រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន បានចេញមុខ អះអាងថា ពួកគេបានវាយកាន់ទីក្រុង Chuhuiv នាភាគខាងកើតប្រទេស ដណ្ដើមពីរុស្ស៊ី យកមកគ្រប់គ្រងវិញ ក្រោយពេលទីក្រុងនេះ បានធ្លាក់ទៅ ក្រោមការគ្រប់គ្រង់របស់កងទ័ពក្រុងមូស្គូ។

សារព័ត៌មានអង់គ្លេស Daily Mail បានចេញផ្សាយ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា កម្លាំងការពាររបស់ខ្លួន បានរឹបអូសទីក្រុង Chuhuiv ពីកងទ័ពរុស្ស៊ី យកមកគ្រប់គ្រងវិញ។ ប៉ុន្ដែការវាយប្រយុទ្ធគ្នានោះ បានធ្វើឲ្យកងទ័ពរុស្ស៊ី រងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ហើយមេបញ្ជាការជាន់ខ្ពស់ចំនួន២នាក់របស់លោក វ៉្លាឌីមៀរ ពូទីន ក៏ត្រូវបានសម្លាប់ផងដែរ។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា ទីក្រុងយុទ្ធសាស្រ្ដ Chuhuiv ស្ថិតនៅចម្ងាយជិត៤០គីឡូម៉ែត្រ ពីទីក្រុងកាគីវ (Kharkiv) ហើយមានពលរដ្ឋ ៣១ ០០០នាក់រស់នៅ ។ ទីក្រុងយុទ្ធសាស្រ្ដមួយនេះ ក៏ជាគោលដៅទម្លាក់គ្រាប់បែកដ៏ខ្លាំង ពីកងទ័ពរុស្ស៊ី ប៉ុន្ដែឥឡូវទីក្រុងនេះ ត្រូវបានរំដោះ យកមកគ្រប់គ្រងវិញហើយ។

កងទ័ពអ៊ុយក្រែន បានអះអាងថា ការប្រយុទ្ធគ្នា នៅក្នុងទីក្រុង Chuhuiv បានធ្វើឲ្យមេបញ្ជាការកងទ័ពរុស្ស៊ី ចំនួន២នាក់ បាត់បង់ជីវិត រួមមាន លោកវរសេនីយ៍ឯក Dmitry Safronov មេបញ្ជាការកងពលតូចលេខ៦១ នៃកងម៉ារីនរុស្ស៊ី និង លោកវរសេនីយ៍ឯក Denis Glebov មេបញ្ជាការរង នៃកងពលតូចវាយប្រហារតាមផ្លូវអាកាសលេខ១១ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី៕