រដ្ឋធានីញូវដេលី៖ ថ្វីបើសង្គ្រាមកំពុងតែផ្ទុះឡើងយ៉ាងសន្ធោរសន្ធៅ នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី លើកទ័ពឈ្លានពាន យ៉ាងណាក្ដី ប៉ុន្ដែក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ឥណ្ឌាកំពុងតែដើរលើផ្លូវការទូតយ៉ាងលំបាកបំផុត ជុំវិញវិបត្ដិ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ ដោយសារតែក្រុងដេលីព្យាយាមរក្សាតុល្យភាព នៃទំនាក់ទំនងរបស់ក្រុងញូវដេលី រវាងក្រុងមូស្គូ និង បច្ចិមលោក។

សារព័ត៌មាន BBC បានផ្សាយថា ក្រុងញូវដេលី បានចេញសេចក្តីថ្លែងការណ៍ ជាលើកដំបូង នៅក្នុងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (ហៅកាត់ UNSC) ដោយមិនបានបញ្ចេញឈ្មោះប្រទេសណាមួយ ដោយផ្ទាល់នោះទេ ប៉ុន្តែឥណ្ឌា បានបញ្ជាក់ថា ពិតជាមានការសោកស្តាយខ្លាំងណាស់ ដោយសារមានការអំពាវនាវ ពីសហគមន៍អន្តរជាតិ ដើម្បីផ្តល់ឱកាសការទូត និង កិច្ចសន្ទនា មិនត្រូវបានយកចិត្តទុកដាក់។

ទោះជាយ៉ាងណា ក្រុងញូវដេលី បានបញ្ឈប់នូវការរិះគន់ដល់ប្រទេសរុស្ស៊ី ហើយមុនពេល UNSC បានបោះឆ្នោត លើសេចក្តីព្រាងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសការឈ្លានពាននោះ ក្រុងដេលីបានប្រឈមមុខនឹងការអំពាវនាវ ពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន «ឱ្យធ្វើរឿងដ៏ត្រឹមត្រូវនេះ»។

អ៊ុយក្រែន និងរុស្ស៊ី ថែមទាំងបានចេញនូវការអំពាវនាវ ជាសាធារណៈ ទាមទារឱ្យក្រុងញូវដេលី ប្រកាន់ជំហរច្បាស់លាស់។ ឥណ្ឌាបានជ្រើសរើសនូវការមិនបោះឆ្នោត ប៉ុន្តែការអាន ដោយប្រុងប្រយ័ត្ននូវសេចក្តីថ្លែងការណ៍របស់ខ្លួន បង្ហាញ ថា ក្រុងញូវដេលី បានដើរទៅមុខមួយជំហានបន្ថែមទៀត និង ដោយប្រយោល បានស្នើឱ្យក្រុងម៉ូស្គូ គោរពតាមច្បាប់អន្តរជាតិ។

ឥណ្ឌា បាននិយាយ អំពីសារៈសំខាន់ នៃ «ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និង ការគោរព ចំពោះអធិបតេយ្យភាព និង បូរណភាពទឹកដី នៃរដ្ឋនីមួយៗ»។ ក្រុងញូវដេលី បានបន្ថែមទៀតថា «រដ្ឋជាសមាជិកទាំងអស់ ត្រូវតែគោរពគោលការណ៍ទាំងនេះ នៅក្នុងការស្វែងរកផ្លូវស្ថាបនាទៅមុខ»។

ការសម្រេចចិត្តរបស់ឥណ្ឌា នៅក្នុងការបដិសេធ បានចោទជាសំណួរយ៉ាងពិសេស នៅក្នុងប្រទេសបស្ចិមលោក អំពីថាតើលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក គួរមានជំហរច្បាស់លាស់ជាងនេះ ឬអត់?

លោក ជីអ៊ីន មីស្រ្ដា (JN Misra) អតីតអ្នកការទូតឥណ្ឌា បានបញ្ជាក់ថា «ឥណ្ឌាមានជម្រើសដ៏អាក្រក់ ហើយកាន់តែអាក្រក់ថែមទៀត ត្រូវរើសយក ទាំងលោកខាងលិច និង រុស្ស៊ី។ ឥណ្ឌា មិនបានដាក់ឈ្មោះប្រទេសណាមួយចំនោះទេ ដោយគ្រាន់តែបង្ហាញថា ខ្លួននឹងមិនប្រឆាំងជាមួយក្រុងមូស្គូ នោះទេ។ ឥណ្ឌាមានចំណុចរសើប នៅក្នុងការជ្រើសរើសយកភាគីតែម្ខាងៗ ហើយក្រុងញូវដេលីត្រូវតែធ្វើនោះទេ»។

ឥណ្ឌាមានហេតុផលជាច្រើន សម្រាប់ដំណើរស្វែងរកតុល្យភាពការទូត ជុំវិញប្រទេសអ៊ុយក្រែន។ រីឯសារៈសំខាន់បំផុត គឺទំនាក់ទំនងការទូត និង ការពារជាតិ ដែលឥណ្ឌាកំពុងតែសាកល្បង ពេលវេលាជាមួយក្រុងម៉ូស្គូ។

រហូតមកដល់ពេលនេះ រុស្ស៊ីនៅតែជាប្រទេសផ្គត់ផ្គង់យុទ្ធោបករណ៍ធំជាងគេ សម្រាប់ប្រទេសឥណ្ឌា បើទោះជាចំណែក នៃការផ្គត់ផ្គង់គ្រឿងសព្វាវុធរបស់រុស្ស៊ី បានធ្លាក់ចុះពី៧០ភាគរយ មកនៅត្រឹម៤៩ភាគរយ ដោយសារតែការសម្រេចចិត្តរបស់ឥណ្ឌា នៅក្នុងការធ្វើពិពិធកម្មផលបត្ររបស់ក្រុងញូវដេល និង ជំរុញការផលិតគ្រឿងសឹក នៅក្នុងស្រុក។ ជាមួយគ្នានេះដែរ រុស្ស៊ី កំពុងតែផ្គត់ផ្គង់យុទ្ធោបករណ៍ទំនើបៗដល់ឥណ្ឌា មានដូចជា ប្រព័ន្ធការពារកាំជ្រួច S-400 ជាប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រយ៉ាងសំខាន់ សម្រាប់ប្រឆាំងនឹងចិន ហើយ ប៉ាគីស្ថាន។ កត្ដាទាំងនោះ ជាហេតុផល ដែលក្រុងញូវដេលី បន្តបញ្ជាទិញគ្រឿងសឹកទំនើបៗ ពីរុស្ស៊ី បើទោះជាមានការគំរាមកំហែង ដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិក យ៉ាងណាក្ដី។

ជាងនេះទៅទៀត វាពិតជាមានការពិបាក សម្រាប់ក្រុងញូវដេលី នៅក្នុងការមើលរំលងប្រវត្តិសាស្ត្រ អស់រយៈពេលជាច្រើនទសវត្សរ៍ នៃកិច្ចសហប្រតិបត្តិការការទូតជាមួយរុស្ស៊ី លើបញ្ហាមួយចំនួន។ ក្រុងមូស្គូ ធ្លាប់បោះឆ្នោតវេតូ លើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNSC ជុំវិញជម្លោះជាមួយប៉ាគីស្ថាន នៅតំបន់កាស្មៀរ (Kashmir) នាពេលកន្លងមក ដើម្បីជួយឥណ្ឌា រក្សាសកម្មភាពជាបញ្ហាទ្វេភាគី។ ក្នុងបរិបទនេះ ឥណ្ឌា ហាក់ដូចជាកំពុងដើរ តាមយុទ្ធសាស្ត្រដ៏ល្បីល្បាញរបស់ខ្លួន នៅក្នុងការមិនចូលបក្សសម្ព័ន្ធ និង ការលើកកម្ពស់នូវការសន្ទនា ដើម្បីដោះស្រាយបញ្ហា។

ដោយឡែក លោក Michael Kugelman នាយករង នៃមជ្ឈមណ្ឌល Wilson មានប្រសាសន៍ថា ជំហររបស់ឥណ្ឌា មិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារឥណ្ឌាដើរស្របនឹងយុទ្ធសាស្ត្រអតីតកាលរបស់ខ្លួន។ ប៉ុន្ដែក្រុងញូវដេលី ហាក់ដូចជាមិនស្រួល នៅក្នុងចិត្ត ចំពោះអ្វីដែលកំពុងតែកើតមានឡើង នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែឥណ្ឌាទំនងជាមិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ។

លោក Michael Kugelman បានបន្ថែមថា «ឥណ្ឌាមិនអាចមានលទ្ធភាពធ្វើបាននោះទេ នៅពេលនេះ ដោយសារតែតម្រូវការការពារ និង ភូមិសាស្ត្រនយោបាយ។ ប៉ុន្ដែក្រុងញូវដេលី បានជ្រើសរើសពាក្យខ្លាំងៗមួយចំនួន នៅក្នុង UNSC ដើម្បីបង្ហាញថា ឥណ្ឌាមានអារម្មណ៍មិនស្រួលជាមួយនឹងស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ឥណ្ឌាក៏កំពុងតែពុះពារយ៉ាងលំបាក ដើម្បីជម្លៀសប្រជាពលរដ្ឋរបស់ខ្លួន ២០ ០០០នាក់ ភាគច្រើនជានិស្សិត ចេញពីប្រទេសអ៊ុយក្រែន ដែលកំពុងតែរងគ្រោះ ដោយសារការវាយប្រហារយ៉ាងសន្ធាប់ ពីកងទ័ពរុស្ស៊ី។

លោក អានីល ទ្រីហ្គុនីយ៉ាត (Anil Triguniyat) អតីតអ្នកការទូតឥណ្ឌា ធ្លាប់បម្រើការ នៅទីក្រុងមូស្គូ និង នៅប្រទេសលីប៊ី ជាកន្លែងដែលគាត់មើលការខុសត្រូវ លើការជម្លៀសពលរដ្ឋឥណ្ឌា ខណៈមានជម្លោះផ្ទុះឡើង កាលពីអំឡុងឆ្នាំ ២០១១ បានបញ្ជាក់ថា ការធានាសុវត្ថិភាព គឺជាការចាំបាច់។

លោក បានបន្ថែមថា «ស្ថានភាពបែបនេះ ឥណ្ឌាមិនអាចចាប់យកតែផ្នែកម្ខាង ដែលមានហានិភ័យ បង្កគ្រោះថ្នាក់ដល់សុវត្ថិភាពពលរដ្ឋរបស់ខ្លួននោះឡើយ។ ជាងនេះទៅទៀត ឥណ្ឌាកំពុងតែមើលឃើញរូបភាពរួម ពាក់ព័ន្ធនឹងការរក្សាបណ្តាញបើកចំហជាមួយមនុស្សគ្រប់គ្នា។ ក្នុងន័យនេះ ឥណ្ឌាកំពុងតែស្ថិតក្នុងទីតាំងពិសេសមួយ ដោយសារឥណ្ឌា ជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេសមួយចំនួន មានទំនាក់ទំនងល្អ ទាំងជាមួយក្រុងវ៉ាស៊ីនតោន និង ក្រុងមូស្គូ។

លោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា បានថ្លែងទៅកាន់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី និង លោក សូប្រាម៉ាន់យ៉ាម ចៃសានការ (Subrahmanyam Jaishankar) រដ្ឋមន្រ្ដីក្រសួងការបរទេសឥណ្ឌា សុំឲ្យមានការចរចាជាមួយមន្រ្ដីនានា នៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ចំណែក រូបលោកក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ផងដែរ។

លោក Triguniyat បានបន្ថែមថា បើក្នុងករណីបែបនេះ ឥណ្ឌាធ្វើបានល្អ នៅក្នុងការរក្សាបណ្តាញការទូត បើកចំហជាមួយភាគីទាំងពីរ។ ឥណ្ឌា មិនរិះគន់រុស្ស៊ី ដោយផ្ទាល់ទេ ប៉ុន្តែករណីនេះមិនមែនថា ឥណ្ឌាបើកភ្នែកមើលនូវការរងទុក្ខវេទនារបស់ប្រទេសអ៊ុយក្រែន នោះដែរ។ ឥណ្ឌាបានអនុវត្តយុទ្ធសាស្រ្ត ប្រកបដោយតុល្យភាព។ ឥណ្ឌាបាននិយាយអំពីបូរណភាពទឹកដី នៅក្នុង UNSC ហើយករណីនេះ មានន័យយ៉ាងច្បាស់ ដើម្បីបញ្ជាក់ អំពីស្ថានភាពរបស់ប្រទេសអ៊ុយក្រែន។

លោក Triguniyat បានបន្ដថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន និង សម្ពន្ធមិត្តអឺរ៉ុប បន្តដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើរុស្ស៊ី នោះ ឥណ្ឌាក៏អាចនឹងមានការលំបាក ធ្វើជំនួញជាមួយនឹងក្រុងម៉ូស្គូ បន្ដទៀតដែរ។ ដោយឡែក សហរដ្ឋអាមេរិក ហាក់យល់ អំពីជំហររបស់ឥណ្ឌា នាពេលនេះ ប៉ុន្តែឥណ្ឌាមិនមានការធានាថា ក្រុងញូវដេលី នឹងធ្វើយ៉ាងដូច្នេះបន្ដទៀតនោះដែរ។

លោក Triguniyat បានបន្ថែមទៀតថា នៅពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានសួរអំពីជំហររបស់ឥណ្ឌា គាត់មិនបានផ្តល់ចម្លើយច្បាស់លាស់នោះទេ។យើងនឹងមានការពិគ្រោះយោបល់ជាមួយឥណ្ឌា ជុំវិញបញ្ហាអ៊ុយក្រែន។ យើងមិនទាន់បានដោះស្រាយឱ្យបានពេញលេញនៅឡើយដែរ៕