រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលពិភពលោក និង បស្ចិមលោក កំពុងតែចោមរោម ដាក់ទណ្ឌកម្ម ទៅលើក្រុងមូស្គូ ជុំវិញការបញ្ជូនកងទ័ព វាយលុកចូលឈ្លានពាន មកលើប្រទេសអ៊ុយក្រែន នោះ ក្រុមហ៊ុនផលិតយន្ដហោះដ៏ធំបំផុតមួយរបស់ពិភពលោក បានសម្រេច កាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងរុស្ស៊ី។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ថា ក្រុមហ៊ុនប៊ូអ៊ីង (Boeing) របស់សហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃទី១ ខែមីនា ថា Boeing នឹងផ្អាករាល់ប្រតិបត្ដិការធំទាំងអស់ នៅក្នុងទីក្រុងមូស្គូ។ ជាមួយគ្នានេះ ក្រុមហ៊ុន នឹងមិនបានផ្ដល់ការគាំទ្របច្ចេកទេស ឬការជួសជុល ក៏ដូជា ការផ្ដល់គ្រឿងបន្លាស់ សម្រាប់យន្ដហោះរុស្ស៊ី នោះឡើយ។

អ្នកនាំពាក្យមួយរូបរបស់ក្រុមហ៊ុនប៊ូអ៊ីង បានបញ្ជាក់ថា ក្រុមហ៊ុន Boeing ផ្តោតលើការធានាសុវត្ថិភាពរបស់មិត្តរួមក្រុម នៅក្នុងតំបន់។ ក្រុមហ៊ុន កាលពីថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ បានបិទការិយាល័យរបស់ខ្លួន នៅទីក្រុងគៀវ (Kyiv) ហើយបានបញ្ឈប់ប្រតិបត្តិការបណ្តុះបណ្តាលអ្នកបើកបរយន្ដហោះ នៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។

សកម្មភាពរបស់ក្រុមហ៊ុនផលិតយន្ដហោះដ៏ល្បីល្បាញនៅលើពិភពលោករបស់អាមេរិកមួយនេះ ក៏បង្ហាញពីការប្រឆាំងជំទាស់នឹងសង្គ្រាមរបស់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន