រដ្ឋធានីគៀវ៖ គិតត្រឹម ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ សង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងឃោរឃៅ រវាងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី បានអូសបន្លាយ អស់រយៈពេល៤៧ថ្ងៃកន្លងមកហើយ ប៉ុន្ដែឥឡូវ សង្គ្រាមនេះក៏បានឈានចូលដល់ដំណាក់កាលថ្មី ក្រោយលោក ពូទីន បានតែងតាំងមេទ័ពថ្មីឲ្យគ្រប់គ្រងសង្គ្រាមនេះ ចំពេលក្រុមអ្នកវិភាគមើលឃើញថា វានឹងផ្តល់ឧត្តមភាពដល់ទាហានរុស្ស៊ីច្រើនជាងមុន។

ក្រុមអ្នកជំនាញ បានអះអាងថា ឈានមកដល់ដំណាក់កាលនេះ សហគមន៍អន្តរជាតិ ត្រូវតែផ្តល់គ្រឿងសឹកឲ្យស្របតាមស្ថានការណ៍ ហើយប្រសិនបើអ៊ុយក្រែន អាចឆ្លងផុតមួយដំណាក់កាល នៃប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម នៅក្នុងសមរភូមិ នាភាគខាងកើត ប្រទេសអឺរ៉ុបមួយនេះបាន នឹងធ្វើឲ្យលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បាក់អំណួត ហើយគាត់នឹងងាក មកចូលតុចរចា ស្វែងរកសន្ដិភាពវិញ។

សារព័ត៌មាន The Guardian បានចេញផ្សាយថា រុស្ស៊ី បានតែងតាំងលោកឧត្តមសេនីយ៍ អាឡិកសាន់ដឺរ ឌីវ័រនីកូវ (Alexander Dvornikov) អាយុ៦០ឆ្នាំ ជាមេទ័ព ដែលមានបទពិសោធន៍ខ្ពស់បំផុតមួយរូបរបស់រុស្ស៊ី ក្លាយជាមេបញ្ជាការថ្មី សម្រាប់ប្រតិបត្ដិការសឹក នៅក្នុងប្រទេសអ៊ុយក្រែន។ លោកមានប្រវត្តិ ប្រព្រឹត្តអំពើសាហាវឃោរឃៅ ទៅលើជនស៊ីវិល នៅក្នុងប្រទេសស៊ីរី និង នៅក្នុងសង្គ្រាមផ្សេងៗទៀត។

ស្របពេលរុស្ស៊ី កំពុងតែបង្វែរទិសដៅ វាយប្រហារ ដើម្បីដណ្ដើមគ្រប់គ្រង នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន នោះ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍ ទី៩ ខែមេសា ក៏បានទៅបំពេញទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងប្រទេសអ៊ុយក្រែន ហើយគាត់បានដើរមើលទិដ្ឋភាព ដោយផ្ទាល់ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ ដែលកំពុងតែរងគ្រោះ ពីសង្គ្រាមឈ្លានពាននេះ។ លោកនាយករដ្ឋមន្រ្ដីអង់គ្លេស បានសន្យាផ្ដល់ការគាំទ្រផ្នែកយោធា ចំពោះប្រទេសអ៊ុយក្រែន។

សារព័ត៌មាន CNN បានផ្សាយថា លោក Johnson នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានជួបជាមួយនឹងលោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នៅក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់គាត់ ទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញអំពីផែនការរបស់ចក្រភពអង់គ្លេស នៅក្នុងការផ្ដល់ការគាំទ្របន្ថែមទៀត ដល់អ៊ុយក្រែនទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកយោធា។

ជាមួយគ្នានេះ បណ្ដាប្រទេសបច្ចិមលោក ក៏កំពុងតែបញ្ជូនគ្រឿងយុទ្ធោបករណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅកាន់ប្រទេសអ៊ុយក្រែ រួមមាន ប្រព័ន្ធការពារដែនអាកាស មីស៊ីលប្រឆាំងនឹងយន្ដហោះចម្បាំងបាញ់លើស្មា កាំជ្រួចប្រឆាំងនឹងរថក្រោះ …ជាដើម។ ក្រៅពីនេះ សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក ក៏បានបញ្ជូនសម្ភារ សម្រាប់ទប់ទល់នឹងឧបទ្ទវហេតុប្រើប្រាស់អាវុធគីមី និង ជីវសាស្រ្ដផងដែរ។

មន្រ្ដីយោធាសហរដ្ឋអាមេរិក បានអះអាងថា សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងអូសបន្លាយពេលវេលាយូរ ហើយវានឹងមិនអាចបញ្ចប់ នៅក្នុងពេលឆាប់ៗនេះទេ។ ដោយឡែកក្រុមអ្នកវិភាគខ្លះទៀត បានលើកឡើងថា ប្រសិនបើកងទ័ពអ៊ុយក្រែន អាចទប់ទល់នឹងសង្គ្រាម នៅដំណាក់កាលចុងក្រោយ នាភាគខាងកើតប្រទេសបាន គឺលោក ពូទីន នឹងលែងមានអំណួតបន្ដទៀត ហើយគាត់នឹងងាកមករកតុចរចាវិញ៕