ទីក្រុងបុរាណនៅក្នុងប្រទេសនីមួយៗមានរឿងនិទានជាច្រើនទៀតដែលផ្សាភ្ជាប់ទៅនឹង បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។ ទីក្រុងចំណាស់ទាំងនោះ មានប្រវត្តិសាស្ត្រគួរឱ្យចាប់អារម្មណ៍ ស្ថាបត្យកម្មដ៏ស្រស់ស្អាត និងបង្ហាញពីការចាប់អារម្មណ៍នៃអរិយធម៌របស់មនុស្សជាតិ ។ ទីក្រុងបុរាណភាគច្រើននៅលើពិភពលោកបានឈរយ៉ាងរឹងមាំ បើទោះមានការឈ្លានពានរបស់មនុស្ស និងគ្រោះមហន្តរាយធម្មជាតិជាដើម។
នៅលើពិភពលោកយើងនេះ ទីក្រុងដែលចំណាស់ជាងគេគឺទីក្រុងដាម៉ាស ប្រទេសស៊ីរី មានអាយុកាល ១១ ០០០ឆ្នាំ។ ទីក្រុងដាម៉ាសគឺជាទីក្រុងចំណាស់ជាងគេបំផុតនៅលើពិភពលោកដែលមានអរិយធម៌ដ៏អស្ចារ្យជាច្រើនកើនឡើង និងធ្លាក់ចុះតាមការវិវត្តរបស់ពេលវេលា។ យោងតាមការសិក្សាស្រាវជ្រាវ និងភស្តុតាងប្រវត្តិសាស្ត្រ ទីក្រុងដាម៉ាស មានមនុស្សរស់នៅជាលើកដំបូងនៅ ពាក់កណ្តាលទីពីរនៃសហវត្សទី៧ មុនគ្រឹស្តសរាជ។ វាជាទីក្រុងដែលមានមនុស្សរស់នៅ ចំណាស់បំផុតក្នុងពិភពលោក ហើយជាមជ្ឈមណ្ឌលវប្បធម៌ដ៏លេចធ្លោនៃពិភពអារ៉ាប់។ សព្វថ្ងៃនេះ ទីក្រុងដាម៉ាស គឺជាតំបន់ទីប្រជុំជនដែលមានប្រជាជនជាង ២លាននាក់រស់នៅ ហើយត្រូវបានគេដាក់ឈ្មោះថា Arab Capital of Culture ក្នុងឆ្នាំ ២០០៨៕

ប្រភព៖ Education World










