រដ្ឋធានីមូស្គូ៖ អធិការបតីអូទ្រីស បានធ្វើដំណើរទៅកាន់រដ្ឋធានីមូស្គូ ដើម្បីជួបចរចា ជាមួយនឹងប្រធានាធិបតីរុស្ស៊ី ដោយផ្ទាល់ ជាចំហ ហើយមានភាពតានតឹងយ៉ាងខ្លាំង ខណៈគាត់បានជំរុញឲ្យលោក ពូទីន បញ្ឈប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ជាបន្ទាន់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ថា លោក កាល់ ណែហាមមើរ (Karl Nehammer) អធិការបតីអូទ្រីស បានបញ្ជាក់ថា នៅក្នុងជំនួសដោយផ្ទាល់នោះ គាត់បានជំរុញឲ្យលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ត្រូវតែបញ្ចប់នូវការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ គាត់ក៏បានលើកឡើង អំពីបញ្ហា នៃ«ឧក្រិដ្ឋកម្មសង្គ្រាមធ្ងន់ធ្ងរ» ប្រព្រឹត្តឡើង ដោយកម្លាំងយោធារុស្ស៊ី នៅក្នុងអំឡុងកិច្ចពិភាក្សា នៅទីក្រុងមូស្គូ នោះផងដែរ។

លោក កាល់ ណែហាមមើរ (Karl Nehammer) អធិការបតីអូទ្រីស ក្លាយជាមេដឹកនាំអឺរ៉ុប ដំបូងគេ បានធ្វើដំណើរទៅជួបជាមួយនឹងលោក ពូទីន ចាប់តាំងពីរុស្ស៊ី បានបើកការវាយលុក ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំ កាលពីថ្ងៃចន្ទ ទី១១ ខែមេសា នោះ លោកអធិការបតីអូទ្រីស បានថ្លែងថា សារជាចម្បងរបស់គាត់ បញ្ជូនទៅកាន់លោក ពូទីន នៅក្នុងកិច្ចពិភាក្សា ដោយផ្ទាល់ ជាចំហ និងតឹងតែងបំផុតនោះ គឺថា «សង្រ្គាមនេះត្រូវតែបញ្ចប់ ពីព្រោះសង្រ្គាមធ្វើឲ្យភាគីទាំងពីរ ចាញ់តែប៉ុណ្ណោះ»។

លោកអធិការបតីអូទ្រីស បានប្រាប់ដល់លោក ពូទីន ថា អ្នកដែលទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងទីក្រុងប៊ូចា (Bucha) និង កន្លែងផ្សេងទៀត នៃប្រទេសអ៊ុយក្រែន នឹងត្រូវចាត់យកមកការពិចារណា ដោះស្រាយតាមច្បាប់។

មេដឹកនាំអូទ្រីស បានហៅការធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ថា ជា «កាតព្វកិច្ច« របស់គាត់ ដើម្បីស្វែងរកលទ្ធភាព សម្រាប់ការបញ្ចប់អំពើហិង្សា នៅក្នុងប្រទេសអ៊ុយក្រែន។ បន្ទាប់មកលោកអធិការបតី បានធ្វើដំណើរទៅកាន់ទីក្រុង Kyiv ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ។

ប្រទេសអូទ្រីស ជាសមាជិកសហភាពអឺរ៉ុប បានគាំទ្រដល់ការដាក់ទណ្ឌកម្មរបស់ប្លុកសេរីមួយនេះ ដែលមានចំនួន២៧ប្រទេស ប្រឆាំងនឹងរុស្ស៊ី បើទោះជារហូតមកដល់ពេលនេះ ក្រុងវីយ៉ែន (Vienna) បានប្រឆាំងនឹងការកាត់ផ្តាច់នូវការចែកចាយឧស្ម័នរបស់រុស្ស៊ី ក៏ដោយ។ ប្រទេសនេះ ស្ថិតក្នុងអព្យាក្រឹតភាព ផ្នែកយោធា ហើយមិនមែន ជាសមាជិករបស់អង្គការណាតូ នោះឡើយ៕