កូរ៉េខាងត្បូង៖ នៅក្នុងពិធីបុណ្យ Halloween ឆ្នាំ ២០២២ នៅអ៊ីតេវ៉ុន “Itaewon” (Itaewon-dong) ក្នុងទីក្រុង សេអ៊ូល ប្រទេស កូរ៉េខាងត្បូង បានបង្កការភ្ញាក់ផ្អើលខណៈ មនុស្សបានកកកុញធ្វើដំណើរនៅតាមផ្លូវដ៏តូច។ រហូតមានឧបទ្ទវហេតុមនុស្សជាន់គ្នាស្លាបអស់១៥៣នាក់ និងជាច្រើននាក់ទៀតបានរងរបួស។

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកស្គាល់ពីតំបន់កម្សាន្ត អ៊ីតេវ៉ុន “Itaewon”

អ៊ីតេវ៉ុន “Itaewon”មុនពេលសង្គ្រាមលោកលើកទីពីរ តំបន់នេះភាគច្រើនជាលំនៅដ្ឋាន និងកាន់កាប់ដោយពួកអាណានិគមនិយមជប៉ុន។ ក្រោយសង្គ្រាមជប៉ុនត្រូវបានបណ្តេញចេញហើយជំនួសដោយ ទាហានអាមេរិកាំង ដែលបានតាំងមូលដ្ឋាននៅក្បែរនោះ។

ជាមួយគ្នានោះទាហានអាមេរិកមកពីមូលដ្ឋាន រួមជាមួយនឹងអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក បានសម្រុកមកទីនេះអស់រយៈពេលជាច្រើនឆ្នាំសម្រាប់បរិយាកាសជប់លៀង និងរសជាតិអន្តរជាតិប្លែកសម្រាប់កូរ៉េខាងត្បូង។ ហើយItaewon គឺជាកន្លែងមួយនៅក្នុងទីក្រុងសេអ៊ូល ដែលអ្នកនឹងមិនអាចឃើញប្រជាជនកូរ៉េច្រើននោះទេ ប៉ុន្តែភាគច្រើនគឺសុទ្ធតែជនបរទេសជាច្រើន។

នាពេលបច្ចប្បន្ននៅតំបន់ អ៊ីតេវ៉ុន “Itaewon” មានផ្លូវធំប្រវែង ១.៤ គីឡូម៉ែត្រ ដែលគេដឹងថាជាតំបន់លក់ទំនិញ និងជាតំបន់អន្តរជាតិកម្សាន្តពេលរាត្រី មានភោជនីយដ្ឋានបរទេសភោជនីយដ្ឋាន BBQ របស់កូរ៉េ និងហាងប៊ីសស្តេទំនើប ក៏ដូចជាហាង kebab សំខាន់ៗ ជាច្រើននៅទីនេះ មានទាំងអាហារបស្ចិមប្រទេស អឺរ៉ុប អាមេរិក អាស៊ី ដូចជា ឥណ្ឌា អាស៊ីខាងត្បូង អាហារមកពីតំបន់អាស៊ាន អាហារកូរ៉េដែលបម្រើដល់ហ្វូងមនុស្សនៅពេលយប់ជ្រៅ។  និងមានកន្លែងកម្សាន្តជាច្រើន ក្លឹបកម្សាន្ត បារ នៅសងខាងផ្លូវ ហើយក៏មានសណ្ឋាគារប្រណិតៗ ម៉ាកល្បីៗលំដាប់ពិភពលោកក៏មាននៅទីនេះ ព្រមទាំងមានកន្លែងទាក់ទាញពីហាងលក់វត្ថុបុរាណដែលមានតម្លៃគួរសមផងដែរ។

បន្ថែមពីនោះវាក៏ជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្បីមួយដែលនឹងងាយស្រួលទៅដល់ធ្វើដំណើរតាម រថភ្លើងក្រោមដី ដូច្នេះហើយវាជាកន្លែងដ៏ល្អសម្រាប់រៀបចំពិធីបុណ្យផ្សេងនៅអ៊ីតេវ៉ុន “Itaewon”  ដោយរួមមានទាំងបុណ្យហាឡូវីន (Halloween) ។

ទោះជាយ៉ាងណាកន្លងមកមន្ត្រីកូរ៉េខាងត្បូង ថ្មីៗនេះក៏ធ្លាប់បានចាក់ថ្នាំសម្លាប់មេរោគសម្រាប់កូវីត-១៩ ដើម្បីរៀបចំសម្រាប់បុណ្យហាឡូវីន​ (Halloween)ឆ្នាំ ២០២២ ដែលកន្លងផុតទៅនេះផងដែរ។

យ៉ាងណាមិញបើគិតត្រឹមខែឧសភា ឆ្នាំ ២០២០ អ៊ីតេវ៉ុន “Itaewon” ក៏ជាតំបន់ដែលជំងឺកូវិត-១៩ រាតត្បាតខ្លាំង និងត្រូវបានប្រមូលផ្តុំនៅទីនេះផងដែរ ព្រោះតែមានការឆ្លងមេរោគជាច្រើនពីអ្នកចូល លេងកន្លែងកម្សាន្តនៅទីនេះ៕ ប្រភព៖ Thairath