រាជធានីអូស្លូ៖ ក្រោយពេលរុស្ស៊ី បានគំរាមសងសឹកទៅលើការរឹតបន្តឹងរបស់ប្រទេសន័រវ៉ែស ជុំវិញទណ្ឌកម្មប្រឆាំងនឹងក្រុងមូស្គូ នោះមក រដ្ឋាភិបាលក្រុងអូស្លូ កាលពីថ្ងៃសុក្រ ទី១ ខែកក្កដា បាននសន្យាផ្ដល់ជំនួយមានទំហំទឹកប្រាក់១ពាន់លានអឺរ៉ុង ឬស្មើនឹង១,0៤ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងសង្គ្រាមឈ្លានពាននេះ។

សារព័ត៌មាន Al Jazeera បានផ្សាយថា រុស្ស៊ីបានចោទប្រកាន់ប្រទេសន័រវ៉ែស ពីបទដាក់កំហិត រារាំងទំនិញសម្រាប់នាំទីកាន់ការតាំងទីលំនៅ ដែលមានប្រជាជនរុស្ស៊ី នៅលើប្រជុំកោះស្វាលបាដ (Svalbard) ស្ថិតនៅក្នុងសមុទ្រអាកទិក។ ជាមួយគ្នានេះដែរ រុស្ស៊ីក៏បានគំរាមកំហែង ពី«វិធានការសងសឹក» ប្រសិនបើរដ្ឋាភិបាលក្រុងអូស្លូ មិនព្រមដោះស្រាយបញ្ហានេះ ឲ្យបានតាមតែអាចធ្វើទៅបាន។

Svalbard ស្ថិតនៅចំកណ្តាល រវាងឆ្នេរខាងជើងរបស់ប្រទេសន័រវ៉ែស និង ប៉ូលខាងជើង ហើយជាផ្នែកមួយ នៃប្រទេសន័រវ៉ែស។ ប៉ុន្តែប្រទេសរុស្ស៊ីមានសិទ្ធិ នៅក្នុងការទាញយកធនធានធម្មជាតិ ពីប្រជុំកោះនោះ ក្រោមសន្ធិសញ្ញា នៅឆ្នាំ១៩២០ ហើយការតាំងទីលំនៅមួយចំនួន នៅលើប្រជុំកោះនេះ មានប្រជាជន ភាគច្រើនជាជនជាតិរុស្ស៊ី។

លោក យ៉ូណាស ហ្កាស្តូរេ (Jonas Gahr Stoere) នាយករដ្ឋមន្រ្តីន័រវ៉ែស កាលពីថ្ងៃសុក្រ ទី១ ខែកក្កដា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅទីក្រុងគៀវ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ថា ន័រវ៉ែស ចង់បង្ហាញអំពីភាពសាមគ្គីរបស់ខ្លួន ជាមួយការខិតខំប្រឹងប្រែងតស៊ូប្រយុទ្ធរបស់អ៊ុយក្រែន ដើម្បីសិទ្ធិរស់រានមានជីវិត និងសេរីភាពរបស់ពួកគេ។

លោក នាយករដ្ឋមន្រ្តីន័រវ៉ែស បានសង្កត់ធ្ងន់ថា «ខ្ញុំមកកាន់ទីនេះ ដើម្បីនិយាយថា ការប្រយុទ្ធតស៊ូរបស់អ៊ុយក្រែន មិនត្រឹមតែ សម្រាប់អ៊ុយក្រែនផ្ទាល់ប៉ុណ្ណោះឡើយ។ ប៉ុន្ដែការប្រយុទ្ធនេះ ក៏ដើម្បីសេរីភាព និង តម្លៃរបស់មនុស្ស នៅលើពិភពលោកផងដែរ។ សកម្មភាពនេះ ពាក់ព័ន្ធនឹងសន្តិសុខ និង ប្រជាធិបតេយ្យ នៅតំបន់អឺរ៉ុបទាំងមូល ហើយក៏ពាក់ព័ន្ធនឹងជោគវាសនា នៃប្រទេសជិតខាងរបស់អ៊ុយក្រែន ផងដែរ»។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តីន័រវ៉ែស បានក៏សន្យាផ្តល់ថវិកា សរុប១ពាន់លានអឺរ៉ូ សម្រាប់ជួយគាំទ្រដល់រដ្ឋាភិបាលទីក្រុងគៀវ និង ប្រជាជនអ៊ុយក្រែន ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៣។ លោកនាយករដ្ឋមន្រ្ដី ក៏បានបន្ថែមថា សង្រ្គាមសព្វថ្ងៃ បានបំពានលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ហើយអ៊ុយក្រែន មានសិទ្ធិការពារខ្លួនឯង។ ដូច្នេះប្រទេសន័រវ៉ែស ក៏មានសិទ្ធិជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីការពារខ្លួនឯងផងដែរ៕