ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ណាហ្គាវើលដ៍បេះដូងសប្បុរស ជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានដំណើរការកម្មវិធីកសិកម្មសហគមន៍ ជាមួយប្រជាកសិករជាច្រើនគ្រួសារ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដោយកម្មវិធីនេះ បានដំណើរការរួមមាន បច្ចេកទេសចិញ្ចឹមជន្លេន និងការបរិច្ចាគគ្រាប់ពូជបន្លែ។

កម្មវិធីទីមួយ គឺការផ្តល់សិក្ខាសាលា ស្តីពីបច្ចេកទេសចិញ្ចឹមជន្លេន។ នៅពេលជន្លេនស៊ីរូបធាតុរលួយ (ដែលយកមកពីផ្ទះបាយ) លាមកគោ ឬចំបើងជាដើម ជន្លេននឹងបញ្ចេញមកវិញ នូវលាមកមានសារធាតុចិញ្ចឹមជាច្រើន ចំណែកលាមកជន្លេនទាំងនោះ នឹងក្លាយជាជីធម្មជាតិ និងធ្វើឲ្យដីមានជីជាតិឡើងវិញ សម្រាប់ដំណាំ និងបន្លែ។ វិធីសាស្ត្រនេះជួយកាត់បន្ថយសំរាម និងកាត់បន្ថយការដុតវាចោល ដែលប៉ះពាល់ដល់បរិស្ថាន និងសុខភាព។ លើសពីនេះ ប្រជាកសិករ ចំណាយដើមទុនតិចបំផុត ក្នុងការចិញ្ចឹមជន្លេន ហើយពួកគេក៏នឹងអាចលក់ជន្លេន ដើម្បីធ្វើជាចំណីត្រី ដែលអាចបង្កើនប្រភពចំណូល បន្ថែមផងដែរ។

កម្មវិធីទីពីរ គឺការបរិច្ចាគគ្រាប់ពូជបន្លែ។ នេះជាកម្មវិធីដែលបានមកពីការចូលរួម របស់បុគ្គលិកណាហ្គាវើលដ៍ ដែលពួកគេបានចូលរួមហាត់ប្រាណ ក្នុងអំឡុងពេលបិទខ្ទប់ ដោយសារជំងឺកូវីដ-១៩ កាលពីឆ្នាំមុន។ ចំនួនម៉ោង ឬចម្ងាយនៃការធ្វើលំហាត់ប្រាណ របស់ពួកគេ ដូចជា ការដើរ រត់ ឬជិះកង់ ជាដើម ត្រូវបានគណនា ទៅជាចំនួនគ្រាប់ពូជបន្លែ សម្រាប់យកទៅចែកជូន ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងស្រុកអង្គស្នួល។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា “នៅពេលបុគ្គលិកកាន់តែច្រើន​ចូលរួមហាត់ប្រាណ មានន័យថាពួកគេអាចរកគ្រាប់ពូជបន្លែ បានកាន់តែច្រើនសម្រាប់ប្រជាកសិករ ក្នុងស្រុកអង្គស្នួល។ មានបុគ្គលិករបស់យើងជាច្រើន បានចូលរួមហាត់ប្រាណ និងរក្សារបៀបរស់នៅសកម្ម និងប្រកបដោយសុខភាពល្អ ក្នុងអំឡុងពេលបិទខ្ទប់។ ពួកគេបានខិតខំហាត់ប្រាណ ដើម្បីសុខភាពល្អផង និងជួយដល់សហគមន៍របស់ពួកគេផង”។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមជន្លេន និងការបរិច្ចាគគ្រាប់ពូជបន្លែនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែសីហានេះនៅសាលាស្រុកអង្គស្នួល ក្រោមអធិបតីភាពលោក សាន វ៉ាន់ធុល អភិបាលរង នៃគណៈអភិបាលស្រុកអង្គស្នួល។ លោក សាន វ៉ាន់ធុល បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះ របស់ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលផ្តល់ចំណេះដឹង និងប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍របស់យើង។ ការបរិច្ចាគគ្រាប់ពូជបន្លែ នឹងអនុញ្ញាត ឲ្យប្រជាពលរដ្ឋអាចដាំដុះ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ខណៈដែលការចិញ្ចឹមជន្លេន គឺជាវិធីសាស្ត្រថ្មីជួយលើកកម្ពស់ វិស័យកសិកម្មរបស់យើង”។
ប្រជាកសិករ ទទួលគ្រាប់ពូជបន្លែនៅក្នុងពិធីប្រគល់ និងទទួលដែលត្រូវបានធ្វើឡើងនៅសាលាស្រុកអង្គស្នួលក្រោមអធិបតីភាពលោក សាន វ៉ាន់ធុល អភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល និងលោក ម៉ៅ សិទ្ធ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន។