សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គ្រោងបញ្ជូនអត្តពលិកជម្រើសជាតិរបស់ខ្លួនទៅហ្វឹកហាត់នៅប្រទេស កាហ្សាក់ស្ថាន ឬ អ៊ូបេគីស្ថាន ដែលប្រទេសទាំងពីរនេះមានជំនាញប្រដាល់សកលកម្រិតពិភពលោក ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រជែងមេដាយ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជាបានប្រាប់ Cambodia 2023 ថា គ្រូបង្វឹកថ្មី ដែលទទួលបានការជួយគាំទ្រពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) យកមកបង្ហាត់ដល់អត្តពលិកជម្រើសជាតិកម្ពុជាសព្វថ្ងៃមានសមត្ថភាព និងបច្ចេកទេសល្អក្នុងការបង្ហាត់។ លោក Kassymhanov Berikbol Amantayevich ដែលជាគ្រូបង្វឹកថ្មីនោះ ក៏បានរៀបចំការស្នើសុំទៅកាន់ CAMSOC ក្នុងការបញ្ជូនអត្តពលិកប្រដាល់សកលទៅហាត់នៅប្រទេស កាហ្សាក់ស្ថាន ឬ អ៊ូបេគីស្ថាន ដែលជាប្រទេសមានកម្រិតប្រដាល់សកលលំដាប់ថ្នាក់ពិភពលោក។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះសហព័ន្ធប្រដាល់សកលកម្ពុជា ក៏ធ្លាប់បានបញ្ជូនកីឡាករកម្ពុជាចំនួន ៩ រូបទៅហាត់នៅថៃរយៈពេល២សប្ដាហ៍។ ការហ្វឹកហាត់នេះក៏ក្នុងទិសដៅពង្រឹងសមត្ថភាព ដើម្បីស៊ីហ្គេមឆ្នាំ២០២៣ផងដែរ៕