រដ្ឋធានីគៀវ៖ កងទ័ពអ៊ុយក្រែន កាលពីសប្ដាហ៍មុន បានអបអរសាទរ ចំពោះជ័យជម្នះដ៏ធំធេងមួយ ប្រឆាំងនឹងក្រុងមូស្គូ ក្រោយពេលពួកគេបានបាញ់ពន្លិចកប៉ាល់ចម្បាំងខ្នាតយក្សដ៏ធំសម្បើមរបស់រុស្ស៊ី ឈ្មោះ មូសខ្វា (Moskva) នៅក្នុងសមុទ្រខ្មៅ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយប្រើប្រាស់មីស៊ីលផលិត នៅក្នុងប្រទេសរបស់ខ្លួន។

បណ្ដាញផ្សព្វផ្សាយជាច្រើន នៅលើពិភពលោក បានផ្សាយថា មន្រ្ដីក្រុងគៀវ បានអះអាងថា កងទ័ពអ៊ុយក្រែន បានប្រើប្រាស់មីស៊ីល ឈ្មោះ ណេបទូន (Neptune) បាញ់ពន្លិចនាវាចម្បាំងខ្នាតធំបំផុតរបស់រុស្ស៊ី ឈ្មោះ មូសខ្វា (Moskva) ។

ដោយឡែក បណ្ដាទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ថា ក្រសួងការពារជាតិរុស្ស៊ី បានច្រានចោលនូវការអះអាងរបស់ក្រុងគៀវ ជុំវិញការបាញ់បន្លិចនាវាចម្បាំងរបស់ខ្លួន។ រុស្ស៊ី នៅតែអះអាងថា នាវាចម្បាំងនោះ បានរងនូវគ្រោះអគ្គិភ័យជាយថាហេតុ ទើបបណ្ដាលឲ្យគ្រាប់រំសេវ នៅក្នុងនាវានោះផ្ទុះឡើង ហើយលិចចូលចូលទៅបាតសមុទ្រខ្មៅ។

ទោះជាយ៉ាងណាក៏ដោយ មន្រ្ដីបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១៥ ខែមេសា បានលើកឡើង អំពីការអះអាងរបស់ក្រុងគៀវ ដោយវាយតម្លៃថា កងទ័ពអ៊ុយក្រែន បានវាយប្រហារ លើនាវាចម្បាំងដ៏ធំបំផុតរបស់រុស្ស៊ី ដោយប្រើប្រាស់មីស៊ីល Neptune ចំនួនពីរគ្រាប់ ទើបបណ្ដាលឱ្យនាវាចម្បាំងនោះ ឆេះ ហើយលិចចុះទៅបាតសមុទ្រខ្មៅ។ ការលិចនាវាចម្បាំងរបស់រុស្ស៊ី នោះ នឹងជួយដល់កម្លាំងតស៊ូរបស់អ៊ុយក្រែន ឲ្យកាន់តែមានភាពខ្លាំងក្លាឡើង ចាប់តាំងពីផ្ទុះការឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។

តើនាវាចម្បាំងយក្ស Moskva របស់រុស្ស៊ីនេះ មានទំនើបដល់កម្រិតណា?

មន្រ្ដីមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា Moskva ជានាវាចម្បាំងដ៏ទំនើបបំផុតរបស់រុស្ស៊ី បំពាក់ដោយប្រព័ន្ធមីស៊ីល និង ប្រព័ន្ធការពារដែនអាកាស។ រុស្ស៊ី មាននាវាចវម្បាំង ប្រភេទធំបំផុតបែបនេះ ត្រឹមតែចំនួន៣គ្រឿងប៉ុណ្ណោះ។ នាវា Moskva មានបណ្ដោយប្រវែង ជាង៦០០ហ្វីត ឬស្មើនឹង ១៨៦,៤ម៉ែត្រ ហើយវាមានសមត្ថភាព អាចផ្ទុកនាវិក បានចំនួន៥១០នាក់។ នាវាចម្បាំង Moskva អាចបើក រហូតដល់ចម្ងាយ ១៩ ០០០គីឡូម៉ែត្រ ទើបចូលចាក់ប្រេងម្ដង ហើយនាវានេះ ត្រូវបានរចនាឡើង សម្រាប់បំពាក់ប្រព័ន្ធការពារដែនអាកាស ជួយដល់កងទ័ពជើងរុស្ស៊ី។

បើតាមមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា នាវាចម្បាំង Moskva នោះ បានស្ថិតនៅចម្ងាយប្រហែល៦៥ម៉ៃល៍ ឬស្មើនឹងប្រហែល១០៤គីឡូម៉ែត្រ នាភាគខាងត្បូងកំពង់ផែ នៃទីក្រុងអូដេសា (Odesa) ជាកន្លែងដែលវារងការវាយប្រហារ ពីមីស៊ីលណេបទូន (Neptune) របស់កងទ័ពអ៊ុយក្រែន។ នាវាចម្បាំង Moskva នេះ ក្លាយជាបញ្ជាការដ្ឋានដ៏សំខាន់ បំផុត នៅក្នុងសមុទ្រខ្មៅ សម្រាប់បើកប្រតិបត្តិការយោធាររបស់កងទ័ពជើងទឹករុស្ស៊ី នៅក្នុងសង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន ដោយដើរតួជាផ្នែកមួយ នៅក្នុងការជួយឡោមព័ទ្ធទីក្រុងកំពង់ផែម៉ារីអ៊ូប៉ូល (Mariupol)។

តើមីស៊ីលបាញ់ពន្លិចនាវាចម្បាំងយក្សរបស់រុស្ស៊ី នោះ ត្រូវបានរចនាឡើង សម្រាប់វាយប្រហារលើគោលដៅអ្វីខ្លះ?

បើតាមក្រុមហ៊ុនអភិវឌ្ឍន៍គ្រឿងយុទ្ធោបករណ៍ គ្រប់គ្រង ដោយរដ្ឋអ៊ុយក្រែន ឈ្មោះ លុច (Luch) បានឲ្យដឹងថា Neptune នេះ ជាប្រព័ន្ធរ៉ុក្កែត បាញ់នៅលើដី សម្រាប់ប្រឆាំងនឹងមីស៊ីលបាញ់ពីលើនាវា។

បើតាមឯកសាររបស់ក្រុមហ៊ុន Luch បានបញ្ជាក់ថា «មីស៊ីល Neptune មានគោលដៅកម្ទេចនាវាចម្បាំងគ្រប់ប្រភេទ មានដូចជា នាវាចម្បាំង, នាវាពិឃាដ, នាវាចម្បាំង Covvette, នាវាផ្ទុកយន្តហោះ, កប៉ាល់ដឹករថក្រោះ និងយានគ្រប់ប្រភេទ ទាំងប្រតិបត្តិការ តែឯង និង ជាក្រុម និង ក្រុមនាវាអាចចុះទឹក និង ឡើងលើគោកបាន។ ក្រៅពីនេះ មីស៊ីល Neptune ក៏មានគោលដៅបាញ់ប្រហារផ្សេងៗទៀតផងដែរ។

ដោយឡែក ប្រព័ន្ធរ៉ុក្កែត អាចបាញ់មីស៊ីលនេះ នៅលើរថយន្ដធំៗ ដោយបាញ់ ចាប់ពីចម្ងាយ៣០០ម៉ែត្រឡើងទៅ ហើយវាចំណាយពេលត្រឹមតែ១៥នាទី សម្រាប់ការដាក់មីស៊ីលនេះ មួយលើកៗ។ គ្រប់គ្រាប់មីស៊ីល Neptune នីមួយៗ អាចនាំក្បាលគ្រាប់បំផ្ទុះ មានទម្ងន់១៥០គីឡូក្រាម ហើយវាមានទម្ងន់ ៨៧០គីឡូក្រាម។ បន្ទាប់មក មីស៊ីលនេះ អាចហោះ ក្នុងកម្ពស់ទាប ចាប់ពី៣-១០ម៉ែត្រ ពីលើរលកនៃផ្នែកចុងក្រោយនៃគន្លង ដែលធ្វើឲ្យរ៉ាដា ពិបាកចាប់។

ការវាយប្រហារ ដោយមីស៊ីល Neptune ទៅលើនាវាចម្បាំងដ៏ធំ Moskva នេះ បានធ្វើឲ្យរុស្ស៊ី ខាតបង់យ៉ាងធំធេងបំផុតមួយ នៅក្នុងប្រតិបត្ដិការសឹក នៅក្នុងប្រទេសអ៊ុយក្រែន៕