រដ្ឋធានីគៀវ៖ ចាប់តាំងពីប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជាកម្លាំងយោធារបស់ខ្លួន ឲ្យវាយលុក ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន នោះមក ក៏មានប្រជាពលរដ្ឋ នៅជុំវិញពិភពលោក កាន់តែច្រើនឡើង ស្ម័គ្រចិត្តចុះឈ្មោះ ចូលធ្វើជាទាហាន ដើម្បីចូលរួមកៀកស្មាគ្នាជាមួយនឹងកម្លាំងការពារទឹកដីរបស់កងទ័ពក្រុងគៀវ ប្រយុទ្ធប្រឆាំងនឹងកម្លាំងឈ្លានពានរបស់ក្រុងមូស្គូ ដោយមានទាំងទាហានជើងចាស់ នៃសម័យសង្គ្រាមវៀតណាម-សហរដ្ឋអាមេរិក ផងដែរ។

សារព័ត៌មាន France 24 បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ថា មុនពេលចាកចេញ ពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ទៅចូលរួមធ្វើសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន នោះ ទាហានជើងចាស់សម័យសង្គ្រាមវៀតណាម-អាមេរិកាំង លោក ស្តេវ៉ែន ស្ត្រោប (Steven Straub) បានសាក់ពណ៌ខៀវ និងលឿង ជាទង់ជាតិរបស់ប្រទេសអឺរ៉ុងខាងកើតមួយនេះ នៅលើដៃរបស់គាត់ ដោយរួមជាមួយនឹងពាក្យថា «ត្រូវតែឲ្យអ៊ុយក្រែន មានសេរីភាព»។

ទាហានជើងចាស់សម័យសង្គ្រាមវៀតណាម-អាមេរិកាំង វ័យ៧៣ឆ្នាំ រូបនេះ បានទៅដល់ប្រទេសអ៊ុយក្រែន កាលពីអំឡុង ពាក់កណ្ដាលខែមីនា ខណៈកម្លាំងយោធារុស្ស៊ី កំពុងតែឡោមព័ទ្ធទីក្រុងធំៗ និង កំពុងតែវាយលុក រុលចូលទៅកាន់រដ្ឋធានីគៀវ។ បុគ្គលិកផ្នែកបច្ចេកទេសថែទាំ ចូលនិវត្តន៍រូបនេះ មកពីរដ្ឋផ្លរីដា (Florida) សហរដ្ឋអាមេរិក ក៏បានទទួលនូវការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ជាមួយនឹងឆ្មាំការពារជាតិអ៊ុយក្រែន នៅក្នុងរដ្ឋធានីគៀវ ចាប់តាំងពីពេលនោះមក។

លោក Steven Straub ពាក់អាវកាក់ការពារគ្រាប់កាំភ្លើង និង ពាក់មួកកីឡាបែបយោធាអាមេរិក បានអះអាងថា «នៅទីនេះ វាពិតជាមានភាពខុស ពីប្រទេសវៀតណាម»។ គាត់បានចំណាយពេល១៤ខែ នៅក្នុងប្រទេសវៀតណាម ដោយចាប់ផ្តើម ពីអំឡុងឆ្នាំ១៩៦៨ ក្នុងឋានៈជាពលទាហាន នៃកងពលថ្មើរជើង ដែលបានចូលរួមប្រយុទ្ធ នៅក្នុងសមរភូមិ Tet ។

ទាហានជើងចាស់ សម័យសង្គ្រាមវៀតណាម-អាមេរិក រូបនេះ បានបន្ដថា «អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល នៅទីនេះ គឺសីលធម៌។ មនុស្សគ្រប់គ្នា នៅទីនេះ មានសីលធម៌ខ្ពស់ណាស់។ វាពិតជាមិនគួរឱ្យជឿ ហើយវាខុសពីប្រទេសវៀតណាម។ នៅវៀតណាម ប្រជាជន ភាគច្រើនចាប់អារម្មណ៍ តែពីការស្វែងរកលុយកាក់តែប៉ុណ្ណោះ។ ដោយឡែក នៅទីនេះ ប្រជាជនអ៊ុយក្រែន មានទឹកចិត្តខ្លាំង ចង់ការពារសេរីភាព និង ការពារប្រទេសជាតិរបស់ពួកគេ»។

លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានអះអាងថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋ ជាង ២០ ០០០នាក់ មកពីប្រទេសជាង៥០ នៅជុំវិញពិភពលោក បានស័្មគ្រចិត្តចូលធ្វើទាហាន កៀកស្មាគ្នាជាមួយនឹងកងទ័ពអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងកម្លាំងឈ្លានពានរបស់រុស្ស៊ី៕