រដ្ឋធានីគៀវ៖ ប្រធានាធិបតីអ៊ុនក្រែន បានអះអាងថា រុស្ស៊ី កំពុងតែប្រមូលកម្លាំងទាហានរាប់ម៉ឺននាក់ សម្រាប់ការវាយលុកទ្រង់ទ្រាយធំសាជាថ្មី នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ក្រោយពេលតែងតាំងមេទ័ពកំពូលថ្មី ឲ្យទទួលបន្ទុក នៅក្នុងសង្គ្រាមនេះទាំងស្រុង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា អ៊ុយក្រែន រំពឹងថា រុស្ស៊ីនឹងបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី នៅភាគខាងកើត ប្រទេស ក្នុងពេលដ៏ឆាប់ៗនេះ។ មេដឹកនាំអ៊ុយក្រែន បានអះអាងបែបនេះ ខណៈមេដឹកនាំប្រទេសអូទ្រីសបានថ្លែងថា គាត់មិនមានជំនឿ អំពីការបញ្ចប់សង្រ្គាម បន្ទាប់ពីជំនួបរបស់គាត់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ។

ក្រោយការដកកម្លាំងទ័ព ចេញពីភាគខាងជើង ប្រទេសអ៊ុយក្រែន រួមទាំងជាយរដ្ឋធានីគៀវ (Kyiv) ដែលត្រូវបានកម្លាំងអ៊ុយក្រែន ដណ្ដើមកាន់កាប់វិញនោះ រុស្ស៊ីបានអះអាង អំពីគោលបំណងដ៏សំខាន់របស់ខ្លួន នៅភាគខាងកើត ប្រទេសអឺរ៉ុបខាងកើតមួយនេះ។

ដោយឡែក មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានអះអាងថា ក្រុងវ៉ាស៊ីនតោន ជឿថា រុស្ស៊ីកំពុងតែព្យាយាមពង្រឹង និង ផ្គត់ផ្គង់កងទ័ពរបស់ខ្លួនឡើងវិញ នៅក្នុងតំបន់ដុនប៉ាស់ (Donbas)។ រុស្ស៊ីមានគោលបំណង វាយលុកចូលកាន់កាប់តំបន់ដុនប៉ាស់ (Donbas) គឺផ្ដោតចំណុចសំខាន់ លើម៉ារីយូប៉ូល (Mariupol) ជាទីក្រុងកំពង់ផែដ៏សំខាន់ នៅភាគខាងកើតប្រទេស។ នៅទីនោះ ត្រូវបានគេជឿថា មានមនុស្សរាប់ពាន់នាក់ បានស្លាប់ ក្រោមការឡោមព័ទ្ធ អស់រយៈពេលជិត៧សប្ដាហ៍កន្លងមក។

ប្រសិនបើរុស្ស៊ីដណ្ដើមបានទីក្រុងកំពង់ផែ Mariupol ទាំងស្រុងមែននោះ ក្រុងមូស្គូអាចនឹងភ្ជាប់កងទ័ព ដែលរុលទៅមុខ ចេញពីភាគខាងកើត កាន់តែលឿន ជាមួយនឹងកម្លាំងទាហាន មកពីឧបទ្វីបគ្រីមៀរ (Crimea)។ រុស្ស៊ីផ្លាស់ប្តូរការផ្តោតអារម្មណ៍ ទៅលើការប៉ុនប៉ងថ្មីមួយទៀត ដើម្បីឡោមព័ទ្ធកម្លាំងកងទ័ពដ៏រឹងមាំរបស់អ៊ុយក្រែន នៅភាគខាងកើត។

នៅក្នុងការអង្វរចុងក្រោយ សម្រាប់ការគាំទ្រពីអន្តរជាតិនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រាប់ដល់សភាកូរ៉េខាងត្បូង ថា មនុស្សរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ នៅក្នុងទីក្រុងកំពង់ផែ Mariupol ។ ប៉ុន្ដែតួលេខអ្នកស្លាប់ទាំងនេះ មិនត្រូវបានគេបញ្ជាក់ដោយប្រភពឯករាជ្យណាមួយនៅឡើយ។ លោកប្រធានាធិបតី នៅតែអះអាងថា «ទោះបីជាបែបនេះក៏ដោយ រុស្ស៊ីមិនបញ្ឈប់ការវាយលុករបស់ពួកគេនោះទេ»។

លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ជាថ្មីថា រុស្ស៊ីកំពុងតែប្រមូលកម្លាំងទាហានរាប់ម៉ឺននាក់ នៅភាគខាងកើតប្រទេសអ៊ុយក្រែន សម្រាប់ត្រៀមវាយលុកសាជាថ្មី។ ស្របគ្នានេះ ភ្នាក់ងារស៊ើបអង្កេតអង់គ្លេស បានបញ្ជាក់ថា កម្លាំងអ៊ុយក្រែន ក៏បានត្រៀមខ្លួន សម្រាប់វាយបក រុញច្រានទៅលើកងទ័ពរុស្ស៊ីវិញ