ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះមានការចែករំលែកក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពអាជ្ញាធរបានប្រើហិង្សាមកលើអ្នករើសអេតចាយ នៅតាមផ្លូវសាធារណៈបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជុំវិញករណីនេះផងដែរ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង៣០នាទី ក្រុមការងារចំនួន ០៤នាក់ បានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើកំណាត់ផ្លូវលេខ ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានការចតយានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញផ្សេងៗលើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ។
ក្នុងកំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់នេះ ក្រុមការងារបានផ្សព្វផ្សាយណែនាំតាមឧគ្ឃោសនាសព្ទឲ្យម្ចាស់យានជំនិះ និងរទេះដែលចតលើកំណាត់ផ្លូវ១៦៤ ឲ្យយកយានជំនិះ និងរទេះរបស់ខ្លួនចេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បានល្អប្រសើរ រំពេចនោះក៏មានយុវជនម្នាក់ដែលជាម្ចាស់រទេះអេតចាយបានធ្វើសកម្មភាពជេរប្រមាថមកលើក្រុមការងារដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារក៏បានព្យាយាមនាំយករទេះ និងយុវជនម្នាក់នោះមកអប់រំ។ ប៉ុន្តែយុវជនជាម្ចាស់រទេះអេតចាយនោះមិនព្រម ថែមទាំងបន្តជេរប្រមាថមកលើក្រុមការងារ ក៏បានកើតមានការប្រតាយប្រតប់គ្នាទៅវិញទៅមករហូតដល់មានការប្រើហិង្សាបន្តិចបន្តួច។
ក្រោយកើតហេតុ រដ្ឋបាលខណ្ឌបានជួបយុវជនជាម្ចាស់រទេះអេតចាយ ជាមួយគ្នានេះដែរ យុវជននោះរូបនោះបានសុំទោស និងទទួលស្គាល់កំហុស ហើយមិនមានការប្តឹងផ្តល់អ្វីឡើយ។ ចំពោះក្រុមការងារដែលបានប្រព្រឹត្តកំហុសឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌបានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែ និងដាក់ពិន័យទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាណន៕
សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖










