ភ្នំពេញ ថ្ងៃទី២២ ខែតុលា​ ឆ្នាំ២០២២ ​ក្រុមហ៊ុន ​ហនុមាន​ ប៊ែវើរីជីស. បានរៀបចំប្រារព្ធពិធីសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពី លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងជាអគ្គនាយិកា ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជី និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ នៃក្រសួងការងារជាតិ ព្រមទាំងអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន ជាមួយនឹងការចូលរួមយ៉ាងកុះករ ពីភ្ញៀវកិត្តយស ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ផងដែរ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ប្រារព្វធ្វើឡើង នៅរោងចក្រ ភេសជ្ជៈ ហនុមាន ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៤ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងកិច្ចស្វាគមន៍នៃពិធីដ៏មានអត្ថន័យនេះ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកា ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា៖  “ហនុមាន​ ប៊ែវើរីជីស ត្រូវបានបង្កើតឡើងដោយការយកចិត្តទុកដាក់បំផុត​ ក្នុងគោលបំណងអោយប្រជាជនកម្ពុជា ទទួលបាននូវផលិតផល ដែលមានគុណភាពខ្ពស់ពិតប្រាកដ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយការបង្កើតការងារ និង​លើកតំកើងផលិតផលក្នុងស្រុក ព្រមទាំង​ នាំយកកេរ្តិ៍ឈ្មោះ ផលិតផលគុណភាពខ្ពស់ របស់ប្រទេសយើងទៅកាន់ទីផ្សារអន្តរជាតិ នេះជាទិសដៅយុទ្ធសាស្រ្តចំបង ដែលយើងបាន និងកំពុងឆ្ពោះទៅ។

ទន្ទឹមនឹងនេះ លោកជំទាវក៏បានមានប្រសាស៍បន្តថា៖ “បច្ចុប្បន្នផលិតផលរបស់ក្រុមហ៊ុន ហនុមាន រួមមាន ស្រាបៀ ហនុមាន lager និង ហនុមាន Black ដែលមានរសជាតិឆ្ងាញ់ប្លែក ហើយងកំពុងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ទន្ទឹមនឹងនេះ យើងក៏ទើបតែចេញលក់ ហនុមានដបតូចដែលមានចំណុះ ២៥០ml​ផងដែរ ពោលគឺ ហនុមានជាក្រុមហ៊ុនក្នុងស្រុកទីមួយ ដែលបានធ្វើការច្រកដបចំណុះតូចចែកចាយលើទីផ្សារ ដើម្បីបំពេញតំរូវការសក្កតានុពលបន្ថែមជូនដល់អតិថិជន​ទូទាំងប្រទេស។ ជាពិសេស លោកជំទាវក៏បានប្រសាស៍បន្ថែមដែរថា ក្រុមហ៊ុនហនុមានប៊ែវើរីជីសមានឆន្ទៈខ្ពស់ក្នុងការចូលរួមយ៉ាងសកម្មបំផុត ក្នុងវិស័យសាជីវកម្ម ដែលមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម ក្នុងនោះ​ ក្រុមហ៊ុន យើងខ្ញុំ បានសហការជាមួយ នាយកដ្ឋានពន្ធដារ ក្នុងការ​បំពាក់​នូវ​ឧបករណ៍វាស់ចំណុះស្រាបៀរ​​ និង​ភេសជ្ជៈគ្មានជាតិសុរា​ ដោយជោគជ័យជាស្ថាពរ ដើម្បីសម្រេចបានគោលដៅពង្រឹងតម្លាភាព ក្នុងការបង់ពន្ធជូនរដ្ឋ​ និង ការប្រកួតប្រជែងដោយស្មើភាពក្នុង​​វិស័យ ភេស្ជជៈនៅកម្ពុជា ស្របពេលជាមួយគ្នានេះផងដែរ គឺដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ដោយនិរន្តភាព យើងខ្ញុំបានធ្វើការវិនិយោគលើប្រព័ន្ធការពារបរិស្ថានដូចជា៖ សាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ តម្លើងបន្ទះស្រូបពន្លឺព្រះអាទិត្យ ការកែច្នៃឡើងវិញ ក៏ដូចជាកម្មវិធីលើកកម្ពស់សង្គមនានា ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់យើង ដើម្បីភាពរីកចម្រើនរួមគ្នា។ ការប្រតិបត្តិ និងការធ្វើកិច្ចគាំពារទាំងអស់នេះធ្វើអោយក្រុមហ៊ុនទទួនលបានប័ណ្ណសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថានកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កន្លងមក លើការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

ភាពជោគជ័យដែលយើងអាចទទួលបាននាពេលនេះ គឺបានមកពី សន្តិភាពពេញលេញ ​និងស្ថិរភាពសង្គមកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាវៃ របស់ សម្តេច អគ្គមហាសេនា បតី តេជោ ហ៊ុន សែន បានខិតខំដឹកនាំកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ ជាមួយយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ ដែលផ្តោតសំខាន់លើការបង្កើនផលិតភាព និងប្រកួតប្រជែង ដើម្បីបង្កើនការងារដល់ប្រជាជន និង​បន្តជំរុញសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅរកភាពរីកចំរើន​ អភិវឌ្ឍន៍ លើគ្រប់វិស័យ។

បន្ទាប់ពីលោកជំទាវមានប្រសាន៍ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ផងដែរថា៖ “សូមសម្តែងនូវការអបអរសាទរចំពោះការបើកសម្ពោធជាផ្លូវការរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងថ្ងៃនេះ ដែលជាសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល ដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច ក៏ក្រុមហ៊ុននៅតែខិតខំពុះពារជម្នះការលំបាក រហូតសម្រេចបាននូវការវេចខ្ចប់លើកដំបូង និងការចែកចាយនៅលើទីផ្សារក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយប្រើប្រាស់រយៈពេលត្រឹម ០២ ឆ្នាំប៉ុណ្ណោះ។ នេះគឺជាសក្ខីភាពមួយបង្ហាញឱ្យឃើញអំពីការប្តេជ្ញាចិត្តខ្ពស់ និងទស្សនវិស័យច្បាស់លាស់របស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាភាពធន់ជាមួយនឹងវិបត្តិកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញនៅក្រោយវិបត្តិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ក៏បានមានប្រសាសន៍បន្តដែរថា

 ៖ព្រឹត្តិការណ៍នេះ ក៏ជាមោទនភាពដោយបានឃើញក្រុមហ៊ុនក្នុងស្រុកថ្មីមួយទៀត តួយ៉ាងដូចជាក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នេះផ្ទាល់ ដែលបានប្រើប្រាស់ទុនវិនិយោគទាំងស្រុង ១០០% ជាទុនក្នុងស្រុក ដើម្បីបើកដំណើរការរោងចក្រដ៏ធំសម្បើម និងទំនើបមួយនេះ ដែលមានស្តង់ដារនៃការផលិតខ្ពស់ និងធានាបាននូវគុណភាពកាន់តែល្អប្រសើរសម្រាប់អតិថិជនទាំងក្នុងស្រុក និងទីផ្សារក្រៅប្រទេស។ តាមរយៈនេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញ និងពង្រឹងផលិតកម្មក្នុងស្រុក ដែលអាចបង្កើតការងារបានរហូតដល់ទៅ ៥០០ កន្លែងនៅក្នុងរោងចក្រផ្ទាល់ ក៏ដូចជាការចូលរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋ និងលើកស្ទួយវិស័យ កសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា។

ក្រុមហ៊ុន ហនុមាន ប៊ែវវើរីជីស​ បានចាប់ផ្តើមដំណើរការសាងសង់រោងចក្រផលិតស្រាបៀរជាផ្លូវការនៅ ថ្ងៃទី ​២កញ្ញា ឆ្នាំ២០១៩ ជាមួយដើមទុនវិនិយោគ ១៦០លានដុល្លារ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារ លំដាប់ពិភពលោក និងចាប់ផ្តើមធ្វើការវេចខ្ចប់ដំបូងនៅថ្ងៃទី ៣១សីហា ឆ្នាំ២០២១ និងចាប់ផ្តើមការចែកចាយលើទីផ្សារចាប់ពីថ្ងៃទី ២០កញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស​ ឯ.ក​។

ចំណុចពិសេសដែលធ្វើអោយ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ពិតជាមានភាពវិសេសវិសាល គឺរសជាតិ និងគុណភាព ដែលត្រូវបានផលិតយ៉ាងសម្រិតសម្រាំងស្របតាមស្តង់ដារអន្តរជាតិដោយអ្នកផលិតភេសជ្ជៈ ដែលមានបទពិសោធ និងអ្នកជំនាញច្បាស់លាស់ ជាច្រើនឆ្នាំ។ ហើយបានឈានជើងចូលទីផ្សារយ៉ាងជោគជ័យ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទូទាំងប្រទេស។

លើសពីនេះទៅទៀត ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនជូនដល់ គណៈអធីបតី និងភ្ញៀវកិត្តិយសបានទស្សនា។ គណៈអធិបតី និង ភ្ញៀវកិតិ្តយសដែលមានវត្តមាននៅទីនោះ បានធ្វើ ការកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះនៃការផលិតភេសជ្ជៈរបស់ក្រុមហ៊ុន ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំរហូតដល់ការវេចខ្ចប់ ផលិតផលសម្រេច ដោយបានឆ្លងកាត់ នូវដំណាក់កាលផលិតក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារអន្តរជាតិ ដើម្បីធានាបាននូវគុណភាពល្អពិតប្រកដមុននឹង ធ្វើការចែកចាយទៅលើទីផ្សារ។