រដ្ឋធានីវ៉ាស៊ីនតោន៖ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី បានសម្រេច បញ្ជាកងទ័ពរបស់ខ្លួន ឲ្យបើកប្រតិបត្ដិការទ្រង់ទ្រាយធំ វាយលុក ចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន កាលពីព្រឹកព្រលឹម ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះមក រហូតមកដល់ពេលនេះ ក្រុងវ៉ាស៊ីនតោន នៅតែមិនទាន់បានសម្រេចចិត្ត បញ្ជូនកងទ័ពរបស់ខ្លួន ឲ្យចូលពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពាននេះទេ ប៉ុន្ដែសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តយោធាណាតូ គ្រាន់តែបានបង្កើនសកម្មយ៉ាងខ្លាំង ផ្ដល់ជំនួយយុទ្ធោបករណ៍ទំនើបៗ មានតម្លៃរាប់រយលានដុល្លារ ជួយដល់ក្រុងគៀវ ដើម្បីការពារទឹកដីរបស់ខ្លួន។

សារព័ត៌មាន BBC បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងទៅកាន់សភា ថា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែមើលស្រាល ចំពោះការឆ្លើយតបរបស់បច្ចិមលោក ប្រឆាំងនឹងសង្គ្រាមឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។ សង្រ្គាមរបស់លោក ពូទីន ត្រូវបានគិតទុកជាមុន ហើយវាមិនមែនជាការបង្កហេតុនោះឡើយ។ ជាការឆ្លើយតបនឹងសកម្មភាពយោធារបស់ក្រុងមូស្គូ នោះ អង្គការណាតូ បានត្រៀមខ្លួនរួចជាសម្រេច ហើយពិភពលោកក៏បានរួបរួមគ្នា នៅក្នុងការឆ្លើយតប ចំពោះសង្គ្រាមនេះផងដែរ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានចាប់ផ្តើម ថ្លែងសុន្ទរកថា ទៅកាន់រដ្ឋសហភាពរបស់គាត់ ជាមួយនឹងកម្រិតយ៉ាងធ្ងន់ៗ ជុំវិញគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ លោក បៃដិន បានបញ្ជាក់ អំពីសកម្មភាពរបស់គាត់ និង ប្រទេសផ្សេងៗទៀត ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ជាមួយគ្នានេះ សេតវិមាន ក៏បានស្នើដល់សភា សម្រាប់ជំនួយសង្គ្រោះបន្ទាន់ ចំនួន៦,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក (ឬស្មើនឹង៤,៨ពាន់លានផោន លុយអង់គ្លេស) បន្ថែមទៀត សម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះ។

ទោះជាយ៉ាងណា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានសង្កត់ធ្ងន់ម្តងទៀតថា សហរដ្ឋអាមេរិក នឹងមិនបញ្ជូនទាហាន ទៅចូលពាក់ព័ន្ធនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នោះឡើយ។ ក្រុងវ៉ាស៊ីនតោន បានបញ្ជូនជំនួយ ជាច្រើន ទៅកាន់ប្រទេសអ៊ុយក្រែន រួមមាន ៖
-គ្រឿងយុទ្ធោបករណ៍ (គ្រឿងចម្បាំង) មានតម្លៃ ៣៥០លានដុល្លារ
-ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ ចំនួន៥៤លានដុល្លារ,
-ដកហូតធនាគាររុស្ស៊ី ចេញពីប្រព័ន្ធ Swift របស់ពិភពលោក
-រឹតបន្ដឹងធនាគារកណ្ដាលរុស្ស៊ី ចេញពីការការពារប្រាក់រូប្ល៍
-ចូលរួមជាមួយកម្លាំងសម្ពន្ធមិត្ត បង្កក និង រឹបអូសទ្រព្យសម្បត្ដិរបស់មហាសេដ្ឋីរុស្ស៊ី
-កាត់ផ្ដាច់ដែនអាកាសរបស់សហរដ្ឋអាមេរិក សម្រាប់យន្ដហោះ មានម្ចាស់ និង ប្រតិបត្ដិការដោយរុស្ស៊ី៕