បរទេស៖ ក្រៅពីធនាគារធំៗ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា នៅក្នុងប្រទេសរុស្ស៊ី ដែលបានរងនូវទណ្ឌកម្មរួចហើយនោះ ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និង រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបន្ដដាក់ទណ្ឌកម្ម ទៅលើមហាសេដ្ឋីរុស្ស៊ី ជាច្រើននាក់បន្ថែមទៀត ដែលជាអ្នកជិតស្និទ្ធនឹងប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន ។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ថា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និង រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឆ្លើយតប ចំពោះសកម្មភាពឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ជាមួយនឹងទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតប្រឆាំងនឹងប្រទេសរុស្ស៊ី និងអ្នកជំនួញ ដែលជាមហាសេដ្ឋីរុស្ស៊ី ដោយគេយល់ថា ជាអ្នកជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។

លោក វ៉្លាឌីមៀរ ពូទីន បានព្រមានដល់សម្ពន្ធមិត្តបច្ចិមលោក អស់រយៈពេលជាច្រើនឆ្នាំ មកហើយថា ពួកគេគួរតែការពារខ្លួន គេចចេញពីវិធានការបែបនេះ ជាពិសេស ខណៈមានទំនាក់ទំនងកាន់តែជូរចត់ជាមួយប្រទេសអាមេរិក និង សហភាពអឺរ៉ុប ក្រោយការដាក់បញ្ចូលជាឧបទ្វីបគ្រីមៀ (Crimea) ជាឧបសម្ព័ន្ធ កាលពីឆ្នាំ២០១៤។

ដោយឡែក មហាសេដ្ឋីរុស្ស៊ី ដែលរងនូវទណ្ឌកម្ម ពីមហាអំណាចបច្ចិមលោកនោះ រួមមាន ទី១-លោក អាលីហ្ស៊ែរ អ៊ុយស្មាណូវ (Alisher Usmanov) មានទ្រព្យសម្បត្ដិ ប្រហែល ១៧,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាមនុស្សរបស់លោក ពូទីន ចូលចិត្តបំផុត, ទី២-លោក រ៉ូម៉ាន អាប្រាម៉ូវិច (Roman Abramovich) ម្ចាស់ក្លឹប Chelsea មានទ្រព្យសម្បត្ដិ ប្រហែល ១២,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក, ទី៣-លោក អូឡែក ដេរីប៉ាស្កា (Oleg Deripaska) មានទ្រព្យសម្បត្ដិ ប្រហែល៣ពាន់លានដុល្លារសហរដ្ឋអាមេរិក, ទី៤-លោក អ៊ីហ្គ័រ សេឈីន (Igor Sechin) មិនដឹងទ្រព្យសម្បត្ដិពិតប្រាកដ, ទី៥-លោក អាឡេហ្សេ មីលលើរ (Alexey Miller) មិត្ដភក្ដិរបស់លោក ពូទីន (មិនដឹងទ្រព្យសម្បត្ដិពិតប្រាកដ), ទី៦-លោក ភីយ៉ូត អេវេន (Pyotr Aven) មានទ្រព្យសម្បត្ដិ ប្រហែល ៤,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក និង ទី៧-លោក មីឃែល ហ្វីម៉ែន (MIkhail Fridman) មានទ្រព្យសម្បត្ដិ ប្រហែល ១២,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។ លោក Pyotr Aven និង លោក MIkhail បានរួមគ្នាបង្កើធនាគារ Alfa-Bank ដែលជាធនាគារដ៏ធំបំផុត នៅក្នុងប្រទេសរុស្ស៊ី៕