រាជធានីកង់បេរ៉ា៖ ក្រោយពេលសហភាពអឺរ៉ុប បានសម្រេចផ្ដល់ជំនួយគ្រឿងយុទ្ធោបករណ៍ មានតម្លៃជាង ៥៥៩លានដុល្លារសហរដ្ឋអាមេរិក ជួយដល់ប្រទេសអ៊ុយក្រែន នោះមក អូស្រ្ដាលី ក៏បានសន្យាផ្ដល់គ្រឿងសឹក និង ជំនួយមនុស្សធម៌ មានតម្លៃជាង១០០លានដុល្លារ ជួយដល់ក្រុងគៀវ ផងដែរ។

សារព័ត៌មាន The Sydney Mornig Herald បានចេញផ្សាយ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ថា លោក ស្កុត មូររីសុន (Scott Morrison) នាយករដ្ឋមន្ត្រីអូស្រ្ដាលី បានព្រមាន ថា រុស្ស៊ីទំនងជាមានការឆ្លើយតប «កាន់តែហិង្សា» ដោយសារការតស៊ូ ពីសហគមន៍អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន។ ជាមួយនឹងសកម្មភាពគាំទ្រដល់ក្រុងគៀវ នោះដែរ រដ្ឋាភិបាលរបស់លោក បានសន្យាផ្ដល់ជំនួយ ១០៥លានដុល្លារដល់អ៊ុយក្រែន សម្រាប់ការគាំទ្រផ្នែកការពារ និង មនុស្សធម៌។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់ នៅថ្ងៃទី១ ខែមីនា ថា ប្រទេសរបស់លោក នឹងផ្ដល់ជំនួយ ជាគ្រឿងយុទ្ធោបករណ៍ ទៅដល់ប្រទេសអ៊ុយក្រែន ដែលកំពុងប្រយុទ្ធតតាំង នៅក្នុងសង្រ្គាមជាមួយរុស្ស៊ី។ ជំនួយយោធារបស់អូស្ត្រាលី រួមមាន អាវុធប្រយុទ្ធ និងបរិក្ខារយោធាធម្មតា។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី បានបន្ថែមថា «យើងកំពុងជជែក អំពីមីស៊ីល និង សម្ភារសង្រ្គាម ហើយយើងកំពុងស្វែងរកការគាំទ្រ សម្រាប់ជួយដល់អ៊ុយក្រែន នៅក្នុងកាតព្វកិច្ចការពារទឹកដីរបស់ពួកគេ»៕