រដ្ឋធានីគៀវ៖ ស្របពេល កងទ័ពរុស្ស៊ី កំពុងតែបង្កើនការវាយប្រយុទ្ធយ៉ាងខ្លាំង នៅក្នុងសកម្មភាពឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន នោះ ពលរដ្ឋអ៊ុយក្រែន ទាំងប្រុសស្រី បានស្ម័គ្រចិត្តកាន់កាំភ្លើង ចូលសមរភូមិ ដើម្បីការពារទឹកដីរបស់ខ្លួន វាយប្រយុទ្ធនឹងពួកឈ្លានពាន។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យចូលរួមជាមួយនឹងកងទ័ព ដើម្បីការពារទឹកដី ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ ជាមួយនឹងការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល នោះ ពលរដ្ឋអ៊ុយក្រែន ទាំងប្រុស និងស្រី បានស្ម័គ្រចិត្តចូលធ្វើយោធា ដើម្បីការពារទឹកដីរបស់ពួកគេ។

អ្នកស្ម័គ្រចិត្តអ៊ុយក្រែន បានបញ្ជាក់ថា ពួកគេត្រូវតែត្រឡប់ទៅប្រទេសកំណើតវិញ ដើម្បីការពារ ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ហើយពួកគេក៏មានការសោកស្តាយ ចំពោះការផ្ទុះសង្គ្រាមនេះឡើង។

លោក Vladimir Pavluk អាយុ២៦ឆ្នាំ បានធ្វើជាអ្នកបើកបររថយន្ដតាក់ស៊ី នៅក្នុងប្រទេសប៉ូឡូញ បានបញ្ជាក់ ថា «យើងមានការរន្ធត់ចិត្តខ្លាំងណាស់ នៅពេលកងទ័ពរុស្ស៊ី បានទម្លាក់គ្រាប់បែក លើលំនៅឋាន និងប្រទេសរបស់យើង។ សង្គ្រាមបានចាប់ផ្ដើមផ្ទុះឡើងហើយ យើងត្រូវតែវិលត្រឡប់ទៅកាន់មាតុភូមិវិញ។ ខ្ញុំធ្លាប់ប្រយុទ្ធ ចន្លោះពីឆ្នាំ២០១៥ និង ២០១៩ ដូច្នេះខ្ញុំដឹងថា អ្វីត្រូវធ្វើហើយ។ ចំណែកមិត្តស្រីរបស់ខ្ញុំ ក៏ត្រូវទៅជាមួយគ្នាដែរ។

ចាប់តាំងពីរុស្ស៊ី បានបើកការវាយលុកឈ្លានពានដល់ប្រទេសអ៊ុយក្រែន នោះមក ពលរដ្ឋអ៊ុយក្រែន រាប់ពាន់នាក់ បានឆ្លងដែន នៅក្នុងប្រទេសរបស់ខ្លួនវិញ ដើម្បីចូលរួមជាមួយនឹងកងទ័ព វាយប្រយុទ្ធជាមួយនឹងពួកឈ្លានពាន៕