រដ្ឋធានីមូស្គូ៖ ស្របពេល សង្គ្រាមឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាន់តែមានសភាពខ្លាំងក្លាឡើង ស្ថាប័នគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយរបស់រុស្ស៊ី បានសម្រេចបិទបណ្ដាញសង្គមហ្វេសប៊ុក ហើយថែមទាំងបានចោទ មកលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក មួយនេះ អំពីការរឹតត្បិត ដល់បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋរុស្ស៊ី ដោយលើកឡើង អំពី«ការរើសអើង» ចំនួន២៦ករណីថែមទៀតផង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ថា និយតករបណ្ដាញទំនាក់ទំនងរបស់រដ្ឋាភិបាលរុស្ស៊ី បញ្ជាក់ថា ស្ថាប័នជំនាញរបស់រុស្ស៊ី បានបិទបណ្ដាញសង្គម Facebook របស់ Meta Platforms Inc។ សកម្មភាពរបស់ក្រុងមូស្គូ ក៏ជាការឆ្លើយតបទៅនឹងអ្វីដែលរុស្ស៊ី បានអះអាងថា នេះជាការរឹតបន្តឹងដល់ការចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នៅលើ Platform របស់ហ្វេសប៊ុក បន្ទាប់ពីក្រុងម៉ូស្គូបានចូលលុកលុយ ឈ្លានពានទៅលើអ៊ុយក្រែន ដែលជាប្រទេសជិតខាង។

លោក Roskomnadzor និយតករបណ្ដាញទំនាក់ទំនងរបស់រុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ថា ក្រុមហ៊ុនហ្វេសប៊ុក មានការរើសអើង ចំនួន២៦ករណី ប្រឆាំងនឹងបណ្ដាញផ្សព្វផ្សាយរបស់រដ្ឋរុស្ស៊ី ចាប់តាំងពីខែតុលា ឆ្នាំ២០២០មក ដោយមានការរឹតបន្ដឹងដល់បណ្ដាញផ្សព្វផ្សាយគាំទ្រដោយរដ្ឋរុស្ស៊ី មានដូចជា RT និង ទីភ្នាក់ងារសារព័ត៌មាន RIA …ជាដើម។

ក្រុមហ៊ុនហ្វេសប៊ុក ក្នុងសប្តាហ៍នេះ បានអះអាងថា ខ្លួនបានរឹតបន្តឹងដល់ការចូលប្រើប្រាស់បណ្ដាញទីភ្នាក់ងារសារព័ត៌មាន RT និង Sputnik នៅទូទាំងសហភាពអឺរ៉ុប ហើយកំពុងតែលុបចោលមាតិកាជាសកល ចេញពីទំព័រ Facebook និង គណនី Instagram របស់បណ្ដាញផ្សព្វផ្សាយនានា គ្រប់គ្រងដោយរដ្ឋរុស្ស៊ី ក៏ដូចជា ការបង្ហោះ Link តភ្ជាប់ទៅកាន់បណ្ដាញផ្សព្វផ្សាយទាំងនោះ នៅលើ Facebook ថែមទៀតផង។

ក្រុងមូស្គូ កាលពីសប្តាហ៍មុន បានអះអាងថា ខ្លួនកំពុងតែកំណត់លើផ្នែកខ្លះ នៃការចូលប្រើ ប្រាស់ Facebook បន្ទាប់ពីក្រុមហ៊ុនអាមេរិកមួយនេះ បានបដិសេធសំណើរបស់រដ្ឋាភិបាល ដើម្បីបញ្ឈប់ការត្រួតពិនិត្យការពិត ដោយឯករាជ្យ នៃបណ្តាញសារព័ត៌មានរបស់រដ្ឋរុស្ស៊ី មួយចំនួន។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass កាលពីថ្ងៃទី៤ ខែមីនា បានរាយការណ៍ថា រុស្ស៊ី បានរឹតបន្ដឹងដល់ការប្រើប្រាស់បណ្ដាញសង្គម Twitter ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Twitter Inc មិនបានឆ្លើយតបភ្លាមៗ ជុំវិញការសុំការធ្វើអត្ថាធិប្បាយ ជុំវិញករណីនេះ។

លោក និក ក្លេក (Nick Clegg) ប្រធានកិច្ចការពិភពលោករបស់ក្រុមហ៊ុន Meta បានបញ្ជាក់ ថាក្រុមហ៊ុននឹងបន្ដធ្វើគ្រប់យ៉ាង ដែលខ្លួនអាចធ្វើឲ្យសេវាកម្មរបស់ក្រុមហ៊ុនល្អឡើងវិញ។

លោក Nick Clegg បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បង្ហោះនៅលើបណ្ដាញសង្គម Twitter ថា «ក្នុងពេលដ៏ឆាប់ៗនេះ ពលរដ្ឋសាមញ្ញរបស់រុស្ស៊ី រាប់លាននាក់ នឹងមើលឃើញថា ពួកគេត្រូវបានកាត់ផ្តាច់ ចេញពីព័ត៌មាន អាចទុកចិត្តបាន ដោយសារការដកហូតមធ្យោបាយប្រចាំថ្ងៃរបស់ពួកគេ នៅក្នុងការទំនាក់ទំនងជាមួយគ្រួសារ និង មិត្តភក្តិ ហើយវាជាការបិទមាត់ពួកគេ មិនឱ្យនិយាយចេញមកក្រៅ»៕