រដ្ឋធានីគៀវ៖ ក្រោយបរាជ័យ នៅក្នុងការវាយលុក កាន់កាប់រដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន នោះមក ក្រុងមូស្គូបានបង្វែរទិសដៅរបស់កម្លាំងយោធារុស្ស៊ី ឆ្ពោះទៅកាន់តំបន់ដុនបាស់ (Donbas) ស្ថិតនៅភាគខាងកើត ប្រទេសអឺរ៉ុបមួយនេះ ហើយនៅទីនោះ នឹងក្លាយជាសមរភូមិ វាយប្រយុទ្ធកាន់តែស្វិតស្វាញឡើង។

សារព័ត៌មានអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ថា កម្លាំងទាហានរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានបង្កនូវគ្រោះមហន្ដរាយដល់មនុស្សជាតិរួចមកហើយ នៅក្នុងតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ដោយកាត់បន្ថយទីក្រុង Mariupol ទៅជាការបំផ្លិចបំផ្លាញ ប៉ុន្តែពួកគេបានបរាជ័យ នៅក្នុងការវាយលុក លើកម្លាំងយោធារបស់អ៊ុយក្រែន។

ប្រសិនបើកម្លាំងទាហានរុស្ស៊ី ដណ្តើមបានតំបន់ដុនបាស់ (Donbas) ទាំងអស់នោះ ជ័យជម្នះនេះ នឹងផ្តល់ឱ្យលោក ពូទីន ទទួលបាននូវសមិទ្ធផលមួយចំនួន ពីសង្គ្រាមរបស់ក្រុងមូស្គូ។ រីឯជំហានបន្ទាប់នោះ ពូទីន នឹងដាក់បញ្ចូលតំបន់ Donbas ដូចអ្វីដែលគាត់បានធ្វើជាមួយឧបទ្វីបគ្រីមៀរ (Crimea) ក្រោយការធ្វើប្រជាមតិ មិនគួរឱ្យជឿទុកចិត្តបាន កាលពីអំឡុងឆ្នាំ២០១៤។ ម្យ៉ាងវិញទៀត ប្រសិនបើរុស្ស៊ីទទួលបានជ័យជម្នះ នៅមុនថ្ងៃទី៩ ខែឧសភា នោះ លោក ពូទីន នឹងអាចប្រារព្ធទិវាជ័យជម្នះនេះ ខណៈយោធារុស្ស៊ី នៅតែប្រារព្ធទិវាជ័យជម្នះរបស់ខ្លួន លើរបបណាហ្ស៊ីអាល្លឺម៉ង់ (Nazi Germany) នាឆ្នាំ១៩៤៥។

តើលោក វ្ល៉ាឌីមៀ ពូទីន ត្រូវការអ្វីខ្លះ មុនពេលគាត់អាចទាមទារគោលដៅរបស់គាត់ នៅក្នុងការរំដោះបេះដូងឧស្សាហកម្មរបស់អ៊ុយក្រែន ហើយតើវាអាចទៅរួចទេ?

ក្រោយការបរាជ័យ នៅក្នុងការវាយដណ្ដើមកាន់កាប់ និង ការផ្ដួលរំលំរដ្ឋាភិបាលរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែហ្គី (Volodymyr Zelensky) មិនបានសម្រេច តាមគោលបំណងនោះ ក្រុងមូស្គូ បានបង្វែរទិសដៅរបស់កម្លាំងយោធារុស្ស៊ី ឆ្ពោះទៅកាន់តំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ដែលគេស្គាល់ថា ដុនបាស់ (Donbas) ។ នៅទីនោះ នឹងក្លាយជាសមរភូមិវាយប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី។ សង្គ្រាមនេះ នឹងអាចអូសបន្លាយ រយៈពេលយូរ ប្រសិនបើភាគីទាំង២ មិនព្រមចូលតុចរចា ស្វែងរកសន្ដិភាព ដើម្បីបញ្ចប់សង្គ្រាម។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន បានទទួលនូវការបណ្ដុះបណ្ដាលយ៉ាងល្អ ហើយពួកគេបានបោះមូលដ្ឋានរួចរាល់ហើយ នៅតំបន់ភាគខាងកើត ដោយសារតែសង្គ្រាម នៅទីនោះ បានអូសបន្លាយ អស់រយៈពេល៨ឆ្នាំកន្លងមកនេះ ជាមួយក្រុមបំបែកខ្លួន គាំទ្រដោយរុស្ស៊ី។ កងទ័ពអ៊ុយក្រែ ត្រូវគេគិតថា បានរងនូវការខាតបង់យ៉ាងខ្លាំង ប៉ុន្តែពួកគេនៅតែជាបញ្ហាប្រឈមមុខយ៉ាងធំបំផុតជាមួយនឹងកម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី។

ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្ដេជ្ញាថា «យើងនឹងប្រយុទ្ធ ដើម្បីការពារទឹកដីរបស់យើង មិនឲ្យបាត់បង់ សូម្បីតែមួយម៉ែត្រ។ បច្ចុប្បន្ន អ៊ុយក្រែន បានត្រៀមរៀបចំរួចរាល់ហើយ សម្រាប់ការវាយលុករបស់រុស្ស៊ី នៅភាគខាងកើត ប្រទេស»។

តើ Donbas របស់អ៊ុយក្រែន ជាអ្វី?

នៅពេលប្រធានាធិបតីរុស្ស៊ី លោក ពូទីន និយាយអំពី Donbas គាត់ក៏កំពុងតែសំដៅទៅលើតំបន់ផលិតធ្យូងថ្ម និង តំបន់ផលិតដែកថែបរបស់អ៊ុយក្រែន។ អ្វីដែលគាត់ចង់និយាយនោះ គឺមានន័យពិតប្រាកដ សំដៅទៅលើតំបន់ភាគខាងកើតដ៏ធំចំនួន២ រួមមាន លូហាន់ស្ក៍ (Luhansk) និង ដូណែតស្ក៍ (Donetsk) ដែលនៅខាងក្រៅទីក្រុងកំពង់ផែម៉ារីអូប៉ូល (Mariupol) ស្ថិតនៅភាគខាងត្បូង រហូតដល់ព្រំដែនភាគខាងជើង។

អង្គការណាតូ (NATO) ក៏រំពឹងថា កម្លាំងទាហានរុស្ស៊ី នឹងព្យាយាមវាយកាន់កាប់តំបន់នេះ សម្រាប់តភ្ជាប់ឆ្នេរសមុទ្រ ភាគខាងត្បូង និង ភាគខាងលិច នៃទីក្រុង Donetsk ឆ្ពោះទៅកាន់ឧបទ្វីបគ្រីមៀ (Crimea) ។

លោក សាម ក្រាន់នី អែវ៉ាន់ស៍ (Sam Cranny-Evans) មកពីវិទ្យាស្ថាន Royal United Services មានប្រសាសន៍ថា «ចំណុចសំខាន់គឺថា តំបន់នោះត្រូវបានកំណត់ ដោយវិមានក្រឹមឡាំង ដោយសារតែវាជាផ្នែកមួយ ដែលនិយាយភាសារុស្សី នៅក្នុងអ៊ុយក្រែន ដោយរុស្ស៊ីមានចំនួនច្រើនជាងអ៊ុយក្រែន»៕