រដ្ឋធានីគៀវ៖ ក្រោយពេលវាយប្រហារយ៉ាងសន្ធាប់ គាំទ្រដោយគ្រាប់កាំភ្លើងផ្លោងនោះមក នៅទីបំផុត កងទ័ពរុស្ស៊ី បានចូលកាន់កាប់ស្ថានីយថាមពលនុយក្លេអ៊ែររបស់ប្រទេសអ៊ុយក្រែន ក្រោមការថ្កោលទោសពីសកម្មភាពបង្កគ្រោះថ្នាក់ដល់តំបន់អឺរ៉ុប។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ថា កងទ័ពរុស្ស៊ី បានបាញ់ផ្លោងស្រោច មកលើរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) ដែលជារោងចក្រនុយក្លេអ៊ែរ ដ៏ធំបំផុត នៅតំបន់អឺរ៉ុប ដោយបណ្ដាលឲ្យភ្លើងឆាបឆេះឡើយ។ ប៉ុន្ដែរហូតមកដល់ពេលនេះ រោងចក្រនោះ កំពុងតែធ្លាក់ក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី។

អាជ្ញាធរអ៊ុយក្រែន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ថ្វីត្បិតតែមានភ្លើងឆេះរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដោយសារការបាញ់ផ្លោង ពីកងទ័ពរុស្ស៊ី ក្ដី តែឥឡូវ វានៅមានសុវត្ថិភាព ហើយកម្រិតវិទ្យុសកម្ម គឺធម្មតានោះទេ។

ដោយឡែក មេដឹកនាំពិភពលោក បានចោទប្រកាន់រុស្ស៊ី ពីបទបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព នៃទ្វីបអឺរ៉ុបទាំងមូល។ ចំណែក ប្រធានាធិបតីអ៊ុយក្រែន ក៏បានចោទប្រកាន់រុស្ស៊ី ពីបទបង្ក «ភេរវកម្មនុយក្លេអ៊ែរ» ។ ជាមួយគ្នានេះ មេដឹកនាំពិភពលោក ក៏បានថ្កោលទោស ដល់កងទ័ពរុស្ស៊ ជុំវិញការវាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែរ នេះផងដែរ។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានជំរុញឱ្យក្រុងមូស្គូ បញ្ឈប់រាល់សកម្មភាពយោធារបស់ខ្លួន នៅជុំវិញទីតាំងរោងចក្រនុយក្លេអ៊ែររបស់ប្រទេសអ៊ុយក្រែននោះ ខណៈនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានថ្លែងថា «ការវាយប្រហារដ៏គួរឱ្យរន្ធត់» ពីកងទ័ពរុស្ស៊ី នេះ «ត្រូវតែបញ្ឈប់ជាបន្ទាន់»។

លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងថា ការវាយប្រហារ «ដោយមិនប្រុងប្រយ័ត្ននេះ» អាចនាំឲ្យមានការ «គំរាមកំហែងដោយផ្ទាល់ដល់សុវត្ថិភាពនៅតំបន់អឺរ៉ុបទាំងមូល»។ ស្របគ្នានេះ មេដឹកនាំទាំងបី រួមមាន ប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស និង កាណាដា ក៏បាននិយាយទូរស័ព្ទទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ជុំវិញសកម្មភាពរបស់រុស្ស៊ី វាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែរនេះ៕