រដ្ឋធានីប៉ារីស៖ ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីបារាំង នៅជុំទី២ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ គឺប្រជាពលរដ្ឋបារាំង ភាគច្រើន នៅតែស្រឡាញ់ និង បោះឆ្នោតគាំទ្រដល់លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ឲ្យជាប់ឆ្នោត បន្ដកាន់តំណែងកំពូលនេះចំនួន១អាណត្ដិបន្ថែមទៀត។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ថា ជាមួយនឹងការអបអរសាទរដល់ការជាប់ឆ្នោត ជាថ្មីរបស់លោក ម៉ាក្រុង នោះ លោក ណារ៉ែនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា បានបញ្ជាក់ថា គាត់កំពុងតែទន្ទឹងរង់ចាំនូវការពង្រឹង ចំណងទំនាក់ទំនងបន្ថែមទៀត រវាងឥណ្ឌា-បារាំង។

លោក Emmanuel Macron ប្រធានាធិបតីបារាំង កាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសា (វេលាក្នុងតំបន់) បានឈ្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង សម្រាប់អាណត្ដិទី២របស់គាត់។ ជាមួយគ្នានេះដែរ មេដឹកនាំពិភពលោក ភាគច្រើនបំផុត ក៏ចង់ឲ្យលោក ម៉ាក្រុង ជាប់ឆ្នោត បន្ដកាន់តំណែងប្រធានាធិបតីបារាំង លើកទី២របស់គាត់។

បើតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌា បានឲ្យដឹងថា លោក មូឌី នាយករដ្ឋមន្រ្ដីឥណ្ឌា បានសរសេរ នៅលើបណ្ដាញសង្គម កាលពីព្រឹក ថ្ងៃចន្ទ ទី២៥ ខែមេសា ថា «ខ្ញុំកំពុងតែទន្ទឹងរង់ចាំ បន្តធ្វើការជាមួយនឹងលោក ម៉ាក្រុង ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង រវាងឥណ្ឌា និង បារាំង។ លោក ម៉ាក្រុង បានឈ្នះនូវការបោះឆ្នោតប្រធានាធិបតីបារាំង ជាលើកទី២របស់គាត់ ជាមួយនឹងសំឡេងឆ្នោត ចំនួន៥៨,២ភាគរយ ខណៈគូប្រជែងដ៏ស្វិតស្វាយរបស់គាត់ គឺលោកស្រី ម៉ារីន ឡឺ ប៉ែន ទទួលបានសំឡេងឆ្នោត ចំនួន៤១,៨ភាគរយ នៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង កាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសា។

នៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង នាឆ្នាំ២០២២នេះ លោក ម៉ាក្រុង បានសន្យា ពង្រឹងអធិបតេយ្យភាពរបស់ប្រទេសបារាំង ហើយប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអ៊ិស្លាម។ ដោយឡែក បេក្ខនារី នៃប្រធានាធិបតីបារាំង លោកស្រី Le Penn បានផ្តោត លើការដកប្រទេសបារាំង ចេញពីសហភាពអឺរ៉ុប និង ធ្វើវិសោធនកម្មលើច្បាប់ ស្ដីពីការសម្លាប់សត្វ តាមសាសនា។

បើតាមសារព័ត៌មាន France 24 បានផ្សាយថា ការស្ទង់មតិ បានចង្អុលទៅអ្នកកណ្តាលនិយមអឺរ៉ុប លោក ម៉ាក្រុង អាយុ៤៤ឆ្នាំ ជាអ្នកឈ្នះ នៅក្នុងបោះឆ្នោតប្រធានាធិបតីបារាំង។ បន្ទាប់ពីឈ្នះការបោះឆ្នោតជាថ្មីនោះ លោក ម៉ាក្រុង កាលពីថ្ងៃទី២៤ ខែមេសា បានធ្វើដំណើរទៅកាន់ Eiffel Tower ជាកន្លែងដែលលោកប្រធានាធិបតី បានថ្លែងសុន្ទរកថា អំពីជ័យជម្នះរបស់គាត់ ទៅកាន់ប្រជាជាតិបារាំង។

ជាមួយគ្នានឹងជ័យជម្នះជាថ្មីនេះ មេដឹកនាំជាច្រើន នៅលើពិភពលោក ក៏បានជូនពរដល់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង រួមមាន លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស, លោក ម៉ារីយ៉ូ ដ្រាហ្គី (Mario Draghi) នាយករដ្ឋមន្រ្ដីអ៊ីតាលី, លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន និង បណ្ដាមេដឹកនាំជាច្រើនទៀត…៕