រដ្ឋធានីគៀវ៖ ថ្វីបើរុស្ស៊ីកំពុងតែបង្កើនការវាយលុកយ៉ាងសន្ធាប់ ដើម្បីដណ្ដើមកាន់កាប់ទីក្រុងម៉ារីអូប៉ូល (Mariupol) ស្ថិតនៅតាមឆ្នេរសមុទ្រ អាហ្សូវ (Azov) យ៉ាងណាក្ដី តែទីក្រុងកំពង់ផែយុទ្ធសាស្រ្ដមួយនេះ នៅតែមិនទាន់ធ្លាក់ ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី ចាប់តាំងពីលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាកងទ័ពឲ្យចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយការឡោមព័ទ្ធ និង ទម្លាក់គ្រាប់បែក អស់រយៈពេលជាង៧សប្តាហ៍មក ដោយបានសម្លាប់ជនស៊ីវិល រាប់ម៉ឺននាក់។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ អ្នកនាំពាក្យ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ថា លោក ចន ឃីប៊ី (John Kirby) បានអះអាងថា ទីក្រុងម៉ារីអូប៉ូល (Mariupol) នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ថ្វីបើទីក្រុងកំពង់ផែយុទ្ធសាស្រ្ដដ៏សំខាន់មួយនេះ កំពុងតែរងនូវការវាយប្រហារយ៉ាងខ្លាំង ពីកម្លាំងទាហានរុស្ស៊ី យ៉ាងណាក្ដី»។

លោក ចន ឃឺប៊ី បានបញ្ជាក់ថា «យើងបានបន្តតាមដាននូវការវាយប្រហារ តាមអាកាស និង កាំភ្លើងធំ ពីកម្លាំងទាហានរុស្ស៊ី នៅក្នុងតំបន់ដុនបាស់ (Donbas) តំបន់ភាគខាងត្បូង ជាពិសេស តំបន់នៅជុំវិញ និង នៅទីក្រុង Mariupol ។ រហូតមកដល់ពេលនេះ កម្លាំងការពារអ៊ុយក្រែន នៅតែបន្ដតស៊ូយ៉ាងស្វិតស្វាយ ថ្វីបើរុស្ស៊ីកំពុងតែវាយប្រហារយ៉ាងសន្ធាប់ក្ដី»។

លោក ចន ឃឺប៊ី ក៏បានពិភាក្សា អំពីរបៀប ដែលទាហានអាមេរិក នឹងបណ្តុះបណ្តាលដល់កងទ័ពអ៊ុយក្រែន នាពេលឆាប់ៗនេះ ដើម្បីឲ្យចេះប្រើប្រាស់កាំភ្លើងធំ Howitizer ដែលត្រូវផ្តល់ឲ្យ ដោយក្រុងវ៉ាស៊ីនតោន។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃមុនេះ បានសម្រេច បន្ដផ្ដល់ជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់ រហូតដល់៨០០លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន។ ជំនួយយោធាថ្មីនេះ រួមមាន ប្រព័ន្ធបាញ់កាំភ្លើងធំ គ្រាប់កាំភ្លើងធំ នាវាការពារឆ្នេរសមុទ្រ រថក្រោះ ឧទ្ធម្ភាគចក្រ…ជាដើម។ ក្រុងវ៉ាស៊ីនតោន បានផ្ដល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ជាបន្ដបន្ទាប់ ក្រោយពេលសភាសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅនេះ បានអនុម័តកញ្ចប់ជំនួយ មានទំហំទឹកប្រាក់ ១៣,៦ពាន់លានដុល្លារ។

ទីក្រុងកំពង់ផែ Mariupol មានប្រជាពលរដ្ឋ រស់នៅ ជាង៤០០ ០០០នាក់ មុនពេលការផ្ទុះសង្គ្រាមឡើង ហើយក៏ជាទីក្រុងដ៏ធំបំផុតរបស់អ៊ុយក្រែន នៅជាប់នឹងឆ្នរសមុទ្រអាហ្សូវ (Azov)។ ទីក្រុងនេះ មានកំពង់ផែយុទ្ធសាស្រ្ដយ៉ាងសំខាន់ សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និង កសិកម្ម នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។ នៅទីនោះ ក៏មានរោងចក្រដែកថែបដ៏ធំបំផុតរបស់ប្រទេសអ៊ុយក្រែន ផងដែរ។

មន្រ្ដីអ៊ុយក្រែន បានអះអាងថា ជនស៊ីវិល យ៉ាងតិច ២០ ០០០នាក់ ត្រូវបានសម្លាប់ ដោយកម្លាំងទាហានរុស្ស៊ី នៅក្នុងការវាយប្រហារ ទៅលើទីក្រុងកំពង់ផែ Mariupol នេះ។

ស្របគ្នានេះដែរ បណ្ដាអង្គការអន្ដរជាតិនានា ដូចជា អង្គការកាកបាទក្រហម និង អង្គការសហប្រជាជាតិ ជឿថា ជនស៊ីវិលរាប់ពាន់នាក់បានស្លាប់។ ប៉ុន្ដែទំហំ នៃការរងគ្រោះ នៅតែមិនទាន់អាចវាយតម្លៃបាននៅឡើយ ដោយសារតែទីក្រុងមួយនេះ បានកាត់ផ្ដាច់នូវទំនាក់ទំនង ដែលរារាំងដោយកម្លាំងទាហានរុស្ស៊ី៕