បរទេស៖ មន្រ្ដីគ្រប់គ្រងផ្នែកដឹកជញ្ជូន នៅតំបន់ភាគខាងត្បូង ចក្រភពអង់គ្លេស បានបដិសេធ ដល់នាវាដឹកហ្គាស ចំនួន២គ្រឿង របស់រុស្ស៊ី ចូលផ្ទេរឧស្ម័នធម្មជាតិរាវ ហើយបង្ខំឲ្យនាវាទាំងនោះ ធ្វើនាវាចរណ៍ទៅកាន់កន្លែងផ្សេង។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ថា នាវាដឹកហ្គាសចំនួន២គ្រឿងរបស់រុស្ស៊ី ឈ្មោះ Boris Vilkitsky និង Fedor Litke ត្រូវបង្វែរទិសដៅ ឲ្យចាកចេញពី Isle of Grain នាភាគខាងត្បូង ចក្រភពអង់គ្លេស ដែលជាកន្លែងនាំចូលឧស្ម័នធម្មជាតិរាវដ៏ធំបំផុត នៅតំបន់អឺរ៉ុប។

លោក Matt Lay ប្រធានផ្នែកថាមពល នៃសហភាពពាណិជ្ជកម្មអង់គ្លេស Unison បានអះអាងថា បុគ្គលិករបស់ខ្លួន «បានប្តេជ្ញាចិត្តគាំទ្រដល់ប្រជាជនអ៊ុយក្រែន និង គាំទ្រដល់ការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី»។

លោក Grant Shapps រដ្ឋមន្រ្ដីក្រសួងដឹកជញ្ជូន ចក្រភពអង់គ្លេស បានប្រកាស កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ថា ចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេ អនុម័តលើច្បាប់ដាក់បម្រាមដល់នាវាគ្រប់ប្រភេទ មានទំនាក់ទំនងណាមួយជាមួយនឹងរុស្ស៊ី ចូលសំចត នៅក្នុងកំពង់ផែរបស់ខ្លួន។ ច្បាប់របស់ក្រសួងដឹកជញ្ជូន បង្ហាញពីការគ្រប់គ្រង ទៅលើនាវាទាំងអស់ ដែលមានម្ចាស់ និង ប្រតិបត្ដិករ»។

អ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម ថាមពល និង យុទ្ធសាស្រ្ដឧស្សាហកម្ម បានបញ្ជាក់ ថា ទណ្ឌកម្មនេះ នឹងអនុវត្ត ចំពោះកប៉ាល់ ដែលជនជាតិរុស្ស៊ី ធ្វើជាម្ចាស់កម្មសិទ្ធិ, ប្រតិបត្តិការ គ្រប់គ្រង ចុះបញ្ជី ឬដាក់ទង់ជាតិរុស្ស៊ី៕