រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ក្រោយពេលរថយន្ដរបស់គាត់ ត្រូវបានរថយន្ដដឹកអ្នកដំណើរបើកបុក ប៉ុន្ដែក្រុមគ្រូពេទ្យ បានអះអាងថា លោកប្រធានាធិបតី មិនបានរងរបួសអ្វីធ្ងន់ធ្ងរនោះឡើយ។

សារព័ត៌មានឥណ្ឌា NDTV បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ថា អ្នកនាំពាក្យ មេដឹកនាំអ៊ុយក្រែន បានបញ្ជាក់ កាលពីព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ថា អ្នកបើកបរម្នាក់ បានបើកមកបុកជាមួយនឹងរថយន្ដដឹកប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr ZelenskyI) ខណៈរថយន្ដរបស់គាត់ បានបើកឆ្លងកាត់ទីក្រុងកៀវ (Kyiv)។ ប៉ុន្ដែ ទោះជាយ៉ាងណា លោកប្រធានាធិបតី មិនបានរងរបួសធ្ងន់ធ្ងរ នៅក្នុងឧបទ្ទវហេតុនេះឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីថ្ងៃពុធ នៅក្នុងរដ្ឋធានីកៀវ។Volodymyr Zelensky visits recaptured Izium in eastern Ukraine

លោក ស៊ើរហ្គីយ នីគីហ្វរ៉ូវ (Sergiy Nikiforov) អ្នកនាំពាក្យ ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ហើយត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីវេលាម៉ោង១ និង ២២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ថា «នៅក្នុងទីក្រុងកៀវ មានរថយន្ដដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយនឹងរថយន្ដរបស់លោកប្រធានាធិបតី ហ្សេឡែនស្គី និង រថយន្ដផ្សេងៗទៀត។ លោកប្រធានាធិបតី បានស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ប៉ុន្ដែគាត់មិនបានរងរបួសអ្វីធ្ងន់ធ្ងរនោះដែរ»។

អ្នកនាំពាក្យ រូបនេះ បានសរសេរ នៅលើបណ្ដាញសង្គម ថា វេជ្ជបណ្ឌិត បានត្រួតពិនិត្យមើលមសុខភាពយ៉ាងដិតដល់ រកឃើញថា លោកប្រធានាធិបតី មិនបានរងរបួសធ្ងន់ទេ។ ក្រុមគ្រូពេទ្យ ដែលអមដំណើរលោកប្រធានាធិបតី Zelensky បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ នៅក្នុងរថយន្តឯកជន ដល់អ្នកបើកបរ ហើយដាក់គាត់ នៅក្នុងរថយន្តសង្គ្រោះ Ambulance។Zelensky Involved In Car Crash, No Serious Injuries | ZeroHedge

អ្នកនាំពាក្យ ប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កំពុងតែស្ថិតក្រោមការស៊ើបអង្កេត ដើម្បីស្វែងរក អំពីមូលហេតុពិតប្រាកដ ចំពោះអ្វីដែលបានកើតឡើងនោះ។

ប្រធានាធិបតីអ៊ុយក្រែន កាលពីព្រឹក ថ្ងៃពុធ បានទៅពិនិត្យមើលទីក្រុងអ៊ីហ្ស៊ីម (Izium) ស្ថិតនៅភាគឦសាន នៃតំបន់ខាគីវ (Kharkiv) ដែលទើបនឹងរំដោះបាន ពីកម្លាំងទាហានរុស្ស៊ី ពោលគឺរយៈពេល៥ថ្ងៃ ក្រោយពេលកងទ័ពអ៊ុយក្រែន បានចូលកាន់កាប់ នៅក្នុងទីក្រុងនោះឡើងវិញ។

បើតាមទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់កងទ័ពអ៊ុយក្រែន ក៏បានបង្ហាញវត្ដមានរបស់លោកប្រធានាធិបតី Zelensky នៅក្នុងពិធីលើកទង់ជាតិអ៊ុយក្រែន នៅក្នុងអគាររដ្ឋបាលទីក្រុងអ៊ីហ្ស៊ីមនោះ។ ចំណែកលោក ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន ក៏បានបង្ហាញវត្ដមាន នៅទីនោះដែរ៕