រដ្ឋធានីគៀវ៖ ទីក្រុងកំពង់ផែយុទ្ធសាស្រ្ដម៉ារីអ៊ូប៉ូល (Mariupol) នៅសមុទ្រអាហ្សូវ (Azov) អាចក្លាយជាទីក្រុងដ៏ធំលើកដំបូងរបស់អ៊ុយក្រែន ត្រូវធ្លាក់ទៅក្រោមកណ្ដាប់ដៃរបស់កងទ័ពរុស្ស៊ី ចាប់តាំងពីលោក ពូទីន បានបញ្ជាកងទ័ពឲ្យចូលឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយការឡោមព័ទ្ធ និង ទម្លាក់គ្រាប់បែក អស់រយៈពេលជាង៧សប្តាហ៍មក ដោយបានសម្លាប់ជនស៊ីវិលរាប់ម៉ឺននាក់។

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya បានផ្សាយ ថា រុស្ស៊ី កាលពីថ្ងៃទី១៣ ខែមេសា សប្ដាហ៍មុន បានអួតអាងថា កងទ័ពម៉ារីនរបស់អ៊ុយក្រែន ជាង ១ ០០០នាក់ នៅតំបន់យោធភូមិភាគឧស្សាហកម្មអាហ្សូវស្ដាល់ (Azovstal) បានចុះចូលជាមួយនឹងកម្លាំងទាហានរុស្ស៊ី។ ប៉ុន្ដែការអះអាងនេះ ត្រូវបានភាគីអ៊ុយក្រែន ច្រានចោល ដោយចាត់ទុកថា នេះជាព័ត៌មានប្រឌិតឡើង ព្រោះកម្លាំងការពារ នៅទីក្រុងកំពង់ផែម៉ារីអ៊ូប៉ូល កំពុងតែប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លាជាមួយនឹងកម្លាំងទាហានរុស្ស៊ី។

ទីក្រុងកំពង់ផែ Mariupol មានប្រជាពលរដ្ឋ រស់នៅ ជាង៤០០ ០០០នាក់ មុនពេលសង្គ្រាមផ្ទុះឡើង ហើយក៏ជាទីក្រុងដ៏ធំបំផុតរបស់អ៊ុយក្រែន នៅជាប់នឹងឆ្នរសមុទ្រអាហ្សូវ (Azov)។ ទីក្រុងនេះ មានកំពង់ផែយុទ្ធសាស្រ្ដយ៉ាងសំខាន់ សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និង កសិកម្ម នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។ នៅទីនោះ ក៏មានរោងចក្រដែកថែបដ៏ធំបំផុតរបស់ប្រទេសអ៊ុយក្រែន ផងដែរ។

នៅមុនថ្ងៃផ្ទុះសង្រ្គាមនោះ ម៉ារីអ៊ូប៉ូល (Mariupol) ក្លាយជាទីក្រុងដ៏ធំបំផុត នៅតែស្ថិតក្រោមការកាន់កាប់ ពីអាជ្ញាធរអ៊ុយក្រែន នៅខេត្តភាគខាងកើត ចំនួនពីរ ដែលគេស្គាល់ថា ជាតំបន់ដុនបាស់ (Donbas) ហើយត្រូវបានក្រុងម៉ូស្គូបង្ខំឱ្យអ៊ុយក្រែន ប្រគល់ទៅឱ្យក្រុមបំបែកខ្លួន គាំទ្រ ដោយរុស្ស៊ី។ ប្រសិនបើកម្លាំងទាហានរុស្ស៊ី ដណ្ដើមបានទីក្រុងកំពង់ផែយុទ្ធសាស្រ្ដដ៏សំខាន់មួយនេះ ពីអ៊ុយក្រែន នឹងជួយឲ្យក្រុងមូស្គូ គ្រប់គ្រងទាំងស្រុង នៅលើឆ្នេរសមុទ្រអាហ្សូវ (Azov) ហើយវាអាចតភ្ជាប់ជាមួយនឹងដីគោករបស់រុស្ស៊ី និង ដែនដីរបស់ក្រុមបំបែកខ្លួន នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ជាមួយនឹងឧបទ្វីបគ្រីមៀ (Crimea) ដែលក្រុងមូស្គូ បានរឹបអូសយកទៅដាក់បញ្ចូល នៅក្នុងឧបសម័្ពន្ធរបស់ខ្លួន កាលពីអំឡុងឆ្នាំ២០១៤។

មន្រ្ដីអ៊ុយក្រែន បានអះអាងថា ជនស៊ីវិល យ៉ាងតិច ២០ ០០០នាក់ ត្រូវបានសម្លាប់ ដោយកម្លាំងទាហានរុស្ស៊ី នៅក្នុងការវាយប្រហារ ទៅលើទីក្រុងកំពង់ផែ Mariupol នេះ។

ជាមួយគ្នានេះដែរ បណ្ដាអង្គការអន្ដរជាតិនានា ដូចជា អង្គការកាកបាទក្រហម និង អង្គការសហប្រជាជាតិ ជឿថា ជនស៊ីវិលរាប់ពាន់នាក់បានស្លាប់។ ប៉ុន្ដែទំហំ នៃការរងគ្រោះ នៅតែមិនទាន់អាចវាយតម្លៃបាននៅឡើយ ដោយសារតែទីក្រុងមួយនេះ បានកាត់ផ្ដាច់នូវទំនាក់ទំនង ដែលរារាំងដោយកម្លាំងទាហានរុស្ស៊ី៕