រដ្ឋធានីមូស្គូ៖ ក្រោយពេលធ្វើសង្គ្រាម អូសបន្លាយ អស់រយៈពេលជិត៥០ថ្ងៃកន្លងមកហើយ នៅតែមិនទទួលបានផ្លែផ្កាអ្វី ក្រៅតែអំពីការខាតបង់កម្លាំងទ័ពរបស់ខ្លួនយ៉ាងធំធេងនោះ ប្រធានាធិបតីរុស្ស៊ី បានសម្រេចតែងតែងមេទ័ពកំពូលថ្មី សម្រាប់ការទទួលបន្ទុកសង្គ្រាម តាមអ្វីគាត់ហៅ ជាប្រតិបត្ដិការពិសេស នៅក្នុងប្រទេសអ៊ុយក្រែន នោះ។

សារព័ត៌មានឥណ្ឌា WION បានចេញផ្សាយ កាលពីថ្ងៃទី១០ខែមេសា ឆ្នាំ២០២២ ថា លោក វ៉ា្លឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានតែងតាំងលោក អាឡែកសានដឺរ ឌីវ័រនីកូវ (Aleksandr Dvornikov) មានឋានន្ដរស័ក្ដិ ជាឧត្ដមសេនីយ៍ផ្កាយមាស៤ ឲ្យទទួលខុសត្រូវ នៅក្នុងប្រតិបត្ដិការ នៅក្នុងប្រទេសអ៊ុយក្រែន។

សេចក្ដីរាយការណ៍នេះ បានកើតឡើង ស្របពេលកម្លាំងយោធារបស់ប្រធានាធិបតី ពូទីន កំពុងតែប្រយុទ្ធ ដើម្បីគ្រប់គ្រង នៅក្នុងតំបន់សំខាន់ៗ នៃប្រទេសអ៊ុយក្រែន រួមទាំង រដ្ឋធានីគៀវ (Kyiv) ដែលកំពុងតែវាយបកមកយ៉ាងខ្លាំងក្លា ប្រឆាំងនឹងកម្លាំងយោធារបស់រុស្ស៊ី។ របាយការណ៍ដដែល បានអះអាងថា លោកនាយកឧត្ដមសេនីយ៍ Dvornikov ក៏ជាមេខ្លោងនៅពីក្រោយការវាយប្រហារ កាលពីពេលថ្មីៗនេះ ទៅលើស្ថានីយរថភ្លើងក្រាម៉ាតូស្ក៍ (Kramatorsk) ស្ថិតនៅភាគខាងកើត ប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស នៅនឹងកន្លែង យ៉ាងហោចណាស់៥០នាក់ រួមទាំងកុមារ៥នាក់ ។ ដោយឡែកមនុស្សរាប់រយនាក់បានរងរបួស ហើយក្នុងចំណោមអ្នករងគ្រោះថ្នាក់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ នោះ ក៏មានអ្នកស្លាប់ ចំនួន១២នាក់បន្ថែមទៀត។

លោកនាយឧត្តមសេនីយផ្កាយមាស៤ Aleksandr V. Dvornikov មានឋានៈខ្ពស់ជាងគេលំដាប់លេខ២ នៅក្នុងជួរកងទ័ពរុស្ស៊ី បន្ទាប់ពីសេនាប្រមុខ។ លោកនាយឧត្តមសេនីយ៍ Aleksandr V. Dvornikov មានវ័យ៦០ឆ្នាំ ត្រូវបានដំឡើងឋានៈដ៏ខ្ពស់បំផុតនេះ កាលពី២ឆ្នាំមុន។ គាត់ក៏ត្រូវបានរដ្ឋាភិបាលរុស្ស៊ី លើកតម្កើងឈ្មោះ ជាវីរបុរស នៃសហព័ន្ធន៍រុស្ស៊ី សម្រាប់ការបញ្ជាកម្លាំងទ័ពរុស្ស៊ី នៅក្នុងប្រទេសស៊ីរី កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥។លុះមកដល់អំឡុងកញ្ញា ឆ្នាំ២០១៦ គាត់ក៏ត្រូវបានតែងតាំង ជាមេបញ្ជាការ នៃយោធភូមិភាគខាងត្បូង។ នេះបើតាមសារព័ត៌មានញូវយ៉កថែមស៍។

លោកនាយឧត្តមសេនីយ៍ កើត នៅក្នុងឆ្នាំ១៩៦១ នៅទីក្រុងអ៊ុសស៊ូរីអ៊ីស្ក៍ (Ussuriysk) ហើយគាត់បានចាប់ផ្ដើមអាជីពជាទាហានរបស់គាត់ នៅឆ្នាំ១៩៨២ នាអំឡុងរបបគ្រប់គ្រង នៃអតីតសហភាពសូវៀត។ លោកនាយឧត្ដមសេនីយ៍ ត្រូវបានគេចោទប្រកាន់ ថាជា «អ្នកកាប់សម្លាប់ជនជាតិស៊ីរី» នៅក្នុងអំឡុងពេលយុទ្ធនាការ នៅក្នុងប្រទេសអាស៊ីខាងលិចមួយនេះ ក្រោមយុទ្ធសាស្ត្រដ៏ឃោរឃៅរបស់គាត់ ខណៈរុស្ស៊ី បានជួយដល់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) ដើម្បីឱ្យកម្ទេចក្រុមឧទ្ទាមងើបបះបោរ នៅក្នុងប្រទេសនេះ៕