រដ្ឋធានីវ៉ាស៊ីនតោន៖ ត្រឹមតែរយៈពេលមិនដល់៣ខែផង ចក្រភពអង់គ្លេស បានផ្លាស់ប្ដូរតំណែងនាយករដ្ឋមន្រ្ដី រហូតដល់ទៅ៣រូប ហើយមិនថា នាយករដ្ឋមន្រ្ដីណានោះឡើយ គឺនៅតែមានគោលជំហរយ៉ាងម៉ឺងម៉ាត់ ប្រហាក់ប្រហែលគ្នា ជុំវិញគោលនយោបាយការណ៍ការបរទេសរបស់ខ្លួន ហើយកត្ដាទាំងនេះ ជាហេតុនាំឲ្យរុស្ស៊ី និង ចិន នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីទំនាក់ទំនងការទូតរបស់ពួកគេ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស Independent បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៥ ខែតុលា ថា វិមានក្រឹមឡាំង បានអះអាង កាលពីថ្ងៃអង្គារ ថា ក្រុងមូស្គូ រកមិនឃើញមានហេតុផល ឬភ្លើងខៀណាមួយ ផ្ដល់ក្ដីសង្ឃឹម អំពីទំនាក់ទំនងការទូតល្អប្រសើរឡើងវិញ រវាងរុស្ស៊ី និង ចក្រភពអង់គ្លេស ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្ដី លោក រីស៊ី ស៊ូណាក់ នោះឡើយ។UK's Rishi Sunak inherits a country in crisis as he takes over as prime  minister

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់គាត់ ថា «ឥឡូវនេះ យើងមិនឃើញលក្ខខណ្ឌជាមុនណាមួយ ឬហេតុផលណាមួយ និង សង្ឃឹមជាថ្មី ថា នៅពេលអនាគតដ៏ខ្លីខាងមុខ នឹងមានការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងទំនាក់ទំនងការទូត រវាង ចក្រភពអង់គ្លេស និងរុស្ស៊ី »។

សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃអង្គារ ទី២៥ ខែតុលា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានថ្លែងទៅកាន់លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស ដើម្បីស្វាគមន៍ ដល់ការតែងតាំងរូបគាត់។ មេដឹកនាំប្រទេសមហាអំណាចទាំង២ នេះ បានអះអាងជាថ្មី អំពីទំនាក់ទំនងយ៉ាងពិសេស រវាងប្រទេសទាំង២ ដោយបានគូសបញ្ជាក់ អំពីបំណងប្រាថ្នារបស់ពួកគេ នៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើបញ្ហាសំខាន់ៗ សម្រាប់សន្តិសុខ និង វិបុលភាពរបស់ពិភពលោក។Dmitry Peskov, Putin spokesman refuses to rule out use of nuclear weapons  if Russia faced an 'existential threat' | CNN

មេដឹកនាំទាំង២ បានឯកភាព លើសារៈសំខាន់ នៃការធ្វើការរួមគ្នា ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ហើយនៅតែទាមទារឲ្យប្រទេសរុស្ស៊ី ត្រូវតែទទួលខុសត្រូវ ចំពោះការឈ្លានពានរបស់កក្រុងមូស្គូ មកលើប្រទេសជិតខាង, ដោះស្រាយបញ្ហាប្រឈម បង្កឡើងដោយប្រទេសចិន និង ធានាបាននូវធនធានថាមពល ប្រកបដោយនិរន្តរភាព ហើយមានតម្លៃសមរម្យ។ ជាមួយគ្នានេះ មេដឹកនាំទាំង២ ក៏បានពិភាក្សាគ្នា អំពីការប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការការពារផលប្រយោជន៍ នៃកិច្ចព្រមព្រៀង Belfast/Good Friday និង តម្រូវការថែរក្សាសន្ទុះឆ្ពោះ ទៅរកកិច្ចព្រមព្រៀងចរចា ជាមួយសហភាពអឺរ៉ុប ស្តីពីពិធីសារអៀរឡង់ដ៍ខាងជើង។

មន្រ្ដីសេតវិមាន បានបញ្ជាក់ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក និង នាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស បានឯកភាព ថា នឹងដោះស្រាយបញ្ហាប្រឈមទាំងឡាយ បង្កឡើងដោយប្រទេសចិន ខណៈក្រុងវ៉ាស៊ីនតោន តែងតែចាត់ទុកជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់ខ្លួន នៅក្នុងសតវត្សទី២១។ ចក្រភពអង់គ្លេស ជាសម្ពន្ធមិត្តអឺរ៉ុបដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងការបំពាក់គ្រឿងសព្វាវុធ និង ផ្ដល់ជំនួយយោធា ជួយដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។Ukraine war: Russian forces preparing to defend Kherson, says Ukrainian spy  chief - BBC News

លោក បូរីស ចនសុន (Boris Johnson) កាលពីស្ថិតក្នុងតំណែង ជានាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានផ្ដល់កិច្ចគាំទ្រយ៉ាងពេញទំហំ ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី និង ការពារសេរីភាពរបស់ពួកគេ។ លោក ចនសុន បានផ្ដល់ជំនួយយោធា មានតម្លៃរាប់ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ហើយគាត់ថែមទាំង បានធ្វើដំណើរទៅកាន់រដ្ឋធានីកៀវ ជាញឹកញាប់ ដើម្បីជួបពិភាក្សា ជាមួយនឹងមេដឹកនាំអ៊ុយក្រែន ដើម្បីសិក្សាពីតម្រូវការរបស់ពួកគេ។ សូម្បីតែជិតដល់ថ្ងៃរបស់គាត់ ត្រូវអស់អាណត្ដិ ជានាយករដ្ឋមន្រ្ដីទៅហើយ គាត់ថែមទាំងជួយហ្វឹកហ្វឺន ដល់កងទ័ពអ៊ុយក្រែន ដោយផ្ទាល់ បន្ថែមទៀតផង៕