័ត៌មាន The Moscow Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២ ខែធ្នូ ថា អាជ្ញាធររុស្ស៊ី បានហាមឃាត់ដល់ការជជែកពិភាក្សា ជាសាធារណៈ លើប្រធានបទនានា ពាក់ព័ន្ធនឹងកងទ័ព មានជាអាទិ៍ ដូចជា យុទ្ធសាស្រ្ដយោធា សីលធម៌របស់កងទ័ព និង ការចល័តទាហាន…ជាដើម។ ដោយឡែក ក្រុមសកម្មជន បានចាត់ទុកសកម្មភាពបែបនេះ នឹងរារាំងដល់សាធារណជនយ៉ាងមានប្រសិទ្ធភាព អំពីការសិក្សា លើព័ត៌មានសំខាន់ៗ ជុំវិញបញ្ហាកងទ័ព។
បទបញ្ជារបស់ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍រុស្ស៊ី ហៅកាត់ FSB មានចំនួន៦០ចំណុច បានចូលជាធរមាន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដោយរាយបញ្ជីព័ត៌មាន ដែលមិនបានកំណត់ព្រំដែន ដោយចាត់ទុកជាកិច្ចការសម្ងាត់របស់ជាតិ។ ប៉ុន្ដែបញ្ហានេះ អាចនឹងត្រូវប្រើប្រាស់ដោយរដ្ឋ អង្គការ និង ប្រជាជនបរទេស សម្រាប់ការប្រឆាំងនឹងសន្ដិសុខរបស់រុស្ស៊ី។
នៅក្នុងចំណោមប្រធានបទជាច្រើន ត្រូវហាមឃាត់ការពិភាក្សា គឺរចនាសម្ព័ន្ធ និង ចំនួនកម្លាំងទាហានរុស្ស៊ី។ រីឯប្រធានបទគ្មានដែនកំណត់ផ្សេងទៀត រួមមាន គ្រឿងសព្វាវុធ ការដាក់ពង្រាយកងទ័ព និង ការហ្វឹកហ្វឺន ក៏ដូចជា សីលធម៌របស់កងទ័ព និង ឧក្រិដ្ឋកម្ម ត្រូវប្រព្រឹត្តឡើង ដោយសមាជិក នៃកងកម្លាំងប្រដាប់អាវុធ។
ប្រធានបទជាច្រើនទៀត ពាក់ព័ន្ធនឹងការចល័តទ័ព និង ការការពារជនស៊ីវិល ក៏ត្រូវបានរារាំង អំពីការជជែកពិភាក្សា ដោយចំហផងដែរ ដូចជា ការវាយតម្លៃ និង ការព្យាករណ៍ អំពីស្ថានភាពយោធា និង យុទ្ធសាស្ត្ររបស់រុស្ស៊ី… ជាដើម។
ទីភ្នាក់ងារ FSB របស់រុស្ស៊ី កាលពីឆ្នាំមុន បានរាយបញ្ជីឆ្លុះបញ្ចាំង អំពីការហាមឃាត់ លើការចែករំលែកព័ត៌មាន គ្មានដែនកំណត់ នៅក្នុងឧស្សាហកម្មការពារជាតិ និង អវកាសរបស់រុស្ស៊ី។ ប៉ុន្ដែកាលពីខែមុននេះ ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍ បានកែសម្រួល សម្រាប់ការរាប់បញ្ចូលព័ត៌មាន អំពីការដឹកជញ្ជូនបុគ្គលិកយោធា និង សំណង់យោធា ដែលកំពុងបន្តផងដែរ។
លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីខែមុន បានអះអាង ថា ទាហានរុស្ស៊ី ប្រហែល១០ម៉ឺននាក់ បានបាត់បង់ជីវិត និង រងរបួស នៅក្នុងសង្គ្រាមអ៊ុយក្រែន។ ចំណែកកងទ័ពការពារទឹកដីរបស់ក្រុងកៀវ បានរងគ្រោះថ្នាក់ ប្រហាក់ប្រហែលគ្នានេះដែរ៕










