អន្តរជាតិ៖ ដូចប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថា តារាចម្រៀងស្រីល្បី Selena Gomez ធ្លាប់វះកាត់ប្ដូរក្រលៀនម្ដងរួចមកហើយក្នុងឆ្នាំ ២០១៧ ក្រោយរូបនាងមានជំងឺម៉្យាងហៅថា Lupus ប៉ុន្ដែមកដល់ពេលបច្ចុប្បន្នសុខភាពរបស់នាងនៅតែមិនទាន់មានភាពល្អប្រសើរនោះទេ។

ទន្ទឹមនេះដែរក្នុង ភាពយន្ដឯកសាររបស់រូបនាង “My Mind & Me” ដែលចាក់ផ្សាយលើ Apple Tv នៅថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ បាននិយាយពីពេលវេលារូបនាងតស៊ូប្រឆាំងជាមួយជំងឺ Lupus ខណៈរូបនាងសម្រក់ទឹកភ្នែកព្រោះជំងឺកាន់តែធ្ងន់ធ្ងរព្រមទាំងមានអារម្មណ៍ឈឺពាសពេញរាងកាយស្ទើរគ្រប់ពេលវេលា។
រូបនាងបានលើកឡើងថា៖ ខ្លួនគ្មានអារម្មណ៍សប្បាយអ្វីឡើយ ព្រោះវាឈឺគ្រប់ទីកន្លែងពេញរាងកាយ។ នៅពេលព្រឹកដែលភ្ញាក់ពីដំណេកគឺនាងចាប់ផ្ដើមយំតែម្ដង ជំងឺនេះធ្វើឱ្យរាងកាយនាងឈឺចាប់ខ្លាំងមិនអាចរៀបរាប់បាន។ ភាពស្មុគស្មាញ ការឈឺចាប់ទាំងឡាយ ធ្វើឱ្យរូបនាងមានជំងឺផ្លូវចិត្តផងដែរ។

រូបនាងធ្លាប់លើកឡើងថា ខ្លួនប្រហែលជាគ្មានឱកាសបានពពោះកូនដោយខ្លួនឯងនោះទេ ដោយសារតែប្រើប្រាស់ថ្នាំច្រើនពេកដើម្បីព្យាបាលជំងឺ។

តាមសម្ដីរបស់ក្រុមគ្រូពេទ្យបានឱ្យដឹងថាជំងឺ Lupus ធ្វើឱ្យរូបនាងចុះខ្សោយសាច់ដុំ និងឈឺចាប់ពេញរាងកាយ។ Lupus គឺជាជំងឺម៉្យាងដែលធ្វើឱ្យប្រព័ន្ធការពារក្នុងរាងកាយចាប់ផ្ដើមមានភាពមិនប្រក្រតី និងធ្វើឱ្យប៉ះពាល់ដល់សេរីរាង្គកាយជាច្រើនក្នុងពេលតែមួយ វាអាចធ្វើឱ្យអ្នកជំងឺឈឺសន្លាក់ សាច់ដុំ និងមានបញ្ហាតម្រងនោមជាដើម ៕