រដ្ឋធានីហាណូយ៖ ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ តម្លៃចំណីសត្វ បានកើតឡើង រហូតដល់១០ដង ហើយវាកំពុងតែបន្ដកើនឡើងបន្ថែមទៀត ទើបក្រុមអ្នកជំនាញវៀតណាម ទាមទារឲ្យមានយុទ្ធសាស្រ្ដថ្មី កុំពឹងផ្អែកលើការនាំចូលវត្ថុធាតុដើម មកពីក្រៅប្រទេស ហើយងាកមករកប្រភពផលិតក្នុងស្រុក ដូចជា ដំឡូងមី ពោត សណ្ដែក និង ស្រូវ សម្រាប់យកធ្វើជាវត្ថុធាតុដើម ដើម្បីផលិតចំណីសត្វវិញ។

សារព័ត៌មានវៀតណាម បានចេញផ្សាយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ថា លោក ឡេ ហ្វួងហៃ (Le Phuong Hai) ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ ចំនួន ២០០ ០០០ក្បាល នៅភាគខាងត្បូង ខេត្តដុងណៃ (Nong Nai) បានអះអាងថា នៅក្នុងអំឡុងពេលនេះ តម្លៃចំណីមាន់ឡើងថ្លៃខ្ពស់ ហើយអ្នកបង្កាត់ពូជមាន់ ក៏រងការខូចខាត សូម្បីតែក្នុងរយៈពេលប៉ុន្មានថ្ងៃ បានជួបនឹងការខាតបង់ នៅក្នុងមានរយៈពេលយូរ។

កាលពីពេលថ្មីនេះ តម្លៃកន្ទក់ និង អត្រាតម្លៃ នៃការដឹកជញ្ជូន បានកើនឡើង។ នេះមិនត្រឹមតែជាស្ថានភាពមិនល្អ សម្រាប់កសិករចិញ្ចឹមមាន់រាប់លានក្បាល ដូចជា លោក ហៃ ប៉ុណ្ណោះទេ ប៉ុន្តែក៏មានកសិកររាប់សែននាក់ ចិញ្ចឹមជ្រូក បានរងនូវផលប៉ះពាល់បែបនេះដែរ។

បសុបក្សីរបស់វៀតណាម កាលពីឆ្នាំ២០២១ បានកើនឡើង រហូតដល់ជាង៥០០លានក្បាល ខណៈចំនួនជ្រូក បានកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់២៨,១លានក្បាល។ រីឯអត្រាកំណើន នៃឧស្សាហកម្មបសុសត្វ នៅតែមានកម្រិត កើនឡើង ចន្លោះពី៥-៦ភាគរយ។ បន្ថែមពីលើនេះ តំបន់វារីវប្បកម្ម ក៏កើនឡើង រហូតដល់ ១,៣ លានហិកតា ជាមួយនឹងទិន្នផល ៤,៧៥លានតោន ក្នុងមួយឆ្នាំ។ ដូច្នោះហើយ ឧស្សាហកម្មបសុសត្វ និង វារីវប្បកម្ម ត្រូវការគ្រឿងផ្សំល្អ ជាង៣៣លានតោន សម្រាប់បម្រើដល់ការផលិតចំណីឧស្សាហកម្ម នៅក្នុងឆ្នាំ២០២១។ ចំនួននេះ ត្រូវគេព្យាករថា នឹងបន្តកើនឡើង នៅក្នុងឆ្នាំ២០២២។

ទោះជាយ៉ាងណា ការផ្គត់ផ្គង់នៅក្នុងប្រទេស មានត្រឹមតែ១៣លានតោន ឬស្មើនឹង៤០ភាគរយប៉ុណ្ណោះ។ ចំណែក២២,៣លានតោន ដែលនៅសល់ សម្រាប់ការនាំចេញ ដោយមានតម្លៃ រហូតដល់៩,០៧ពាន់លានដុល្លារសហរដ្ឋអាមេរិក កាលពីឆ្នាំមុន។ នៅក្នុងអំឡុងឆ្នាំ២០១៩ វៀតណាម បាននាំចូលវត្ថុធាតុដើម ចំនួន២០,៤៣៦លានតោន ដោយមានតម្លៃ៦,០២ពាន់លានដុល្លារ។ ចំណែកនៅឆ្នាំ២០២១ វៀតណាម បានបន្ដនាំចូលវត្ថុធាតុដើម ចំនួន២០,១៨៥លានតោន សម្រាប់ផលិតចំណីសត្វ ដោយមានតម្លៃ ៦,០៦ពាន់លានដុល្លារ។

ក្នុងមួយឆ្នាំកន្លងទៅ តម្លៃវត្ថុធាតុដើម សម្រាប់ផលិតចំណីសត្វ បានកើនឡើងយ៉ាងខ្លាំង ចន្លោះពីជាង២០-៥០%។ វៀតណាម ពឹងផ្អែកខ្លាំងទៅលើការនាំចូលវត្ថុធាតុដើម ប៉ុន្ដែនៅពេលមានការរាតត្បាត ពីជំងឺកូវីដ-១៩ផ្ទុះឡើង ចង្វាក់ផលិតកម្ម បានរងការខូចខាតអស់ ទើបធ្វើឲ្យចំណីសត្វ កើនឡើងខ្ពស់។

ចាប់តាំងពីខែតុលា ឆ្នាំ២០២០មក តម្លៃចំណីសត្វ បានកើនឡើង ១០ដង។ ជាមួយនឹងជម្លោះ រវាងរុស្ស៊ី និងអ៊ុយក្រែន ក៏បានជំរុញឲ្យតម្លៃចំណីសត្វ កើនឡើង ដល់កំណត់ត្រាថ្មីមួយ ដែលត្រូវគេព្យាករថា នឹងកើនឡើង ដល់កម្រិតកំពូលថ្មីមួយផ្សេងទៀត នៅឆ្នាំនេះ។

បើតាមនាយកដ្ឋានផលិតកម្មបសុសត្វវៀតណាម បានឲ្យដឹងថា ការចំណាយលើចំណីសត្វ មានចន្លោះពី៦៥-៧០% នៃតម្លៃផលិតកម្ម។ ដូច្នេះនៅពេលតម្លៃផលិតផលនេះ កើនឡើង ចន្លោះពី ១៨,៤-២៩,៨% នោះ វានឹងធ្វើឲ្យអ្នកបង្កាត់ពូជ ខាតបង់ច្រើន។

បើតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា ផលិតកម្មបសុសត្វកំពុងតែផ្លាស់ប្តូរ ពីការចិញ្ចឹមខ្នាតតូច ទៅខ្នាតធំ ដោយមានការអភិវឌ្ឍន៍គំរូកសិដ្ឋាន ដើម្បីបង្កើតជាខ្សែសង្វាក់តម្លៃបសុសត្វ។ នៅក្នុងឆ្នាំ២០១១ វៀតណាម មានកន្លែងចិញ្ចឹមជ្រូកប្រមាណ៤,១៣លានក្បាល។ ចំនួននេះបានកាត់បន្ថយ មកត្រឹមប្រហែល២លានក្បាល នៅក្នុងឆ្នាំ២០២០។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមក អត្រា នៃការចិញ្ចឹមសត្វ នៅតាមគ្រួសារ បានថយចុះ ចន្លោះពី ៥-៧% ក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ អ្នកជំនាញ មកពីវិទ្យាស្ថានផលិតកម្មបសុសត្វ នៃក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទវៀតណាម បានបញ្ជាក់ថា ករណីនេះ មានលទ្ធភាព សម្រាប់ស្វែងរកប្រភពក្នុងស្រុកដែលមានតម្លៃថោក យកមកធ្វើជាវត្ថុធាតុដើម ជំនួសវត្ថុធាតុដើមនាំចូល ដើម្បីយកមកបង្កើតជាចំណីសត្វ។ ជាឧទាហរណ៍ វៀតណាម ផលិតដំឡូងមី ប្រហែល១០លានតោន ហើយអង្ករ ប្រហែល៤៣លានតោន ជាមួយកន្ទក់អង្ករនោះ អាចផលិតជាចំណីសត្វបាន។ ប្រសិនបើប្រើប្រាស់វត្ថុធាតុដើមទាំងនេះ យកមកលាយបញ្ចូលគ្នា សម្រាប់ជាចំណីសត្វ គឺការចំណាយលើជ្រូក១ក្បាលមានទម្ងន់៩៣គីឡូក្រាម នឹងធ្លាក់ចុះ៨ដុល្លារ។

វៀតណាម នឹងត្រូវការវត្ថុធាតុដើម ប្រហែល២៨-៣០លានតោន សម្រាប់ការផលិតចំណីសត្វ ក្នុង១ឆ្នាំ ហើយក្នុងរយៈពេល៥ឆ្នាំបន្ទាប់ មានតម្លៃចន្លោះពី១២-១៣ពាន់លានដុល្លារ ជាមួយនឹងកំណើនជាមធ្យម ចន្លោះពី១១-១២ភាគរយ ក្នុង១ឆ្នាំ។ រីឯតម្លៃវត្ថុធាតុដើម ពិបាកនឹងព្យាករ។ ដូច្នេះវៀតណាម ចាំបាច់ត្រូវការយុទ្ធសាស្រ្ដ ដើម្បីបង្កើតវត្ថុធាតុដើម សម្រាប់ការផលិតចំណីសត្វ៕