រាជធានីឡុងដ៍៖ រដ្ឋាភិបាលចក្រភពអង់គ្លេស ជាអ្នកអនុវត្តនយោបាយ បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីសមាជិការដ្ឋសភា មកពីគណបក្សរបស់លោក បូរីស ចនសុន (Boris Johnson) បានត្អូញត្អែរថា សមាជិករដ្ឋសភារបស់ពួកគាត់ម្នាក់ កំពុងតែមើលរឿងអាសអាភាស នៅលើទូរស័ព្ទរបស់គាត់ នៅក្នុងរដ្ឋសភា។ នេះបើតាមសារព័ត៌មាន Euro News បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

បណ្ដាញផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស បានរាយការណ៍ថា ក្រុមសមាជិកា នៃតំណាងរាស្រ្ដ មកពីគណបក្សអភិរក្សនិយម រាប់សិបនាក់ បានជួបជាមួយនឹងលោក គ្រី ហ៊ីតុន-ហាររីស (Chris Heaton-Harris) កាលពីល្ងាច ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ដើម្បីប្ដឹង អំពីករណីមើលរើសអាសអាភាស នៅក្នុងរដ្ឋសភា ខណៈមានការចោទប្រកាន់ទៅលើសមាជិកសភាម្នាក់។

ការិយាល័យរបស់លោក Heaton-Harris បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ប្រធានវិន័យកំពុងតែស៊ើបអង្កេត លើករណីនេះ ព្រោះវាជាទង្វើមិនអាចទទួលយកបាន ហើយ នឹងត្រូវចាត់វិធានការជាបន្ទាន់»។

បញ្ហាអាកប្បកិរិយាខុសឆ្គង និង អាកប្បកិរិយា ពាក់ព័ន្ធនឹងសកម្មភាពពាក់ព័ន្ធនឹងផ្លូវភេទ មិនសមរម្យ ត្រូវបានលើកឡើង នៅក្នុងសភា កាលពីថ្ងៃពុធ ទី២៧ ខែមេសា នៅពេលមានសំណួរពីលោកនាយករដ្ឋមន្ត្រី ខណៈមេដឹកនាំគណបក្សបៃតងរបស់លោកស្រី ការ៉ូលីន លូកាស (Caroline Lucas) បានចោទសួរទៅលើលោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស។

លោកស្រី Caroline Lucas បានបញ្ជាក់ដោយសំណួរទៅកាន់លោកនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស ថា «សមាជិកសភា ចំនួន៥៦នាក់ កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេត សម្រាប់ការប្រព្រឹត្តិខុសពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទ ហើយក្នុងចំណោមអ្នកទាំងនោះ រួមមាន រដ្ឋមន្ត្រីចំនួន៣នាក់ នៅក្នុងជួរគណៈរដ្ឋមន្ត្រីរបស់គាត់ ថាតើវាជាហេតុផល សម្រាប់ការបណ្តេញចេញដែរទេ ប្រសិនបើរដ្ឋមន្ត្រី នៅក្នុងជួរគណៈរដ្ឋមន្ត្រី ត្រូវបានរកឃើញថា មានពិរុទ្ធ អំពីបទប្រព្រឹត្តិខុសពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទបែបនេះ។

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានបញ្ជាក់ថា «វាជាការពិតណាស់ សកម្មភាពពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទ គឺមិនអាចអត់ឱនឱ្យបានឡើយ ហើយវាពិតជាត្រឹមត្រូវខ្លាំងណាស់ សមាជិកសភា នាពេលឥឡូវនេះ មាននីតិវិធីមួយ អាចនាំយករឿងនោះ ទៅកាន់រដ្ឋសភា។ ករណីនេះ ក៏សមហេតុផល សម្រាប់ការបណ្តេញចេញ ព្រោះរឿងអាស្រូវបែបនេះ មានសភាវគតិជាមូលដ្ឋាន។

រឿងអាស្រូវចុងក្រោយ នៅក្នុងរដ្ឋសភារបស់ចក្រភពអង់គ្លេស បានផ្ទុះឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលកាសែតមួយ បានចុះផ្សាយ ពីការអះអាងរបស់សមាជិកសភាអភិរក្សនិយម ដោយអនាមិកថា អនុប្រធានគណបក្សការងារ នៃបក្សប្រឆាំងរបស់លោកស្រី Angela Rayner នឹងកាត់ជើងរបស់លោកស្រី ដូចជាតួអង្គ Sharon Stone នៅក្នុងខ្សែភាពយន្ដ « Basic Instinct» ឆ្នាំ១៩៩២ ដែលជាមធ្យោបាយមួយ រំខានដល់លោក Boris Johnson ខណៈលោកស្រីអង្គុយទល់មុខគាត់ នៅក្នុងអំឡុងពេលជជែកដេញដោលរបស់សភា៕