ក្រុងហ្ស៊ឺណែវ៖ ប្រជាពលរដ្ឋស្វីស ធ្លាប់រស់នៅក្នុងសន្ដិភាព អស់រយៈពេលរាប់ទសវត្សរ៍ កន្លងមកហើយ តែពេលនេះ ពួកគេបានបង្ហាញអារម្មណ៍អាណិតអាសូរ ដល់ប្រជាជនអ៊ុយក្រែន ទើបនាំគ្នាធ្វើបាតុកម្ម នៅក្នុងទីក្រុង Bern ហើយធនាគារអព្យាក្រឹតរបស់ប្រទេសនេះ ក៏បានសម្រេចបង្កកទ្រព្យសម្បត្ដិរុស្ស៊ី រាប់សិបពាន់លានដុល្លារសហរដ្ឋអាមេរិកផងដែរ។

សារព័ត៌មាន CDE បានផ្សាយថា លោក អ៊ីណាហ្ស៊ីយ៉ូ កាសស៊ីស (Ignazio Cassis) ប្រធានាធិបតីស្វី បានបញ្ជាក់ថា វា«ទំនងណាស់» ថា ស្វីស ជាប្រទេសអព្យាក្រឹត នឹងធ្វើតាមសហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ ស្វីស នឹងសម្រេចការដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ី និង បង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅក្នុងប្រទេសមួយនេះ។

លោកប្រធានាធិបតី Cassis ផ្ដល់បទសម្ភាសន៍ តាមទូរទស្សន៍សាធារណៈរបស់ប្រទេសស្វីស RTS ជាភាសាបារាំង បានបញ្ជាក់ថា ក្រុមប្រឹក្សាសហព័ន្ធន៍ មានសមាជិក៧រូប នឹងជួបប្រជុំគ្នា នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ហើយត្រួតពិនិត្យឡើងវិញនូវអនុសាសន៍របស់នាយកដ្ឋានហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ អព្យាក្រឹតភាពរបស់ប្រទេសស្វីស ត្រូវតែរក្សា ហើយស្វីសត្រៀមខ្លួនជាស្រេច នៅក្នុងការផ្តល់ជូននូវការិយាល័យល្អៗរបស់ខ្លួន សម្រាប់ការទូត ប្រសិនបើកិច្ចពិភាក្សា រវាងមន្ត្រីអ៊ុយក្រែន និងរុស្ស៊ី នៅតាមព្រំដែនបេឡារុស មិនទទួលបានជោគជ័យ ឧទាហរណ៍ ដូចជា ការឈានដល់បទឈប់បាញ់…ជាដើម។

ស្របពេលការវាយប្រយុទ្ធគ្នា រវាងកងទ័ពអ៊ុយក្រែន និង កម្លាំងយោធារុស្ស៊ី កាន់តែមានសភាពខ្លាំងក្លាឡើង ប្រជាពលរដ្ឋស្វីស ប្រហែលជាង២០ ០០០នាក់ បាននាំគ្នាបាតុកម្ម នៅក្នុងទីក្រុង Bern ដើម្បីប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ ហើយគាំទ្រដល់ប្រទេសអ៊ុយក្រែន។

បើតាមទិន្នន័យរបស់ធនាគារជាតិស្វីស បង្ហាញថា នៅក្នុងឆ្នាំ២០២០ ប្រជាជនរុស្ស៊ី បានកាន់កាប់ជិត១០,៤ពាន់លានហ្វ្រង់ស្វីស (ឬស្មើនឹង ជាង១១,២៤ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងធនាគាររបស់ប្រទេសស្វីស៕