រាជធានីតូក្យូ៖ ក្រោយពេល មហាអំណាចបច្ចិមលោក បានសម្រេច ដាក់ទណ្ឌកម្មលើមហាសេដ្ឋី និង ពាណិជ្ជករ ជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ី ជុំវិញសង្គ្រាមឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន នោះមក នៅពេលនេះ ជប៉ុនក៏បានប្រកាសពីការបង្កកទ្រព្យសម្បត្ដិដល់កំពូលអ្នកមានរុស្ស៊ី និង បេឡារុស ពាក់ព័ន្ធនឹងករណីដូចគ្នានេះដែរ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ថា ក្រសួងហិរញ្ញវត្ថុជប៉ុន បានប្រកាស នៅថ្ងៃអង្គារ ទី៨ ខែមីនា ថា ក្រុងតូក្យូ បានសម្រេចបង្កកទ្រព្យសម្បត្ដិរបស់មន្រ្ដី និង មហាសេដ្ឋីរបស់រុស្ស៊ី និង បេឡារុស ចំនួន៣២នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងសកម្មភាពឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

ជាមួយគ្នានេះ ក្រសួងហិរញ្ញវត្ថុជប៉ុន បានបញ្ជាក់ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា ជប៉ុននឹងហាមឃាត់ដល់ការនាំចេញគ្រឿងបរិក្ខារចម្រាញ់ប្រេង ទៅកាន់ប្រទេសរុស្ស៊ី និង ការនាំចេញបរិក្ខារនានា សម្រាប់ ក្រសួងការពារជាតិបេឡារុស ថែមទៀតផង។ ការបង្កកទ្រព្យសម្បត្តិនេះ នឹងត្រូវអនុវត្តតែលើក្រុមមន្ត្រី និង ក្រុមអភិជនរបស់រុស្ស៊ី ចំនួន២០នាក់ និង បេឡារុស១២នាក់។ ស្របគ្នាននេះ ក្រុងតូក្យូ ក៏នឹងបង្កកទ្រព្យសម្បត្ដិរបស់ក្រុមមន្ត្រីរុស្ស៊ី រួមមាន អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) និង មេដឹកនាំឆេកឆិនរុស្ស៊ី លោក រ៉ាមហ្សាន់ កាឌីរ៉ូវ (Ramzan Kadyrov) ផងដែរ៕