រដ្ឋធានីគៀវ៖ ក្រោយពេលជាប់ឃុំឃាំង អស់មួយរយៈពេល១សប្ដាហ៍កន្លងមក មិត្តភក្ដិដ៏ជិតស្និទ្ធរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអំពាវនាវដល់ប្រធានាធិបតីរុស្ស៊ី និង អ៊ុយក្រែន សុំឲ្យដោះដូររូបគាត់ ជាមួយនឹងអ្នកក្រុងម៉ារីអូប៉ូល និង កម្លាំងការពារអ៊ុយក្រែន ដែលត្រូវឡោមព័ទ្ធជាប់ នៅទីនោះ។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ថា លោក វិកទ័រ ម៉ែដវ៉ែដឈុក (Viktor Medvedchuk) ជាមិត្តភក្ដិជិតស្និទ្ធរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ត្រូវបានចាប់ខ្លួន ដោយទីភ្នាក់ងារសន្ដិសុខអ៊ុយក្រែន ហៅកាត់ SBU ខណៈគាត់កំពុងតែព្យាយាម រត់ភៀសខ្លួន ចេញពីប្រទេសអឺរ៉ុបខាងកើតមួយនេះ។

បើតាមសេចក្ដីថ្លែងការណ៍របស់ទីភ្នាក់ងារសន្ដិសុខអ៊ុយក្រែន បានចេញផ្សាយ តាមបណ្ដាញសង្គមតេឡេក្រាម ថា លោក Viktor Medvedchuk ជាមិត្ដភក្ដិរបស់លោក ពូទីន បានអំពាវនាវដោយផ្ទាល់ ទៅកាន់ប្រធានាធិបតីអ៊ុយក្រែន និង រុស្ស៊ី ជាមួយនឹងសំណើ សុំដោះដូររូបគាត់ សម្រាប់កម្លាំងការពារអ៊ុយក្រែន និង អ្នកក្រុងម៉ារីអូប៉ូល (Mariupol)។

លោក Viktor Medvedchuk បានថ្លែងថា «ខ្ញុំចង់និយាយទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) និង ប្រធានាធិបតីសហព័ន្ធន៍រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ជាមួយនឹងសំណើ សុំដោះដូររូបខ្ញុំ សម្រាប់កម្លាំងការពារ និង អ្នករស់នៅទីក្រុង Mariupol ដែលត្រូវកម្លាំងទាហានរុស្ស៊ី ឡោមព័ទ្ធជាប់ មិនមានផ្លូវសុវត្ថិភាព ចូលទៅកាន់ច្រករបៀងមនុស្សធម៌ ដើម្បីគេចខ្លួន ចេញពីតំបន់នោះ»។

ការឈ្លានពានរបស់រុស្ស៊ី បានបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ដ៏ធំបំផុតមួយ នៅក្នុងទីក្រុងកំពង់ផែ Mariupol ។ រហូតមកដល់ពេលនេះ កម្លាំងទាហានរុស្ស៊ី បាន និង កំពុងតែបន្ដទម្លាក់គ្រាប់បែក លើជនស៊ីវិល ហើយរារាំងការផ្តល់ជំនួយមនុស្សធម៌ និង បណ្តេញជនជាតិអ៊ុយក្រែន ទាំងបង្ខំទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ការវាយកម្ទេចទីក្រុងយុទ្ធសាស្រ្ដដ៏សំខាន់របស់ប្រទេសអ៊ុយក្រែន មួយនេះ។

ស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុតបែបនេះ បើតាមការប៉ាន់ប្រមាណ ពីអាជ្ញាធរអ៊ុយក្រែន ក៏ដូចជា អង្គការនានា បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានជនស៊ីវិល ប្រហែល ១២០ ០០០នាក់ កំពុងតែបន្ដស្នាក់នៅក្នុងទីក្រុង Mariupol ដែលត្រូវឡោមព័ទ្ធដោយកម្លាំងទាហានរុស្ស៊ី ខណៈកម្លាំងប្រយុទ្ធ នៃកងវរសេនាធំអាហ្សូវ (Azov) និង កងពលតូចម៉ារីនលេខ៣៦ កំពុងតែបន្តប្រយុទ្ធ ដើម្បីការពារទីក្រុង ដែលត្រូវហែកហួរ ដោយសារសង្រ្គាមឈ្លានពាននេះ។

លោក Viktor Medvedchuk ជាមិត្ដភក្ដិដ៏ជិតស្និទ្ធបំផុតមួយរបស់លោក ពូទីន ត្រូវបានឃាត់ខ្លួន និង នាំទៅឃុំឃាំង ដោយទីភ្នាក់ងារសន្ដិសុខអ៊ុយក្រែន ហៅកាត់ SBU កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដោយសារទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍រុស្ស៊ី ហៅកាត់ FSB បានព្យាយាម អូសទាញសមាជិកសភា ដែលកំពុងរត់គេចខ្លួន នាំទៅកាន់ប្រទេសរុស្ស៊ី៕