រដ្ឋធានីគៀវ៖ ចាប់តាំងពីប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងពិភពលោក ដែលធ្លាប់មានបទពិសោធន៍ខាងវិស័យយោធា សុំមកចូលរួមកៀកស្មាជាមួយនឹងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នោះមក មានអតីតយុទ្ធជន និង អ្នកស្ម័គ្រចិត្ត ប្រហែលជាង២ម៉ឺននាក់ បានចុះឈ្មោះ ដោយមានទាំងបុរសអាយុ៧៣ឆ្នាំ សុខចិត្តបូជាជីវិត ការពារទឹកដីរបស់ខ្លួន។

បើតាមបណ្ដាញទូរទស្សន៍ CNN បានផ្សាយថា បុរសជនជាតិ អ៊ុយក្រែន ម្នាក់ វ័យ៧៣ឆ្នាំ បានប្រាប់ដល់លោក ជីម ស្គុតតូ អ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ CNN ថា គាត់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបូជាសម្រាប់ប្រទេសអ៊ុយក្រែន។ បុរសវ័យចំណាស់រូបនេះ បានឈរតម្រង់ជួរ នៅក្នុងរដ្ឋធានីគៀវ ចុះឈ្មោះចូលធ្វើជាទាហានរបស់ប្រជាពលរដ្ឋ ដែលគេស្គាល់ថា ជាកម្លាំងការពារទឹកដី។

បុរសវ័យ៧៣ឆ្នាំរូបនេះ ក្លាយជាជនជាតិអ៊ុយក្រែន មួយរូប នៅក្នុងចំណោមប្រជាជនអ៊ុយក្រែន ជាច្រើន ស្ម័គ្រចិត្តចូលបម្រើ ក្នុងជួរកងទ័ព ដើម្បីការពារមាតុភូមិរបស់ពួកគេ វាយប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Interfax បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ថា លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ថា អតីតយុទ្ធជន និង អ្នកស្ម័គ្រចិត្ត ដែលមានបទពិសោធន៍ខាងវិស័យយោធា មកពីប្រទេសចំនួន៥២ នៅជុំវិញពិភពលោក នឹងមកដល់ប្រទេសអ៊ុយក្រែន នាពេលខាងមុខនេះ។ អ្នកស្ម័គ្រចិត្តទាំងនោះ នឹងកៀកស្មាគ្នាជាមួយកងទ័ពអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងកងទ័ពរបស់សហព័ន្ធន៍រុស្ស៊ី នៅក្នុងជួរកងពលអន្តរជាតិ។

លោករដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានបន្ថែមថា «ការកៀរគរប្រជាជន មកពីជុំវិញពិភពលោក ដើម្បីជួយប្រទេសអ៊ុយក្រែន នោះ មានការចាប់អារម្មណ៍ខ្លាំង ពីប្រជាជាតិនានា ។ ប៉ុន្ដែសម្រាប់ថ្ងៃនេះ មានអតីតយុទ្ធជន និង អ្នកស្ម័គ្រចិត្ត ដែលមានបទពិសោធន៍ មកពីប្រទេសចំនួន៥២ នឹងត្រូវបញ្ជូន មកដល់ប្រទេសរបស់យើង។ ដោយឡែក បំណងប្រាថ្នារបស់ពួកគេ ចង់បង្ហាញថា យើងមិនបានជួលពួកគេទេ យើងមិនជំរុញឲ្យពួកគេ តាមមធ្យោបាយណាមួយនោះឡើយ។ នេះជាការត្រៀមខ្លួន ដោយស្ម័គ្រចិត្តរបស់ពួកគេ សម្រាប់ការប្រយុទ្ធនឹងកងទ័ពរុស្ស៊ី។

លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន តាមបណ្ដាញអ៊ីនធើរណេត កាលពីថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០២២ ថា រហូតមកដល់ពេលនេះ អតីតយុទ្ធជន និង អ្នកស្ម័គ្រ ចំនួន២០ ០០០នាក់ បានដាក់ពាក្យសុំ ធ្វើជាទាហាន មកចូលរួមកៀកស្មាគ្នាជាមួយកងទ័ពអ៊ុយក្រែន ដើម្បីប្រយុទ្ធ ប្រឆាំងនឹងកងទ័ពរុស្ស៊ី។

ការស្ម័គ្រចិត្តរបស់ប្រជាជន ទាំងក្នុង និង ក្រៅប្រទេស ចូលមកធ្វើកងទ័ព ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ក្រុងមូស្គូ នោះ បានកើតឡើង ក្រោយពេលលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសសង្គ្រាមវាយលុក ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និង មានការអំពាវនាវពីលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំដល់ពិភពលោក មកជួយប្រទេសរបស់លោក ដើម្បីកៀកស្មាគ្នាជាមួយកងទ័ពរបស់ប្រទេសលោក តស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពារុស្ស៊ី៕