ប្រទេសឥណ្ឌា៖ បុគ្គលិកក្រុមហ៊ុន ជួសជុល ស្ពាន និងសន្តិសុខស្ពានសរុប ៩ នាក់ កំពុងស្ថិតក្រោមការចាប់ខ្លួន និងគ្រប់គ្រងរបស់ អ្នកស៊ើបអង្កេត  បន្ទាប់ពីសោកនាដកម្មស្ពានខ្សែកាបបានដាច់ធ្លាក់ នៅរដ្ឋភាគខាងលិចនៃប្រទេសឥណ្ឌា សម្លាប់មនុស្សជាង ១៤០ នាក់។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងញូវដេលី ប្រទេសឥណ្ឌានាថ្ងៃ ទី ១ វិច្ឆិកា ឆ្នាំ២០២២នេះ បានរាយការព័ត៌មាន ពីករណីស្ពានព្យួរខ្សែកាប ឆ្លងទន្លេ Machu នៅទីក្រុង Morbi ក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា បានដាច់បាក់ធ្លាក់ចូលទឹក កាលពីយប់ថ្ងៃអាទិត្យ ទី២៩កន្លងទៅ ដោយអាជ្ញាធររដ្ឋ Gujarat បានរាយការណ៍ថាមានអ្នកស្លាប់យ៉ាងហោចណាស់ ១៤១ នាក់បានស្លាប់ ព្រមទាំងកំពុងស្វែងរកអ្នកបាត់ខ្លួន ដែលមិនអាចបញ្ជាក់ចំនួនបានច្បាស់លាស់ និងមានអ្នករងរបួសជាច្រើននាក់ផ្សេងទៀត ពីសោកនាកម្មមួយនេះ។

ប្រភពដដែលបានបញ្ជាក់ថាបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលមនុស្សប្រហែល ៤០០ នាក់បានប្រមូលផ្តុំគ្នានៅលើស្ពាន ដើម្បីអបអរសាទរបុណ្យ Diwali ខណៈដែលមូលហេតុនៃសោកនាដកម្មនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ស្ថាប័នពាក់ព័ន្ធ។

យ៉ាងណាមិញក្រោយពីមានការបាច់បាក់ស្ពាននេះរួចមក នាយកដ្ឋានប៉ូលីសរដ្ឋ Gujarat បានរាយការណ៍អំពីការចាប់ខ្លួនមនុស្ស ៩ នាក់ក្នុងនោះ ៤ នាក់ជាបុគ្គលិករបស់ក្រុមហ៊ុន Orewa  ដែលបម្រើក្នុងការជួសជុលស្ពាន Morby រួមទាំងសន្តិសុខស្ពានផងដែរ។

ក្នុងនោះក្រុមហ៊ុន Orewa មិនមានការអធិប្បាយជាផ្លូវការលើការចាប់ខ្លួននេះទេ ខណៈដែលព័ត៌មានពី ប្រភពអំពីការស៊ើបអង្កេតបញ្ជាក់ថា Orewa មិនបានជូនដំណឹងដល់អាជ្ញាធរជាមុនទេ ដើម្បីត្រឡប់ទៅបើកដំណើរការស្ពាននេះឡើងវិញ៕ ប្រភព៖ dailynews