រដ្ឋធានីគៀវ៖ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន រហូតមកដល់ថ្ងៃទី៥ ខែមីនា នេះ កងទ័ពរុស្ស៊ី បានបាត់បង់ជីវិតរាប់ពាន់នាក់ ដោយមានទាំងមន្រ្ដីយោធាកំពូល២នាក់ផងដែរ។

កងទ័ពរុស្ស៊ី បានចាប់ផ្ដើមវាយលុក ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ក្រោយពេលលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចេញបញ្ជាឲ្យបើកប្រតិបត្ដិការយោធាទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ការធ្វើសង្គ្រាមវាយលុកទៅលើប្រទេសអ៊ុយក្រែន នោះ បានធ្វើឲ្យកងទ័ពរុស្ស៊ី ស្លាប់ជាច្រើនពាន់នាក់ ដោយមានឧត្តមសេនីយ៍កំពូលរបស់រុស្ស៊ី ផងដែរ។ ដោយឡែក កងទ័ពរុស្ស៊ី រាប់រយនាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ជាឈ្លើយសឹក។

សារព័ត៌មានអង់គ្លេស Daily Mail បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ថា មន្រ្ដីយោធាលោកខាងលិច បានអះអាងថា មេបញ្ជាការរុស្ស៊ី ចំនួន២នាក់ ត្រូវបានសម្លាប់ នៅក្នុងសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយពេលលោកឧត្ដមសេនីយ៍កំពូលម្នាក់ ត្រូវបានក្រុមបាញ់ស៊ីបរបស់អ៊ុយក្រែន បាញ់សម្លាប់។

លោកឧត្តមសេនីយ៍ទោ អង់ដ្រេ ស៊ូខូវេតស្គី (Andrey Sukhovetsky) អាយុ៤៧ឆ្នាំ មានតួនាទីជាមេបញ្ជាការរង នៃយោធភូមិភាគទី៤១ នៃបញ្ជាការដ្ឋានយោធាកណ្តាលរបស់រុស្ស៊ី ត្រូវបានក្រុមបាញ់ស៊ីបអ៊ុយក្រែន បាញ់សម្លាប់ កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅក្នុងទីក្រុង Hostome នាភាគខាងជើង រដ្ឋធានីគៀវ ខណៈកងកម្លាំងការពារជាតិអ៊ុយក្រែន បានវាយបកតបតនឹងការលុកលុយ ចូលឈ្លានពាន ពីសំណាក់កម្លាំងយោធារបស់រុស្ស៊ី។ ដោយឡែក មន្រ្ដីយោធាកំពូលម្នាក់ទៀត មិនទាន់មានប្រភពណាអះអាងពីឈ្មោះរបស់គាត់នៅឡើយ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រសួងការពារជាតិរុស្ស៊ី នៅមិនទាន់បានបញ្ជាក់ពីការស្លាប់របស់គាត់នៅឡើយ។ ប៉ុន្តែករណីនេះ មានការប្រកាស នៅលើបណ្តាញសង្គម ដោយសហការីរបស់គាត់ គឺលោក សឺហ្គេ ឈីពីលយ៉ូវ (Sergey Chipilyov) និង ត្រូវបានរាយការណ៍យ៉ាងទូលំទូលាយ ដោយសារព័ត៌មានរុស្ស៊ី និងអ៊ុយក្រែន ជាច្រើន។

បើតាមសេចក្ដីរាយការណ៍របស់យោធា បានបញ្ជាក់ថា លោកឧត្ដមសេនីយ៍ ត្រូវបានសម្លាប់ដោយក្រុមបាញ់ស៊ីបរបស់កងទ័ពអ៊ុយក្រែន។ ដោយឡែក ពិធីបុណ្យសពរបស់ឧត្តមសេនីយ៍រុស្ស៊ី ដែលបានស្លាប់ នៅក្នុងសង្គ្រាមអ៊ុយក្រែន ទំនងជានឹងប្រារព្ធធ្វើ នៅក្នុងប្រទេសរុស្ស៊ី នាថ្ងៃសៅរ៍ ទី៥ ខែមីនា។

សារព័ត៌មាន CDE បានចេញផ្សាយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ថា លោក អូឡេកស៊ីយ អារ៉េស្ដូវិច (Oleksiy Arestovich) ទីប្រឹក្សាយោធារបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡែនស្គី បានបញ្ជាក់ កាលពីថ្ងៃពុធ ទី២ ខែមីនា ថា កងទ័ពរុស្ស៊ី ជាង៧ ០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការចាប់ផ្ដើម ធ្វើសង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន។ ដោយឡែក ទាហានរុស្ស៊ី រាប់រយនាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ជាឈ្លើយសឹក ដោយរួមទាំងមន្រ្ដីយោធាជាន់ខ្ពស់ជាច្រើននាក់ ផងដែរ៕