រដ្ឋធានីមូស្គូ៖ ក្រោយសង្គ្រាមឈ្លានពាន បានអូសបន្លាយពេល ជាងកន្លះខែ ហើយនៅតែមិនឃើញពន្លឺ នៃជ័យជម្នះ លើប្រទេសអ៊ុយក្រែន តាមអ្វីដែលក្រុងមូស្គូ ដេកស្រមើស្រមៃ តែបែរជាត្រូវហ៊ុមព័ទ្ធ ទៅដោយកញ្ចប់ទណ្ឌកម្មគ្រប់វិស័យ ពីមហាអំណាចបច្ចិមលោក នោះមក រុស្ស៊ី បានស្នើសុំចិន ឲ្យជួយផ្នែកយោធា ខណៈក្រុងវ៉ាស៊ីនតោន គំរាមកំហែងដល់ក្រុងប៉េកាំង អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត។

សារព័ត៌មានចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ថា មន្រ្ដីសហរដ្ឋអាមេរិក បានប្រាប់ដល់បណ្ដាញផ្សព្វផ្សាយ ថា រុស្ស៊ី បានស្នើសុំចិនឲ្យជួយខាងយោធា និង ផ្ដល់ជំនួយផ្សេងៗ ដើម្បីបញ្ចៀសនូវកញ្ចប់ទណ្ឌនានា ពីមហាអំណាចបច្ចិមលោក។ ប៉ុន្ដែស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានអះអាងថា ខ្លួនមិនបានដឹង អំពីសំណើរបស់ក្រុងមូស្គូ នោះឡើយ។

បើតាមសេចក្ដីរាយការណ៍នានា ពីបណ្ដាញផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា មន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ចិន នឹងប្រឈមមុខ អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត ប្រសិនបើក្រុងប៉េកាំង ផ្ដល់ជំនួយណាមួយដល់រុស្ស៊ី នៅក្នុងការគាំទ្រដល់សកម្មភាពឈ្លានពានរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន។

មន្រ្ដីសហរដ្ឋអាមេរិក សុំលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានប្រាប់ដល់បណ្ដាញផ្សព្វផ្សាយ ថា រុស្ស៊ី បានស្នើសុំឲ្យចិន ផ្ដល់ជំនួយយោធាដល់ខ្លួន ក្រោយពេលក្រុងមូស្គូ បានលើកកងទ័ព វាយលុក ចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះមក។ ការព្រមានរបស់ក្រុងវ៉ាស៊ីនតោន បានកើតឡើង ចំពេលមានជំនួបកំពូលមួយ រវាងមន្រ្ដីសន្ដិសុខជាតិសហរដ្ឋអាមេរិក និង មន្រ្ដីជាន់ខ្ពស់គោលនយោបាយចិន កំពុងធ្វើឡើង នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងរូម (Rome) ប្រទេសអ៊ីតាលី។

ដោយឡែក ក្រុងប៉េកាំង បានសម្តែងនូវការគាំទ្រនូវវោហារស័ព្ទយ៉ាងម៉ឺងម៉ាត់ សម្រាប់សម្ពន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួន ជាមួយនឹងក្រុងម៉ូស្គូ។ ប៉ុន្តែទោះជាយ៉ាងណា ចិនមិនបង្ហាញ ជាសាធារណៈ អំពីការផ្តល់កិច្ចគាំទ្រផ្នែកយោធា ឬសេដ្ឋកិច្ចណាមួយដល់ក្រុងមូស្គូ នោះឡើយ ចាប់តាំងពីរុស្ស៊ី បានចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន៕