រដ្ឋធានីគៀវ៖ ក្រោយពេល រុស្ស៊ី បានដាក់ឱសានវាទ ដល់កងទ័ពអ៊ុយក្រែន ដែលកំពុងតែងប្រយុទ្ធ នៅទីក្រុងកំពង់ផែម៉ារីអ៊ូប៉ូល (Mariupol) ត្រូវឡោមព័ទ្ធជាប់ ឲ្យដាក់អាវុធចុះ កាលពីព្រឹក ថ្ងៃអាទិត្យ ទី១៧ ខែមេសា ដើម្បីរក្សាជីវិតរបស់ពួកគេនោះមក កម្លាំងការពារនៅក្នុងទីក្រុងយុទ្ធសាស្រ្ដដ៏សំខាន់មួយនេះ បានឆ្លើយតបទៅកាន់កម្លាំងទាហានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ថា មិនមានពាក្យចុះចាញ់ ចេញពីទីក្រុង Mariupol នោះឡើយ។

សារព័ត៌មាន The Business Standard បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ថា រុស្ស៊ី បានប្រាប់ដល់កងកម្លាំងអ៊ុយក្រែន ដែលកំពុងតែប្រយុទ្ធ នៅក្នុងទីក្រុង Mariupol ត្រូវតែដាក់អាវុធ នៅត្រឹមវេលាម៉ោង៦ព្រឹក ថ្ងៃអាទិត្យ ទី១៧ ដើម្បីសង្គ្រោះជីវិតរបស់ពួកគេ។ ប៉ុន្តែគេមិនទាន់មានរបាយការណ៍ភ្លាមៗ ស្ដីអំពីសកម្មភាពរបស់រុស្ស៊ី នៅក្នុងរយៈពេល៣ម៉ោង បន្ទាប់ពីឱសានវាទនោះ បានចូលជាធរមាន នៅវេលាម៉ោង៣រសៀល នៅទីក្រុងកំពង់ផែយុទ្ធសាស្ត្រ នាភាគអាគ្នេយ៍ ប្រទេសអ៊ុយក្រែន។

លោក ដេនីស ស្មីហាល់ (Denys Shmyhal) នាយករដ្ឋមន្រ្ដីអ៊ុយក្រែន បានបញ្ជាក់ថា កងទ័ពអ៊ុយក្រែន នៅក្នុងទីក្រុងកំពង់ផែម៉ារីអ៊ូប៉ូល (Mariupol) កំពុងតែបន្ដប្រយុទ្ធយ៉ាងស្វិតស្វាញ ថ្វីបើរុស្ស៊ីបានទាមទារឲ្យពួកគេ ទម្លាក់អាវុធ យល់ព្រមចុះចាញ់យ៉ាងណាក៏ដោយ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន កំពុងតែតស៊ូប្រយុទ្ធទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី ដោយពួកគេមិនអើពើនឹងឱសានវាទរបស់សត្រូវ នៅក្នុងការកំណត់ឲ្យទម្លាក់អាវុធ កាលពីថ្ងៃអាទិត្យ នៅក្នុងទីក្រុងកំពង់ផែ Mariupol ខណៈក្រុងម៉ូស្គូ បានអះអាងថា កម្លាំងទាហានរបស់ខ្លួន បានរឹបអូសទីក្រុងនេះ ស្ទើរតែទាំងស្រុង ហើយនេះក៏ជាអ្វីដែលក្រុងមូស្គូ អះអាង អំពីជយភណ្ឌដ៏ធំបំផុត នៅក្នុងសង្គ្រាមឈ្លានពានរបស់លោក ពូទីន បានអូសបន្លាយ រយៈពេលជិត២ខែកន្លងមកនេះ។

លោក Denys Shmyhal នាយករដ្ឋមន្រ្ដីអ៊ុយក្រែន បានប្រាប់ដល់កម្មវិធីសប្ដាហ៍នេះរបស់បណ្ដាញទូរទស្សន៍ ABC ថា រហូតមដល់ពេលនេះ កងទ័ពអ៊ុយក្រែន កំពុងតែបន្ដគ្រប់គ្រងផ្នែកខ្លះ នៃទីក្រុងកំពង់ផែ នាភាគខាងកើត ប្រទេស។

រុស្ស៊ី កាលពីថ្ងៃសៅរ៍ ទី១៦ ខែមេសា បានអះអាងថា កម្លាំងទាហានរបស់ខ្លួន បានគ្រប់គ្រង តំបន់ជាច្រើន នៅជាយក្រុងកំពង់ផែនេះ។ ប៉ុន្ដែកម្លាំងយុទ្ធជនអ៊ុយក្រែនមួយចំនួន នៅតែបន្ដមានសេសសល់ នៅក្នុងរោងសិប្បកម្មដែកអាហ្សូវស្ដាល់ (Azovstal) នៅជិតសមុទ្រអាហ្សូវ (Azov)។

គោលបំណងដ៏សំខាន់របស់រុស្ស៊ី ត្រូវតែគ្រប់គ្រងទីក្រុងកំពង់ផែដ៏សំខាន់ Mariupol នៅក្នុងតំបន់ដុនបាស់ (Donbas) ហើយវានឹងក្លាយជាជយភណ្ឌយុទ្ធសាស្រ្ដ សម្រាប់ក្រុងមូស្គូ ដោយអាចតភ្ជាប់ដែនដីគ្រប់គ្រង ដោយក្រុមបំបែកខ្លួន គាំទ្រដោយរុស្ស៊ី នៅភាគខាងកើត ជាមួយនឹងឧបទ្វីបគ្រីមៀ (Crimea) ដែលត្រូវក្រុងមូស្គូ ដាក់បញ្ចូលជាឧបសម្ព័ន្ធ កាលពីអំឡុងឆ្នាំ២០១៤។

ជាមួយនឹងស្ថានការណ៍យ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុងកំពង់ផែម៉ារីអ៊ូប៉ូលនោះ លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានអំពាវនាវដល់បណ្ដាប្រទេសបច្ចិមលោក ត្រូវតែផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍សមស្របជាបន្ទាន់ សម្រាប់ប្រទេសរបស់លោក ដើម្បីការពារទឹកដី និង រារាំងដល់ការឡោមព័ទ្ធទីក្រុងកំពង់ផែយុទ្ធសាស្រ្ដដ៏សំខាន់នេះ ពីកម្លាំងឈ្លានពានរបស់រុស្ស៊ី៕