ភ្នំពេញ: នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)ប្រចាំប្រទេសកម្ពុជា បានប្រគល់សញ្ញាប័ត្រជូនដល់មន្ត្រីអាហារូបករណ៍កយកាចំនួន៤នាក់ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត)ដោយជោគជ័យនៅសាកលវិទ្យាល័យហាល់លីម (Hallym) និង វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសកូរ៉េ(KAIST) តាមរយៈកម្មវិធីអាហារូបករណ៍ របស់ទីភ្នាក់ងារកយកា។

មន្ត្រីអាហារូបករណ៍កយកាពីរនាក់ គឺ កញ្ញា ជា ណាវិន មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)កម្ពុជា និងលោក កែវ ហាក់ មកពីក្រសួងអភិវឌ្ឍន៍ជនបទ(MRD)កម្ពុជា បានបញ្ចប់ការសិក្សាដោយជោគជ័យ និង បានឆ្លងកាត់ការវាយតម្លៃនិក្ខេបបទសម្រាប់ “ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់គោលនយោបាយសាធារណៈ(ជំនាញគោលនយោបាយការប្រែប្រួលអាកាសធាតុ)” នៅសាលាបញ្ចប់ការសិក្សា សាកលវិទ្យាល័យហាល់លីម (Hallym)ក្នុងទីក្រុង Chuncheon ខេត្ត GangWon-Do នៃសាធារណរដ្ឋកូរ៉េ។

មន្ត្រីអាហារូបករណ៍កយកាពីរនាក់ទៀត រួមមាន លោក នៃ ស៊ីវណ្ណសាក់ ប្រធានផ្នែក នៃនាយកដ្ឋានលទ្ធកម្មនៃអគ្គិសនីកម្ពុជា (EDC) និង លោកស្រី សឿន
កណ្ណិកា ប្រធានស្តីទីការិយាល័យ នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ)បានបញ្ចប់ការសិក្សាដោយជោគជ័យ និងបានឆ្លងកាត់ការវាយតម្លៃនិក្ខេបបទសម្រាប់ “ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម – Master of Business Administration (Majoring in Social Entrepreneurship)” ដែលបានសិក្សាចាប់តាំងពីខែសីហា ឆ្នាំ២០២0 ដល់ខែកុម្ភៈ ឆ្នាំ២០២២ នៅ Graduate School of management, the College of Business, Korea Advanced Institute of Science and Technology (KAIST) ទីក្រុងសេអ៊ូល, សាធារណរដ្ឋកូរ៉េ។

លោក នោ ហ្យន់ជូន(Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ប្រចំានៅប្រទេសកម្ពុជា បានស្វាគមន៍ និងអបអរសាទរចំពោះបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត)របស់ពួកគេ។ លោកប្រធានតំណាងប្រចាំប្រទេសបានថ្លែងថា៖ ‘ទោះបីមានការលំបាកក្នុងស្ថានភាពជំងឺកូវីដ-១៩ក៏ដោយ ទីភ្នាក់ងារកយកាបានសន្យាបន្តជួយដល់កម្ពុជា និងផ្តល់អាហារូបករណ៍ ព្រមទាំងឱកាសបណ្តុះបណ្តាលបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ’។

កម្មវិធីCIAT(ការពង្រឹងសមត្ថភាព និងការរីកចម្រើនសម្រាប់ថ្ងៃស្អែក) របស់ ទីភ្នាក់ងារកយកាដែលជាកម្មវិធីអាហារូបករណ៍ គឺជាកម្មវិធីបណ្តុះបណ្តាលផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស (HRD) ឈានមុខគេរបស់ប្រទេសកូរ៉េ ដែលទីភ្នាក់ងារកយកាធ្វើការអញ្ជើញមន្ត្រីរាជការ វិស្វករ អ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលនឹងដើរតួជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសពួកគេ និងផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពតាមរយៈការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យារបស់ប្រទេសកូរ៉េសម្រាប់ការអភិវឌ្ឍន៍។

នៅក្រោមក្របខណ្ឌ័កម្មវិធីCIAT របស់ ទីភ្នាក់ងារកយកាមានកម្មវិធីរយៈពេលខ្លីដូចជាការបណ្តុះបណ្តាលទូទៅសម្រាប់ប្រទេសមួយ/ពហុប្រទេស និងកម្មវិធីរយៈពេលវែងដែលធម្មតាជាកម្មវិធីអាហារូបករណ៍ (ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងបណ្ឌិត)។

កម្មវិធីអាហារូបករណ៍កយកា គឺជាកម្មវិធីដែទទួលបានមូលនិធិយ៉ាងពេញលេញ ដែលគាំទ្រដោយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ទៅកាន់ប្រទេសជាដៃគូរបស់ កយកា។ កម្មវិធីអាហារូបករណ៍នេះ បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ហើយមានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍន៍របស់កូរ៉េ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់ តម្រូវការអភិវឌ្ឍ សម្រាប់រយៈពេលវែងរបស់ប្រទេសកម្ពុជា។

ដើម្បីសម្រេចបាននូវបេសកកម្មនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) បានចាប់ផ្តើមប្រតិបត្តិការ អាហារូបករណ៍កម្រិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ជាមួយសាកលវិទ្យាល័យល្បីៗ នៅប្រទេសកូរ៉េ ចំនួន២០ នៅក្នុងវិស័យកសិកម្ម វិស័យអភិវឌ្ឍជនបទ វិស័យអប់រំ វិស័យអភិបាលកិច្ច វិស័យបច្ចេកវិទ្យា និង វិស័យបរិស្ថាននិងថាមពល។

KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនានាក្នុងប្រទេសកម្ពុជា ដែលមានគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស។ ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០២១ ការិយាល័យ KOICAប្រចាំកម្ពុជាបានគាំទ្រមន្ត្រីរដ្ឋាភិបាលប្រមាណជា៣៣៦៨ នាក់។ ក្នុងចំណោមនោះ មានកម្មសិក្សាការីកម្មវិធីអាហារូបករណ៍របស់ ទីភ្នាក់ងារកយកាចំនួន ២០៧នាក់៕