ធ្លាប់សង្កេតទេ នៅពេលដែលយន្តហោះហោះកាត់ផ្ទៃមេឃពណ៌ខៀវ គេតែងឃើញមានស្នាមពណ៌សជាខ្សែនៅពីក្រោយយន្តហោះនោះ ហើយក្រោយមកក៏រលាយទៅវិញក្នុងពេលមួយប៉ប្រិចភ្នែក។ ចុះដែលឆ្ងល់អត់ដានខ្សែពណ៌សនោះបណ្ដាលមកពីអ្វី?
តាមពិតទៅស្នាមឆ្នូតវែងៗដែលយន្តហោះបន្សល់ទុកនោះជាពពកសិប្បនិម្មិត។ ម៉ាស៊ីនយន្តហោះបញ្ចេញផ្សែង ដូចជាម៉ាស៊ីនរថយន្តអ៊ីចឹងដែរ។ នៅពេលដែលផ្សែងក្ដៅភាយចេញពីយន្តហោះ ចំហាយទឹកដែលមានក្នុងផ្សែងក៏ទៅប៉ះនឹងខ្យល់។ នៅកម្ពស់ជិត ៨ គីឡូម៉ែត្រខ្យល់ពិតជាមានសីតុណ្ហភាពត្រជាក់ខ្លាំង អាចត្រជាក់ដល់ -៤០ អង្សាសេ។
ខ្យល់ត្រជាក់នេះឯងធ្វើឲ្យចំហាយទឹកក្លាយជាដំណក់ទឹក ឬ កកក្លាយជាដុំទឹកកកតូចៗ មុនពេលដែលវាហួតហែងទៅ ហើយប្រតិកម្មនេះឯងដែលបង្កើតបានជាស្នាមឆ្នូតវែងៗពណ៌សលើអាកាស៕
ប្រភព៖ Wonder Opolis










