រាជធានីស្ដុកខម (Stockholm)៖ ស្របពេលតួកគីបានបើកផ្លូវ ឲ្យចូលទៅកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ នោះភ្លាម ក្រសួងការពារជាតិស៊ុយអែត បានចំណាយថវិកាជាតិ ជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ទិញយន្ដហោះដ៏ទំនើប យកមកបម្រើដល់វិស័យការពារជាតិ។

សារព័ត៌មាន Shephard Media (សែហ្វាដមីឌៀ) បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ថា រដ្ឋបាលសម្ភារការពារប្រទេសស៊ុយអែត (ហៅកាត់ FMV) បានប្រកាស អំពីការបញ្ជាទិញយន្តហោះសាអាបហ្គោប៊លអាយអេអ៊ីដាប់ប៊ែលយ្យូស៊ី (Saab GlobalEye AEW&C) ចំនួន២គ្រឿង ក្នុងតម្លៃប្រមាណ ៧,៣ពាន់លានសែក (SEK ជាលុយរបស់ស៊ុយអែត) ឬស្មើនឹង៧១០លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកការបញ្ចេញនូវយន្ដហោះនេះ ត្រូវគេរំពឹងថា នឹងកើតឡើង នៅក្នុងអំឡុងឆ្នាំ២០២៧។ កិច្ចព្រមព្រៀងនេះ ក៏រាប់បញ្ចូលទាំងជម្រើស សម្រាប់ស៊ុយអែត ដើម្បីទិញយន្ដហោះចំនួន២គ្រឿង បន្ថែទៀតផងដែរ។

រដ្ឋបាលសម្ភារការពារប្រទេសស៊ុយអែត (ហៅកាត់ FMV) បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី៣០ ខែមិថុនា ថា យន្ដហោះថ្មីនេះ នឹងត្រូវយកមកជំនួសយន្ដហោះ Saab 340 AEW ។ យន្ដហោះប្រភេទនេះ នឹងជួយសម្រួលដល់កិច្ចការពារជាតិរបស់ស៊ុយអែត និង សហប្រតិបត្ដិការ ជាលក្ខណៈអន្ដរជាតិ។

ការបញ្ជាទិញយន្ដហោះទាំងនេះ បានកើតឡើង រយៈពេល២ថ្ងៃ ក្រោយពេលរដ្ឋមន្រ្ដីក្រសួងការពារជាតិស៊ុយអែត ហ្វាំងឡង់ដ៍ និង តួកគី បានចុះលើអនុស្សរណៈត្រីភាគី ដោយបើកផ្លូវឱ្យប្រទេសនៅតំបន់អឺរ៉ុបខាងជើងទាំង២នេះ ដើម្បីចូលរួមជាមួយនឹងអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លាបំផុត នៃបស្ចិមលោក។

ប្រទេសស៊ុយអែត និង ហ្វាំងឡង់ដ៍ ដែលមានព្រំដែនជាប់ជាមួយនឹងរុស្ស៊ី ប្រវែង ១៣០០គីឡូម៉ែត្រ បានបោះចោលនូវគោលនយោបាយអព្យាក្រឹតរបស់ខ្លួន ដែលធ្លាប់ប្រកាន់ខ្ជាប់ អស់រយៈពេលច្រើនទសវត្សរ៍កន្លងមកហើយ ងាកមកចូលរួមជាមួយនឹងអង្គការណាតូ ក្រោយពេលក្រុងមូស្គូ បានលើកងទ័ព ចូលលុកលុយទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ដោយឡែករុស្ស៊ីក៏តែងតែព្រមាន និង គំរាមកំហែងដល់ប្រទេសអឺរ៉ុបខាងជើងទាំង២នេះ ជាញឹកញាប់ អំពីផលវិបាកនានា នៅក្នុងការចូលរួមជាមួយនឹងណាតូ៕